Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមាន​ផាកពិន័យ​លើ​ម្ចាស់​ភោជនីយដ្ឋាន​ណា​មិន​ព្រម​ដាក់ Menu ឱ្យ​ភ្ញៀវ​មើល និង​បញ្ជា​មន្ត្រី​ចុះ​ពិនិត្យ​ឱ្យបាន​មុន​ចូលឆ្នាំ​ខ្មែរ​

spot_img

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ព្រមាន​យ៉ាង​ដាច់អហង្កា​ថា ត្រូវតែ​ចាត់វិធានការ​តឹងតែង​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក៏ដូចជា​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ណា ដែល​នៅតែ​មិន​ព្រម​បិទ​បង្ហាញ​តម្លៃ​ទំនិញ​-​សេវាកម្ម ឬ​តារាង​តម្លៃ (Menu) ហើយ​ឯកឧត្តម​បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ និង​បញ្ជ្រាប​បញ្ហា​នេះ​ដល់​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ឲ្យបាន​មុនឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

​ការ​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់​បែបនេះ ត្រូវ​ធ្វើឡើង​ក្នុង​ឱកាស​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ ត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​២ ឆមាស​ទី​២ ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នា​ល្ងាច​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩​។​

​ក្នុងឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ​ពេក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ដោយ​ត្រូវ​បញ្ជ្រាប​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ ដាក់​បង្ហាញ​តារាង​តម្លៃ​លើ​មុខទំនិញ​-​សេវាកម្ម​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ និង​អាច​ទទួលយកបាន​។​

​លោក​បាន​បញ្ជាក់ថា «​យើង​មិន​អាច​កំណត់​ថ្លៃ​ជំនួស​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បាន​ទេ យើង​ផាក​តែ​អ្នក​ណា​អត់​សរសេរ​តម្លៃ មានន័យ​ថា យើង​អត់​ផា​ករឿង​ឡើងថ្លៃ ឬ​មិន​ឡើងថ្លែ​នោះទេ បើ​គេ​សរសេ​រហើយ អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​ថា តម្លៃ​ដែល​គេ​សរសេរ​នោះ​ត្រឹមត្រូវ ឬក៏​អត់ ហើយ​បើ​សមស្រប​ហើយ យើង​ទទួល​ស្គាល់​ឲ្យគេ​ដាក់ទៅ​»​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការជឿជាក់​ថា ការធ្វើ​បែប​នេះ​យូរៗ​ទៅ​ប្រាកដជា​ជំរុញ​ឲ្យ​អាជីវករ​ទាំងនោះ​ភ្ញាក់រឭក និង​ងាក​មក​អនុវត្ត​ត្រឹមត្រូវ​វិញ ពីព្រោះ​ការប្រកប​អាជីវកម្ម​របស់​ពួកគេ​មិន​មែន​តែ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ឯណា ពោល​គឺ​ពួកគេ​នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ហើយ​ពួកគេ​ក៏​ត្រូវការ​ភ្ញៀវ​ចូល​ច្រើន​ដែរ តែបើ​ថ្លៃ​ហួសហេតុ​ពេក ភ្ញៀវ​មិន​អាច​ទទួលយកបាន គេ​ក៏​ឈប់​ចូល​ដែរ​។​

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏​បាន​ដាស់តឿន​ជាថ្មី​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​យកចិត្ត​ទុក​លើ​បញ្ហា​សំរាម និង​បរិស្ថាន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​យុទ្ធនាការ «​គ្មាន​សំរាម​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​» ឲ្យបាន​ផុសផុល និង​ត្រូវ​ទប់ស្កាត់​ការ​ចោល​សំរាម​តាម​ទី​សាធារណៈ​ឲ្យមាន​ប្រសិ​ទ្ធភាព​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×