Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន កោតសរសើរ​រាជរដ្ឋាភិបាល​ដែល​បាន​ធ្វើឲ្យ​មាន​សុខុ​ដុមនីយកម្ម សាសនា និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​

spot_img

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា ក្នុង​វត្ត​ថ្មី​សិរី​សិក្ខា​រាម ហៅ​វត្ត តាអាំ ភូមិ​តាអាំ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​៦ ខែ​មេសា​ឆ្នាំ​២០១៩​នេះ​។

​នៅក្នុង​ឱកាស​នោះ​សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន​អគារ​រដ្ឋបាល សាលា មន្ទីរពេទ្យ ស្ពាន ផ្លូវ រួម​ទាំង​វត្ត​អារាម ដែល​បាន​បោះបង់​ចោល​ឬ​បំផ្លាញចោល នៅក្នុង​របប​អាវខ្មៅ​ជាង​៣​ឆ្នាំ​នោះ ត្រូវបាន​ស្តា កសាង​ឡើង​វិញ នៅ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ជីវភាព​ពលរដ្ឋ កាន់តែ​ភាពប្រសើរឡើង មានមុខ​របរ​សមរម្យ មាន​សិទ្ធ​សេរីភាព ក្នុង​ការគោរព​បូជា តាម​ជំនឿ​សាសនា នានា​នៅ​ទូទាំង​ប្រទេស​។ បច្ចុប្បន្ន​កម្ពុជា មាន​វត្ត​អារាម​នៅ​ទូទាំង​ប្រទេស សរុប​ប្រមាណ ជិត​ប្រាំ​ពាន់​វត្ត ។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល បាន​លើក​ស្ទួយ ព្រះពុទ្ធ សាសនា ដែលជា​សាសនា​របស់​រដ្ឋ និង​គាំទ្រ​ការ គោរព​ប្រតិបត្តិ​សាសនា​ផ្សេងៗ​ទៀត​ពោលគឺ​កម្ពុជា បាន​ផ្តល់​សិទ្ធិ​សេរីភាព​ជំនឿ និង​សាសនា យ៉ាង​ពេញ​លេញ​​ដល់​ពលរដ្ឋ​។ ទាំង​វត្ត​អារាម និង​វិហារ​សាសនា​ឯទៀតៗ ក្លាយ​ជា​មជ្ឈមមណ្ឌល ជីវភាព​ខាង​ស្មារតី ចូលរួម​ការអភិវឌ្ឍ អប់រំ​សង្គម ខាង​ផ្នែក​វប្បធម៌ សុខាភិបាល សង្គមកិច្ច និង​សីលធម៌​សង្គម ព្រមទាំង​ពង្រឹង​សុខុ​ដុមនីយកម្ម រវាង​គ្រប់​សាសនា រាំង​ស្កាត់​ការធ្វើ​អាជីវកម្ម​លើ​សាសនា ប្រឆាំង​ការរើសអើង បែងចែក ក្នុងចំណោម​ប្រជាជន​។ សម្តេច​បាន​គូសបញ្ជាក់ថា ជា​ការចាំបាច់​ណាស់ ដែល​ត្រូវ​ប្រែក្លាយ​សក្តានុពល​របស់​សាសនា​ទាំងអស់ ទៅ​ជា​កម្លាំង​សាមគ្គី​ដ៏​ខ្លាំងក្លា​ក្នុង​ការការពារ​សន្តិភាព ឯកភាព​ជាតិ និង​ជំរុញ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​សម្តេច​ប្រធានរដ្ឋសភា បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​របស់​រាជរដ្ឋាភិបាល​។ សម្តេច​បាន​លើកឡើង​ថា “​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ឆន្ទៈ​មុះមុត​របស់​រាជរដ្ឋាភិបាល ដែល​បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​និង​គ្រប់​ជ្រុងជ្រោយ ដោយ​បន្តបាន​នូវ​ការអភិវឌ្ឍ​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត មាន​ផ្លូវ ស្ពាន ប្រឡាយទឹក មន្ទីរពេទ្យ ន​សាលារៀន និង​វត្ត​អារាម​ជាដើម​”​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើង​បន្ត​ថា វត្ត​អារាម គឺ​ជា​ទីកន្លែង​ដ៏​មានតម្លៃ​មហាសាល សម្រាប់​រក្សា ការពារ​អត្តសញ្ញាណ​ជាតិ គម្ពីរ​សាស្ត្រា អក្សរសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌​របស់​ជនជាតិ​ខ្មែរ ឱ្យបាន​គង់វង្ស សិ្ថត​ស្ថេរ​ជា​រៀង​រហូត​មក​។ ចំណែក​ពុទ្ធិកសិក្សា​វិញ មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ ដោយ​យើង​បាន​បណ្ដុះបណ្ដាល​ព្រះសង្ឃ តាំងពី​ថ្នាក់​ធម្ម​វិន័យ ថ្នាក់​ពុទ្ធិកបឋមសិក្សា រហូតដល់​ថ្នាក់​ឧត្ដមសិក្សា និង​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា ថែមទៀត​ផង​។ ព្រះសង្ឃ ក៏​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការប្រណិបត្តិ អប់រំ ផ្សព្វផ្សាយ បង្រៀន​ប្រៀនប្រដៅ​ដល់​ពុទ្ធសាសនិកជន ឱ្យ​ចេះ​ធ្វើបុណ្យ ចែក​ទាន សន្សំ​កុសល ស្គាល់​ខុស​ស្គាល់​ត្រូវ ដឹងគុណ​ទោស ដឹង​ល្អ​អាក្រក់ ត្រូវ​ប្រកាន់ខ្ជាប់​តែ​អំពើ​ល្អ វារចាក​ផុតពី​អំពើ​បាប​ទាំងឡាយ​។​

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ព្រះគ្រូ​ចៅអធិការ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ប្រជា​ពុទ្ធ​បរិស័ទ្ធ​ទាំងអស់ ដែល​បាន​រួម​សាមគ្គី កសាង​សមិទ្ធផល​សំខាន់ៗ​ជាច្រើន នៅក្នុង វត្ត តាអាំ នេះ​ឡើង​ដើម្បី​ទុកជា​ស្រែ​បុណ្យ​ដល់​សង្គមជាតិ​រហូត​ទៅ​។ សមិទ្ធផល​ដែល​បាន​សម្ពោធ​នា​ឱកាស​នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការរួមចំណែក ក្នុង​អភិវឌ្ឍ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ឱ្យមាន​ភាព​សម្បូរបែប និង​កាន់តែ​មាន​ការរីកចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​។​

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នា​ឱកាស​នេះ សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​ធ្វើការ​អំពាវ​ដល់​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ផ្តល់​សេវាសាធារណ​ជូន​ពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​។​ចុះ​ឃ្លាំមើល​សុខទុក្ខ​ពលរដ្ឋ​គ្រប់ពេលវេលា​និង​ធ្វើ​ការដោះស្រាយ​បញ្ហា​ឲ្យមាន​ប្រសិទ្ធិភាព​។ សម្តេច​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ចេះ​ថែរក្សា​សុខភាព​គ្រប់ៗ​នៅក្នុង​រដូវក្តៅ​នេះ​។ សម្តេច​បាន​ជំរុញ​ឲ្យ​បង្កើត​ស្មារតី​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​រុក្ខជាតិ​ឱសថ ចូលរួម​ដាំ​ដុះ​ដើមឈើ​គ្រប់​ប្រភេទ រួម​ទាំង​រុក្ខជាតិ​ឱសថ​ធម្មជាតិ​តាម​វត្ត​អារាម​នានា ប្រែក្លាយ​បរិវេន​វត្ត​អារាម ជាឃ្លាំង​ឱសថ​សម្បូរបែប និង​បរិស្ថាន​ធម្មជាតិ​ល្អ​។​

​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពិសេស​យុវជន ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបើកបរ និង​គោរព​ច្បាប់​ចរាចរ ដើម្បី​ការពារ អាយុជីវិត ធ្វើយ៉ាងណា​កុំ​ឲ្យ​ឱកាស​ធ្វើ​បុណ្យ​ទាន សប្បាយរីករាយ ក្លាយជា​ទុក្ខ​។ សម្តេច​បាន​ផ្តាំផ្ញើ​ដល់ ពលរដ្ឋ​ពិសេស យុវជន​និង​កុមារ ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។ បញ្ហា​គ្រឿងញៀន នឹង​បំផ្លាញ​អាយុជីវិត គ្រួសារ និង​សង្គមជាតិ​៕​ ដោយ ៖ កូឡាប

         

spot_img
×