Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សេចក្តីថ្លែងការណ៍​ស្ដីពី លីកាដូ សំណូមពរ​ឱ្យ​ចាត់វិធានការ​ឱ្យបាន​ឆាប់ សម្រាប់​ម្ដាយ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាប់ពន្ធនាគារ​

spot_img

​ភ្នំពេញ​ ៖ ​អង្គការ​សម្ព័ន​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (​លីកាដូ​) នៅ​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ មាន​ខ្លឹមសារ​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការនារី ធ្វើការ​ពិនិត្យ​មើល​ស្ថានភាព​អ្នក​ជាប់​ពន្ធនាគារ​ជា​ស្ត្រី​ក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​។ តាមរយៈ​ប្រសាសន៍ និង​ការ​បង្ហោះ​នៅ​លើ​គណនេយ្យ​ហ្វេ​សប៊ុក​ផ្លូវការ សម្ដេច​បាន​មានប្រសាសន៍ថា អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា មានកូន​រស់​នៅ​ក្រៅ​ពន្ធនាគារ​ដោយ​គ្មាន​អ្នក​ជួយ​ផ្គត់ផ្គង់ និង​ត្រូវបាន​ឱ​ពុក​របស់​ពួកគេ​បោះបង់ចោល​។​

​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ សូម​សម្ដែង​ការគាំទ្រ​ចំពោះ​សេចក្ដីអំពាវនាវ​របស់​សម្ដេច ក្នុង​ការចាត់វិធានកា​រ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​តម្រូវការ​របស់​ស្ដ្រី​ក្នុង​ពន្ធនាគារ ជាពិសេស​ស្ថានភាព​អ្នក​ជាប់​ឃុំ​ដែល​ងាយ​រងគ្រោះ​ដូចជា ម្ដាយ​មាន​កូនតូច​នៅ​ជាមួយ និង​ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​ពន្ធនាគារ​។ បញ្ហា​នេះ គួរ​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការប្រើប្រាស់​វិធានការ​ផ្លូវច្បាប់​ដែល​មាន​ស្រាប់​ដូចជា ការផ្ដល់​អាទិភាព​សវនាការ​ចំពោះ​ស្ត្រី​ក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន និង​ការ​ពន្លឿន​ដំណើរការ​នៃ​ពាក្យបណ្ដឹ​ង​សុំ​នៅក្រៅ​ឃុំ​។​

​លីកាដូ ក៏​បាន​សរសេរ​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការនារី ដោយ​ធ្វើការ​សំណូមពរ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងនេះ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ស​ម្ដេច ក្នុង​ការចាត់វិធានកា​រ និង​ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​ចំពោះ​ស្ថានភាព​ស្ត្រី​ជាប់ពន្ធនាគារ​ក្នុងដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន​ដោយ​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់ ដែល​មាន​ស្រាប់​។​
​វិធានការ​ទាំងនេះ ត្រូវ​បាន​រៀបរាប់​លម្អិត នៅក្នុង​របាយការណ៍ ដែល​លីកាដូ​បាន​ចេញផ្សាយ កាលពី​ខែ​តុលា​ឆ្នាំ​២០១៨ ដោយ​មាន​ចំណងជើង​ថា “​ពេល​ដែល​ត្រូវ ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ បញ្ឈប់​ការឃុំខ្លួន​បណ្ដោះអាសន្ន​មិនចាំបាច់​” ដែល​បាន​បង្ហាញ​ពី​ស្ថានភាព​កុមារ​ម្ដាយ​របស់​ពួកគេ និង​ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវ​បាន​ជាប់​ឃុំ នៅក្នុង​ពន្ធនាគារ​កម្ពុជា​។​

​លីកាដូ បានចាប់ផ្ដើម​ឃ្លាំមើល​ស្ថានភាព​ពន្ធនាគារ​នៅ​កម្ពុជា តាំងពី​ឆ្នាំ ១៩៩៣ ហើយ​បច្ចុប្បន្ន​នេះ កំពុង​ឃ្លាំ​មើល​ពន្ធនាគារ​ចំនួន​១៨ ក្នុងចំណោម​ពន្ធនាគារ​សរុប ចំនួន​២៨ នៅ​កម្ពុជា​។ យោង​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កុមារ​អាយុ​ក្រោម​៣​ឆ្នាំ ត្រូវបាន​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​ជាមួយ​ម្ដាយ​របស់​ពួកគេ​ក្នុង​ពន្ធនាគារ​។ បច្ចុប្បន្ននេះ មាន​កុមារ​ចំនួន ១១៣​នាក់ និង ស្ដ្រី​មាន​ផ្ទៃពោះ​ចំនួន​៣៨​នាក់ កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ចំនួន​១៨ ដែល​លីកាដូ បាន​ធ្វើការ​ឃ្លាំមើល​។ វិបត្តិ​នេះ​កំពុងតែ​ធ្វើឱ្យ​មាន​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង ខណៈ​ចំនួន​កុមារ​ដែល​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​បាន​កើនឡើង​ស្ទើរតែ​ទ្វេដង ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៧ មក។​

កុមារ និង​ម្ដាយ​របស់​ពួកគេ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា​ខ្វះខាត​របប​អាហារ ទឹក​ប្រើប្រាស់ និង​បរិភោគ សម្លៀក​បំពាក់ និង​គ្រឿង​សម្អាត​អនាម័យ​ផ្សេងៗ​។ បញ្ហា​ទាំងនេះ គឺ​មាន​ស្ថានភាព អាក្រក់​ខ្លាំង ដោយសារ​ការប្រើប្រាស់​នីតិវិធី ឃុំខ្លួន​បណ្ដោះអាសន្ន​ច្រើន​ហួសហេតុ​ពេក និង​កង្វះខាត​នៃ​ការអនុវត្ត​នីតិវិធី​ផ្លូវច្បាប់​ដែល​មាន​ស្រាប់​ដូចជា​ពាក្យបណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជាដើម​។​
​របាយការណ៍​របស់​លីកាដូ​បាន​លើកឡើង​ពី​អនុសាសន៍​មួយចំនួន​ខាងក្រោម ដែល​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ដែល​សម្ដេច​បាន​មានប្រសាសន៍​។​

• អ្នក​ជាប់​ឃុំ​ទាំងអស់​ដែល​មាន​សិទ្ធិ គួរ​ត្រូវ​បាន​សាកសួរ​ថា​តើ អ្នក​ទាំងនោះ​ចង់​ស្នើសុំ​នៅក្រៅ​ឃុំ​ឬ​ទេ ជាពិសេស​ករណី​អ្នក​ជាប់​ឃុំ ដែល​ងាយ​រងគ្រោះ ដូចជា​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​មាន​កូន​តូច​នៅ​ជាមួយ និង​អនីតិជន​ជាដើម​។ វិធានការ​នេះ​នឹង​ជួយ​ធានា​ថា​ក្មេង​មិន​ចាំបាច់​ត្រូវ​រស់នៅ​ក្នុង​បន្ទប់​ឃុំឃាំង​តូចចង្អៀត ដែល​អាច​ប៉ះពាល់​ដល់​ការលូតលាស់​ផ្នែក​រាង្គ​កាយ និង​ស្មារតី​របស់​ពួកគេ​ទេ​។​

• គួរផ្ដល់​អាទិភាព​ចំពោះ​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​នៃ​ករណី​មួយចំនួន​របស់​អ្នក​ជាប់​ឃុំ ដែល​ងាយ​រងគ្រោះ ដូច​ជា​ស្ត្រី​មាន​ផ្ទៃពោះ​និង​ម្ដាយ​ដែល​មាន​កូន​តូច​នៅ​ជាមួយ​ដូចនេះ​ពួកគេ​មិនចាំបាច់​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​វែង និង​មិន​មាន​ពេលវេលា​កំណត​ជាក់លាក់​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ក្នុង​ករណី​កុមារ​អាយុ​លើសពី​៣​ឆ្នាំ ដែល​ពួកគេ​មិន​ចាំបាច់​ត្រូវ​បាន​បន្ត​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ ដូចនេះ​ពួកគេ​មិន​ត្រូវបាន​បង្ខំ​ឱ្យទៅ​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ​។ ដូច​គ្នា​ផង​ដែរ មាន​ឯកសារ​ដែល​បញ្ជាក់ថា ស្ត្រី​មាន​ផ្ទៃពោះ​មិន​បាន​ទទួល​ការថែទាំ​ទាំង​មុន​និង​ក្រោយ​ពេល​សម្រាលកូន​នោះទេ​។​

• ធានាថា ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​គួរ​ត្រូវបាន​ប្រើប្រាស់​ដោយ​សមស្រប​និង​ជា​ជម្រើស​ចុងក្រោយ ដោយ​អនុលោម​តាម​គោលការណ៍​សន្មត់​ថា​គ្មាន​ទោស​ដរាបណា​ជន​សង្ស័យ​មិនទាន់​ត្រូវបាន​កាត់ទោស​។​

• ធានាថា មុនពេល​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​គួរ​មាន​ការពិចារណា​ឱ្យបាន​សមស្រប​ដោយ​ផ្អែក​លើ​កាលៈទេសៈ​ផ្ទាល់ខ្លួន​នៃ​រាល់​បុគ្គល​ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​អនុលោម​តាម​កិច្ច​ការពារ​ផ្នែក​ច្បាប់ ជាពិសេស​ក្នុង​ករណី​នៃ​អ្នក​ជាប់​ឃុំ​ដែល​ងាយ​រងគ្រោះ​ដូច​ជា​ស្ត្រី​មាន​ផ្ទៃពោះ​និង​ម្ដាយ​មាន​កូន​តូច​ក៏​ដូចជា​អនីតិជន​ជាដើម​។​

• ធានាថា លក្ខខណ្ឌ​នៃ​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវ​នា​ការ ឆ្នាំ​២០១៤ គួរ​ត្រូវ​បាន​ប្រើប្រាស់​ត្រឹមត្រូវ ដោយ​ពន្យល់​ឱ្យបាន​ច្បាស់លាស់​អំពី​ហេតុផល​ណាមួយ​នៃ​ហេតុផល​ទាំង​៦ នៃ​ការអនុវត្ត​នីតិវិធី​ឃុំខ្លួន​បណ្ដោះអាសន្ន​ចំពោះ​ករណី និង​អំណះអំណាង​ដែល​មាន​ហេតុផល​ច្បាស់លាស់​មុន​ពេល​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​។​

• ធានាថា រាល់​បុគ្គល​ដែល​ត្រូវបាន​ចោទប្រកាន់​ទទួលបាន​សិទ្ធិ និង​កិច្ច​ការពារ​មុន​ពេល​សវនាការ​រួមមាន​ការទទួលបាន​កិច្ច​ការពារ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ទទួលបាន​ការជូន ដំណឹង​ត្រឹមត្រូវ​ពី​បទ​ចោទ​ចំពោះ​ពួកគេ​និង​ដឹង​ពី​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​និង​ទទួលបាន​សិទ្ធិ​នៅ​ក្រៅ​ឃុំ ក៏ដូចជា​សមត្ថភាព​ក្នុង​ការស្នើ​សុំ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ជាពិសេស​ក្នុង​ករណី នៃ​អ្នក​ជាប់​ឃុំ​ដែល​ងាយ​រងគ្រោះ​ដូច​ជា​អនីតិជន​ស្ត្រី​មាន​ផ្ទៃពោះ និង​ម្ដាយ​មាន​កូន​តូច​ជាដើម​។ ដំណើរការ​នៃ​នីតិវិធី​ទាំងនេះ គួរ​ត្រូវ​បាន​ពន្យល់​ឱ្យបាន​ច្បាស់លាស់ និង​អនុវត្ត​ឱ្យបាន​ទាន់​ពេលវេលា​។​

​លើសពីនេះ លីកាដូ​ក៏​សូម​ផ្ដល់​អនុសាសន៍​ឱ្យ​អគ្គព្រះរាជអាជ្ញា​ធ្វើការ​ផ្សព្វផ្សាយ​ពី​គោលការណ៍​ណែនាំ​ស្ដីពី​របៀប​ដែល​អាជ្ញាធរ​យុត្តិធម៌​និង​មន្ត្រី​តុលាការ​គួរ​ដោះស្រាយ​ចំពោះ​ករណី​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ម្ដាយ និង​ស្ត្រី​មាន​ផ្ទៃពោះ​ដើម្បី​ធានា​ថា​អ្នក​ទាំងនោះ​មិន​ត្រូវបាន​ឃុំ​ខ្លួន​ដែល​ធ្វើឱ្យ​កើនឡើង​នូវ​ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ពេល​អនាគត​។​

​សំណូមពរ​ខាងលើនេះ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ជាងគេ​ក្នុង​ការដោះស្រាយ​ស្ថានភាព​អ្នក​ជាប់​ឃុំ​ជា​ម្ដាយ​និង​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​សំណូមពរ​ទាំងនេះ​ក៏​ស្រប​ទៅនឹង​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ដើម្បី​ផ្ដល់​អាទិភាព​ចំពោះ​ស្ត្រី​មួយចំនួន​នៅក្នុង​ពន្ធនាគារ​ផងដែរ​។ នេះ​គឺជា​ក្ដីសង្ឃឹម​របស់​ស្ត្រី​មាន​ផ្ទៃពោះ​និង​ម្ដាយ​មាន​កូន​តូច​នៅក្នុង​ពន្ធនាគារ​ដែល​កំពុង​អនុវត្ត​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវ​នា​ការ​អាច​ទទួលបាន​សិទ្ធិ​នៅ​ក្រៅ​ឃុំ​ឬ​ក៏​ត្រូវបាន​ជំនុំជម្រះ​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×