Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ប្រដាល់​គុន​ខ្មែរ​ព្រមាន​ចាប់ផ្ដើម​ព្យាបាល​វះកាត់ ដើម្បី​ធានា​ការអភិវឌ្ឍ​កីឡា​គុន​ខ្មែរ​

spot_img

​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ភ្លាមៗ ក្រោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទម្លាយ​បញ្ហា​អសកម្ម​របស់​អាជ្ញាកណ្ដាល​ក្នុងការ​កាត់សេចក្ដី ដើម្បី​ធានា​ការអភិវឌ្ឍ​កីឡា​គុន​ខ្មែរ​ឲ្យ​កាន់តែ​រីកចម្រើន​។ ប្រមុខ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ធ្វើករ​ព្រមាន​ដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ដែល​បំ​
​ពេញ​ការងារ​មិន​សុ​ក្រិត ។​

លោក​ព្រមាន​ធ្ងន់ៗ​ថា​ការងារ​ផ្ទាល់ខ្លួន​របស់​មន្ត្រី​ម្នាក់ៗ​គឺជា​បន្ទាត់​វាស់​ឲ្យដឹង​ថា​តើ​ខ្លួន​មាន​សមត្ថភាព​ឬ​ក៏​​គ្មាន ហើយ​ខ្លួន​បំពេញ​ការងារ​ដោយ​យុត្តិធម៌​ឬ​មិន​យុត្តិធម៌ ? លោក​បញ្ជាក់ថា​លោក​មិន​បណ្ដេញ​នរណា​ចេញពី​សហ​​ព័ន្ធ​នោះទេ​តែ​បើ​មន្ត្រី​រូប​នោះ​បំពេញការងារ​ដោយ​មិន​ប្រក្រតី​នោះ​ក្រុមប្រឹក្សា​វិន័យ​របស់​សហ​ព័ន្ធ​នឹង​ចាត់ការ​រឿងនេះ​ ​ហើយ​បើ​ក្រុមប្រឹក្សា​វិន័យ​របស់​សហ​ព័ន្ធ​រកឃើញថា​មាន​កំហុស​ហើយ​តែ​មន្ត្រី​រូប​នោះ​នៅតែ​មិន​កែប្រែ​លោក​នឹង​ចាត់​​ការ​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ​ហើយ ។​

លោក​បន្តថា ពេលនេះ​លោក​ត្រូវតែ​កែទម្រង់​មន្ត្រី​បច្ចេកទេស​ឲ្យខាងតែបាន ។​ការផ្ដល់​ពិន្ទុ​មិន​ប្រក្រតី​តើ​មាន​អ្វី​​នៅ​ពីក្រោយ​ខ្នង​ទើប​គេ​ធ្វើបែបនេះ ។ ការផ្ដល់​ពិន្ទុ​មិន​យុត្តិធម៌​វា​មិនមែន​ជា​រឿង​អាម៉ាស់​របស់​មន្ត្រី​រូប​នោះ​តែ​ម្នាក់ឯង​​ទេ​តែ​ជា​រឿង​អាម៉ាស់​របស់​សហព័ន្ធ និង​ជាតិ​ទាំងមូល​នេះ​ប្រសិនបើ​ជា​ការប្រកួត​ជាមួយ​បរទេស ។​

ប្រមុខ​ប្រដាល់​គុន​ខ្មែរ​រូបនេះ ក៏​ព្រមាន​ដល់​គ្រូបង្វឹក​ចាស់ៗ​ដែល​តាំងខ្លួន​ឯង​ជា​ព្រឹទ្ធាចារ្យ​អង្គុយចាំតែ​ចាប់​កំ​​ហុស​គេ និង​បន្ទោស​ដល់​មន្ត្រី​ថ្មីៗ គ្រូ​ចាស់ៗ​ត្រូវតែ​ផ្ដល់​នូវ​បទពិសោធន៍​ដែល​ខ្លួន​មាន ដល់​មន្ត្រី​ថ្មីៗ ហើយ​មិន​ត្រូវ​តាំង​​ឬ​ក្សខ្លួន​ថា​ជា​ព្រឹទ្ធាចារ្យ​ឲ្យ​សោះ ។​ត្រូវ​ដឹង​ថា​សព្វថ្ងៃនេះ​មាន​មន្ត្រី​ថ្មីៗ​មួយចំនួន​មាន​សមត្ថភាព​ជាង​មន្ត្រី​ចាស់ៗ​ទៅ​​ទៀត ។ គ្រូ​ចាស់ៗ មន្ត្រី​ចាស់ៗ​ត្រូវតែ​បន្ថយ​អំណួត រីឯ​មន្ត្រី​ថ្មីៗ​ដែល​លេច​ចេញ​មកពី​កីឡាករ​ល្បីៗ​នោះ ក៏​មិន​ត្រូវ​ក្អេង​​ក្អាង​ដែរ ។​កន្លង​មក​មន្ត្រី​ខ្លះ​ពេល​សហព័ន្ធ​បញ្ឈរជើងរ​ត់​ទៅ​ពឹង​ទូរទស្សន៍ ។​ចាប់ពី​ពេលនេះ​ទៅ​ត្រូវ​លុបបំបាត់​ចេញ​នូវ​​វប្បធម៌​បែបនេះ​បើ​មាន​កំហុស​ត្រូវ​តែ​ទទួល​ការព្រមាន​ហើយ​បើ​ធ្ងន់ធ្ងរ ឬ មិន​ព្រម​កែ​ខ្លួន​នឹង​ត្រូវ​បណ្ដេញចេញ​ពី​ការ​​ងារ​របស់​សហព័ន្ធ​តែម្ដង ។​

​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​សហព័ន្ធ​កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា​។​

​លោក​ថា ចាប់ពី​ពេល​នេះ​សហព័ន្ធ​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​ព្យាបាល​វះកាត់ ដើម្បី​ជៀសវាង​ផលប៉ះពាល់​ដល់​ការអភិវឌ្ឍ​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ លោក បាន​ទទួលស្គាល់ថា ការអនុវត្ត​ការងារ​របស់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ពិតជា​មាន​បញ្ហា​ពិតមែន រហូត​ពេលខ្លះ​អ្នកឈ្នះ​ទៅ​ចាញ់ អ្នកចាញ់​ទៅ​ជា​ឈ្នះ​ក៏​មាន​។ ដូច្នេះ​ការងារ​នឹង​ត្រូវ​កំណត់​ពួក​គេ​គួរ​បន្ត​នៅ ឬ​អត់ តាម​ការអនុវត្ត​ជាក់ស្ដែង​របស់​ពួកគេ​។ លោក តែម ម៉ឺន បាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​យកមក​អនុវត្ត​ក្នុង​សហព័ន្ធ ដោយ​លោក ប្ដេជ្ញា​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​បំផុត​។ ម​ម្យ៉ាងវិញទៀត​លោក ក៏​បាន​សម្ដែង​ការ​សូមទោស​ចំពោះ​សម្ដេច​តេជោ សម្រាប់​អាជ្ញាកណ្ដាល​មួយចំនួន​ដែល​អនុវត្ត​ការងារ មិន​អាច​ទទួលយកបាន និង​បាន​ព្រមាន​មន្ត្រីក្រោមឱវាទ​ថា កុំ​ស្មាន​ខ្លួន​ធ្វើ​អ្វី​ថ្នាក់ដឹកនាំ​មិនដឹង ហេតុ​នេះ​បើ​ដឹង​ខ្លួន​ត្រូវ​ប្រញាប់​កែតម្រូវ​ជាបន្ទាន់​។​

​សូម​រំលឹក​ថា ក្នុង​ពិធី​ជួបជុំ​មហា​គ្រួសារ​កីឡា​ជាតិ​លើក​ទី​៤ កាលពី​សប្ដាហ៍​មុន សម្ដេច​តេជោ ហ៊ុន សែន បាន​ទម្លាយ​នូវ​ភាព​អសកម្ម​មួយចំនួន ដែល​កើតឡើង​ក្នុង​វិស័យ​កីឡា​ពិសេស​កីឡា​ប្រដាល់ ដោយ​អាជ្ញាកណ្ដាល​បាន​ផ្ដល់​ពិន្ទុ​មិន​យុត្តិធម៌ តាម​សង្វៀន​ស្ថានីយ​ទូរទស្សន៍​មួយចំនួន ដែល​ធ្វើឲ្យ​កីឡា​ករបាក់​ទឹកចិត្ត និង​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទៀតផង ដោយសារ​កីឡាករ​បរទេស​ខ្លះ​មិន​វៃ​ត្រូវ​ឈ្នះ បែរ​ជា​ឲ្យ​ចាញ់​ទៅវិញ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ត្រូវបាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ប្រាប់​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​បណ្ដុះបណ្ដាល និង​ក្រមសីលធម៌​នៃ​អាជ្ញាកណ្ដាល បើ​មិន​ព្រម​កែប្រែ​ទេ សម្ដេច​នឹង​ចេញ​មុខ​ដោះស្រាយ​ជូន​កីឡាករ​ដែល​រង​នូវ​អំពើ​អយុត្តិធម៌​។ សម្ដេច​អះអាង​ថា មិន​កាន់ជើង​កីឡាករ​ខ្មែរ ហើយក៏​មិន​កាន់ជើង​កីឡាករ​បរទេស តែ​ទូរទស្សន៍​ខ្លះ​ទាល់តែ​កីឡាករ​ខ្មែរ​វៃបរទេស​ដួល​បាន​ឲ្យ​ឈ្នះ ឯ​ទូរទស្សន៍​ខ្លះ​ទាល់តែ​កីឡាករ​បរទេស​វៃ​ខ្មែរ​ដួល បាន​កីឡាករ​បរទេស​ឈ្នះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×