Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​៖ សារមន្ទីរ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែល​បង្ហាញ​ពី​សាវតា​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ សារមន្ទីរ​នេះ​បាន​បង្ហាញ​យ៉ាង​លម្អិត ពី​ការកសាង​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល និង​សមិទ្ធផល​សំខាន់ៗ​ក្នុង​រយៈពេល ៤​ទសវត្សរ៍​ចុងក្រោយ​នេះ បន្ទាប់​ពី​ការអនុវត្ត​ដោយ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សុខដុម​នីយកម្ម​សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​មោទនភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​

​នៅ​ថ្ងៃ​ចន្ទ ៣​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែលជា​សារមន្ទីរ​បង្ហាញ​អំពី​សាវតា​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ខ្មែរ​តាំងពី​សម័យកាល​ហ្វូណន​។ ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​មកពី​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ធានា​គារ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​មកពី​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ផងដែរ​។​

​តាម​របាយការណ៍​របស់ លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា គម្រោង​សាងសង់​អគារ​សារមន្ទីរ ត្រូវបាន​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​២០១២ បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ សារមន្ទីរ​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​យោង​ទៅតាម​រូបិយវត្ថុ ដែល​បាន​បោះ​ផ្សាយ និង​ត្រូវបាន​ប្រើប្រាស់​នា​ពេលកន្លងមក​។ សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» មាន​ពិព័រណ៍​ចំនួន ១២​ម៉ូឌែ​ល ដែល​ពិពណ៌នា​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​រំលេច​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ក្នុង​សម័យ​ហ្វូណន រហូតដល់​បច្ចុប្បន្ន​។ ផ្នែក​ខាង​ក្នុងនៃ​សារមន្ទីរ មាន​ភាពទំនើប និង​ត្រូវបាន​បំពាក់​ដោយ​ភាពយន្ត​ឯកសារ ល្បែង​កម្សាន្ត និង​ផ្ទាំង​ប៉ះ (Touch Screens) ដែល​ផ្តល់​នូវ​ភាព​រីករាយ និង​ចំណេះដឹង​ដល់​សាធារណជន​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សារមន្ទីរ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែល​បង្ហាញ​ពី​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ខ្មែរ​តាំងពី​សម័យ​ហ្វូណន​នាពេលនេះ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ធានា​គា​ជាតិ​នៃ​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​ដ៏ទៃទៀត​ដែល​បាន​ចូលរួម​ក្នុង​ការកសាង​នូវ​សារមន្ទីរ​ដ៏​មាន​សារសំខាន់​នេះ​។ ជាមួយគ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ផងដែរ​ដល់​ក្រុម​ស្ថាបនិក និង​ក្រុម​អ្នកស្រាវជ្រាវ ទាំង​ជាតិ អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​ការស្រាវជ្រាវ និង​ប្រមែប្រមូល​ឯកសារ និង​រូបី​យ​វត្ថុ​របស់​កម្ពុជា​តាំងពី​សម័យ​មុនៗ​មក ដើម្បី​ដាក់​បង្ហាញ​នៅក្នុង​សារមន្ទីរ​មួយ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការកសាង​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ “​ព្រះ​ស្រី​ឦសាន​វរ្ម័ន​” នេះ នឹង​រួម ចំណែក​យ៉ាង​សំខាន់​ទៅ​ដល់​ការស្វែងយល់ ពី​ប្រវត្តិ​រឿងរ៉ាវ​នៃ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ខ្មែរ ដែល​មិនសូវមាន​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​លើកយក​មក​បង្ហាញ​ឲ្យបាន​ក្បោះក្បាយ​ឡើយ​។ លើសពី​នេះ​សារមន្ទីរ​នេះ​បាន​បង្ហាញ​យ៉ាង​លម្អិត ពី​ការកសាង​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល និង​សមិទ្ធផល​សំខាន់ៗ​ក្នុង​រយៈពេល ៤​ទសវត្សរ៍​ចុងក្រោយ​នេះ បន្ទាប់​ពី​ការអនុវត្ត​ដោយ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សុខដុម​នីយកម្ម​សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​មោទនភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​។ តាមរយៈ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​នេះ​នឹង​បាន​ចូលរួមចំណែក​កាន់តែ​សកម្ម ក្នុង​បុព្វហេតុ ពង្រឹង​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យបាន​យល់​កាន់តែ​ច្បាស់​អំពី​ប្រ​វត្តិ​រូបិយវត្ថុ​កម្ពុជា នៅ​គ្រប់​សម័យកាល ជាពិសេស​ដើម្បី​លើកស្ទួយ​ប្រាក់​រៀល​កម្ពុជា តាមរយៈ​ការប្រើប្រាស់​ប្រាក់​រៀល​ឲ្យបាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស សំដៅ​ពង្រឹង​អត្តសញ្ញាណ​ជាតិ និង​អធិបតេយ្យ​ជាតិ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​សូមឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ចូលរួម​ថែរក្សា​កេរដំណែល និង​ប្រមែប្រមូល​នូវ​រាល់​វត្ថុតាង​ពាក់ព័ន្ធ​នឹង​រូបិយវត្ថុ​នានា​សម្រាប់​ដាក់​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​នេះ​។ ទន្ទឹម​នេះ​ត្រូវ​បន្ត​អភិវឌ្ឍ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ នេះ​ឲ្យបាន​រីកចម្រើន​ជា​បន្តបន្ទាប់ តាមរយៈ​ការបង្ក​បរិយាកាស​ឲ្យ​យុវជន​កម្ពុជា បាន​មក​ទស្សនា​ឲ្យបាន​ទូលំទូលាយ​ដើម្បី​សិក្សា​ស្វែង​យល់​ស្រាវជ្រាវ​អំពី​ប្រវត្តិ និង​តួនាទី​រូបិយវត្ថុ​កម្ពុជា​សំដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​ការពារ​នូវ​អធិបតេយ្យ​ជាតិ​យើង​អោយ​បាន​គង់​វង់​៕​ ដោយ​៖​កូឡាប​

 

spot_img
×