Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ធនាគារ​កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា មាន​លក្ខណៈ​បើកទូលាយ ហើយ​មាន​សមាហរណកម្ម​ខ្ពស់ ទៅ​ក្នុង​តំបន់​

spot_img

​ភ្នំពេញ​ ៖ ​ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើង​ថា​​វិស័យ​ធនាគារ​កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា មាន​លក្ខណៈ​បើកទូលាយ ហើយ​មាន​សមាហរណកម្ម​ខ្ពស់​ទៅ​ក្នុង​តំបន់ ដោយ​បច្ចុប្បន្ន គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មកពី​ប្រទេស​ក្នុង​តំបន់​ភាគច្រើន​មាន​វត្តមាន​នៅ​កម្ពុជា​។​

​នា​ថ្ងៃ​សុក្រ ១​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៩ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន លើក​ទី​១៥ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន លើក​ទី​៥ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។ កិច្ចប្រជុំ​ជាន់ខ្ពស់​កម្រិត​តំបន់​នៃ​វិស័យ​ហិរញ្ញវត្ថុ​នេះ មាន​គោលបំណង​ពិនិត្យ​និង​ពិភាក្សា​លើ​វឌ្ឍនភាព​សមាហរណកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់ ស្រប​តាម​គោលដៅ​នៃ​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០២៥​។​

​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ដើរតួនាទី​គន្លឹះ​មួយ​ក្នុង​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន បាន​ចូលរួម​ពង្រឹង​សមាហរណកម្ម​វិស័យ​ធនាគារ និង​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ក្នុង​តំបន់​។ វិស័យ​ធនាគារ​កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា មាន​លក្ខណៈ​បើកទូលាយ ហើយ​មាន​សមាហរណកម្ម​ខ្ពស់​ទៅ​ក្នុង​តំបន់ ដោយ​បច្ចុប្បន្ន គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មកពី​ប្រទេស​ក្នុង​តំបន់​ភាគច្រើន​មាន​វត្តមាន​នៅ​កម្ពុជា​។ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងនេះ បាន​នាំមក​នូវ​មូលធន​និង​បច្ចេកវិទ្យា ដែល​ផ្តល់​បរិយាកាស​អំណោយផល​ដល់​ការអភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។ ម្យ៉ាងទៀត កម្ពុជា បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​របស់​ខ្លួន​ជាមួយ​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​។ បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា​ទំនើប រួមមាន​ប្រព័ន្ធ QR Code ជាមួយ​ប្រទេស​ក្នុង​តំបន់ ដូចជា​ប្រទេស​ថៃ ជាដើម​។ ការទូទាត់​តាម​ប្រព័ន្ធ QR Code នឹង​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​ទូទាត់ ឱ្យមាន​សុវត្ថិភាព និង​ចំណាយ​ទាប​សមរម្យ​។​

​នៅ​ឆ្នាំ​២០១៩​នេះ ប្រទេស​ថៃ​បានជ្រើសរើស​ប្រធានបទ​សំខាន់ ស្តីពី ការជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព (Advancing Partnership for Sustainability) ក្នុង​គោលបំណង​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការតភ្ជាប់​ចីរភាព និង​ភាព​ធន់ ដែល​ជា​កត្តា​ចម្បង​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​។​

​ជារួម អង្គប្រជុំ​បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ក្នុងការ​ធ្វើ​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន​ចាប់តាំងពី​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​កាល​ពី​ឆ្នាំមុន នៅ​ប្រទេស​សិង្ហបូរី ជាពិសេស លើ​ការបង្កើន​សេរីភាវូបនីយកម្ម​សេវា​ហិរញ្ញវត្ថុ​, ការសម្រួល​ការវិនិយោគ​និង​ពាណិជ្ជកម្ម​, ការតភ្ជាប់​សេវា​, ការទូទាត់​និង​ហិរញ្ញប្បទាន​, ការផ្តល់​ហិរញ្ញប្បទាន​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​, ការផ្តល់​ហិរញ្ញវត្ថុ​ជាមួយ​ការការពារ​បរិស្ថាន​, ការលើកកម្ពស់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ​, ការផ្តល់​ហិរញ្ញប្បទាន​គ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​, ការពង្រឹង​ភាព​ធន់​ទៅ​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​ការគ្រប់គ្រង​ទ្រព្យសកម្ម​ឌីជីថល​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×