Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍​ ៖ ភ្នំ​គូលែន​នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍​វប្បធម៌​ធម្មជាតិ ដ៏​ទាក់ទាញ​ថ្មី ដែល​មាន​ស្ដង់ដា​ត្រឹមត្រូវ​

spot_img

(​សៀមរាប​) ៖ ក្រសួង​ទេសចរណ៍ មាន​គម្រោង​ជំរុញ​ការរៀបចំ​តំបន់ភ្នំ​គូលែន​ទៅជា «​តំបន់​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» រួមទាំង «​ទេសចរណ៍​ផ្សង​បែប​ផ្សងព្រេង​» ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​នៅ​ខេត្ត​សៀមរាប​-​អង្គរ ដើម្បី​បំពេញ​តម្រូវការ​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​ដើម្បី​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ជំរុញឱ្យមាន​ការបង្កើត​ផលិត ផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​។​

​ជា​ពិតណាស់ តំបន់ភ្នំ​គូលែន​នៃ​ខេត្ត​សៀមរាប មាន​សក្ដានុពល​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​រួចទៅហើយ ហើយក៏​មាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ជាច្រើន​ផងដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការរៀបចំ​ទៅ​តាម​ស្ដង់ដា​ជាតិ និង​អន្តរជាតិ​នៅឡើយ​។​

​នៅ​ទីនោះ​សម្បូរ​ទៅដោយ​ព្រៃ​ភ្នំ​ក្រំ​ថ្ម​បែប​ធម្មជាតិ មាន​ប្រាង្គ​ប្រាសាទ ចម្លាក់​សិលា និង​បុរាណ​ដ្ឋា​ន​ដ៏​ច្រើន មាន​ស្ទឹង​ប្រវត្តិសាស្ត្រ មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ ទេសភាព​នៅ​លើ​គិរី​បុព្វ​តា​ក៏​រឹតតែ​ស្រស់ត្រកាល ថែម​ទាំង​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ និងទី ប្រជុំជន​សៀមរាប​ប៉ុន្មាន​ឡើយ ហេតុនេះហើយ​បានជា​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​ទេសចរណ៍​ជា​សេនាធិការ មានបំណង​ចង់​ប្រែក្លាយ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ ទៅ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត ពិសេស​គឺ​ចង់​រៀបចំ​បន្ថែម​ឱ្យមាន​ប្រភេទ​ទេសចរណ៍​ផ្សេងទៀត​ដូចជា​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង ដូច​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ សហគមន៍​ទេសចរណ៍​អា​រ៉ែ​ង ភ្នំ​បូកគោ​ជាដើម​។​

​ក្នុង​កិច្ច​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើ​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ដាក់ចេញ​នូវ​ផែនការ​មួយ​ចំនួន​ឱ្យ «​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​» រួម​គ្នា​អនុវត្ត​ឱ្យបាន ក្នុងនោះ​ឯកឧត្តម​បាន​ជំរុញ​ឱ្យ​ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួង​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេងទៀត រួម​គ្នា​ជំរុញ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មី​នៅលើ​ភ្នំ​គូលែន​នេះ ឱ្យបាន​សម្រេច​ជោគជ័យ​ឆាប់រហ័ស​។​

​គណៈកម្មការ​អន្តរក្រសួង​នេះ ក៏​បាន​ឯកភាពគ្នា​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​នៅ​គោលដៅ​ទេសចរ​ដ៏​ធំៗ​ចម្បង សម្រាប់​ឆ្នាំ​២០២០-២០៤០ ផងដែរ ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខ្លី​៥​ឆ្នាំ (២០១៨-២០២៣), ផែនការ​ជំរុញ​ការរៀបចំ​កសាង​ហេដ្ឋរចនាសម្ព័ន្ធ​រឹង​នៅ​ទីក្រុង​សៀមរាប ដែល​មាន​ជាអាទិ៍​៖ ការជួសជុល​ផ្លូវ​ក្នុង​ខេត្ត ផ្លូវ​ក្រវាត់​ជុំវិញ​ក្រុង ការផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​-​រាវ សណ្តាប់ធ្នាប់​អនាម័យ​ក្នុង​ទីក្រុង​។​

​ព្រមជាមួយ​នោះ អង្គប្រជុំ​ក៏បាន​ឯក​គ្នា​ប្រគល់​ភារកិច្ច​ជូន​លោក​អភិបាលខេត្ត​សៀមរាប ដើម្បី​ដឹកនាំ​អង្គប្រជុំ​សម្រប​សម្រូល​មួយ ដើម្បី​ប្រែក្លាយ​សហគមន៍​នេសាទ​ជ្រាវ​ទៅ​ជា​សហគមន៍​តាម​ស្តង់ដា​ជាតិ និង​អាស៊ាន​ដ៏​ទាក់ទាញ ឱ្យបាន​ឆាប់រហ័ស​ផងដែរ​។​

​លោក ថោង ខុន ក៏បាន​ជំរុញ​ឱ្យមាន​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ត្រូវ​ពង្រឹង​គុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការបណ្តុះបណ្តាល​ផ្ទៃក្នុង និង​ជំរុញ​ការអនុវត្ត​ស្តង់ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​បង្កើតឲ្យមាន «​គណៈកម្មការ​ជាតិ​ផ្នែក​ជំនាញ​ទេសចរណ៍​» ដោយមាន​ក្រសួង​ទេសចរណ៍​ជា​ប្រធាន ហើយ​សព្វថ្ងៃ​កម្ពុជា​បាន​ដាក់​ឲ្យ​អនុវត្តនូ​វ​កម្មវិធី​បណ្តុះបណ្តាល​អាស៊ាន លើ​៣២​មុខជំនាញ​។​

​លោក បាន​បន្ត​ណែនាំ​ឱ្យ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​នៃ​វិស័យ​ទេសចរណ៍ (Tourism Leakage) ដែល​កើតចេញ​ពី​ការនាំ​ចូល​បន្លែ ផ្លែឈើ និង​សាច់​ពី​បរទេស ដោយ​ត្រូវ​ជំរុញ​ការអភិវឌ្ឍ​ខ្សែ​ក្រវាត់បៃតង ជុំវិញ​ក្រុង​សៀមរាប ដោយ​ជំរុញ​សកម្មភាព​ដាំ​បន្លែ ផ្លែឈើ និង​ចិញ្ចឹម សត្វ​ជា​លក្ខណៈ​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវទេសចរ​។​

​ម្យ៉ាងទៀត ការត្រៀម​លក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ដើម្បី​ធានា​ផលប្រយោជន៍​អតិបរមា​ពិសេស ការត្រៀម​លក្ខណះ​ទទួល​ទេសច​រចិន​ដែល​នឹង​មាន​កំណើន យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ ដោយ​ត្រូវ​អនុវត្តន៍​អោយបាន​ល្អ តាម​សៀវភៅ​ស្តីពី «China Ready» និង​យុទ្ធសាស្ត្រ​ទីផ្សារ​ដោយឡែក​សម្រាប់​ភ្ញៀវទេសចរ​ចិន​។​

​កិច្ចប្រជុំ​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​នេះ នឹង​បន្ត​នៅពេល​៣​ខែ​ខាងមុខ​ទៀត ដើម្បី​ត្រួតពិនិត្យ​លើ​លទ្ធផល​ដែល​សម្រេចបាន និង​ដើម្បី​ដាក់​ទិសដៅ​អនុវត្ត​បន្ត​៕​ ដោយ ៖ បញ្ញាស័ក្តិ

  

spot_img
×