Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កើន​កា​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នាឱកាស​បុណ្យចូលឆ្នាំថ្មី

spot_img

នៅថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យដឹងថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ បាន​កើតឡើង​ចំនួន ១.០៧៦​លើក មានការ​កើនឡើង​ចំនួន ២៥៧​ករណី ស្មើនឹង​៣១% បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​កន្លងទៅ ស្លាប់​កើនឡើង ៣៣​នាក់ ស្មើនឹង​៧% និង​របួស​កើន ៣៥៨​នាក់ ស្នើ​នឹង ២៩%​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​នេះ បង្កដោយ​ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្តាំ វ៉ា​ជែង បត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ ការបើកបរ​ក្នុងពេល​ស្រវឹង ងងុយ កត្តា​យានយន្ត និង​ការមិន​គោរព​ច្បាប់​ចរាចរណ៍​ផងដែរ​។​

​ថ្លែង​នាឱកាស​នោះ លោក ទេសរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​1​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​គូសបញ្ជាក់ថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ខិតខំ​ប្រឹងប្រែង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឱ្យស្លាប់ របួស និង​ការបាត់បង់​ទ្រព្យសម្បត្តិ តាមរយៈ​ការតាក់តែង លិខិតបទដ្ឋាន​គតិយុត្ត ការជួសជុល​ថែទាំ​ផ្លូវ បំពាក់​ផ្លាកសញ្ញា ភ្លើង​សញ្ញា ចែក​មួកសុវត្ថិភាព និង​រឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​។​

​ជាមួយគ្នានេះ​ផងដែរ លោក ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​បង្កើន​កិច្ចសហការ ពង្រឹង​ការអនុវត្ត​ច្បាប់ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការផ្សព្វផ្សាយ​វីដេអូ​អប់រំ​តាម​ទូរទស្សន៍​ពី​ផលវិបាក និង​ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ យុទ្ធនា​ការចែក​មួកសុវត្ថិភាព ក៏ដូចជា​ស្ទី​គ័​រ ចំណាំងផ្លាត និង​យុទ្ធនាការ​ផ្សេងៗ​ថែមទៀត ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី នាពេល​ខាងមុខនេះ​។​

​លោក ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ឯកជន ក៏ដូចជា​រោងចក្រ​នានា​នៅ​កម្ពុជា ជួយ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​បុគ្គលិក កម្មករ និយោជិត និង​អ្នកបើកបរ រថយន្ត​របស់ខ្លួន និង​បាន​ស្នើឱ្យ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បង្កើត​ក្រុមការងារ​ប្រចាំការ​មួយ​សហការ​ជាមួយ​កំពង់ផែ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ដើម្បី​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​គ្មាន​បណ្ណ​បើកបរ មុនពេល​ចេញ​-​ចូល​កំពង់ផែ និង​មុនពេល​ចេញដំណើរ​ដឹក​អ្នកដំណើរ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។

​លោក ទេសរដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​អត្ថប្រយោជន៍​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយសារ​ជង្ហុក សំបុកមាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ប្រព័ន្ធ​បណ្តាញ​ផ្លូវ​ប្រកបដោយ សុវត្ថិភាព​។ កម្មវិធី​នេះ​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​អំពី​ផ្លូវ​ខូច និង​ផ្លូវ​ជង្ហុក​សំបុកមាន់​ទៅកាន់​ក្រុមការងារ​មាន​សមត្ថកិច្ច​ដើម្បី​ចុះមក​ជួសជុល​បាន​ទាន់ពេលវេលា​។​

​នៅក្នុង​សន្ទរកថា​បិទ​នាឱកាស​នោះ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើឱ្យ​យន្តការ​ដឹកនាំ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​បន្ត​ជំរុញ​អនុវត្តតាម​ទិសដៅ​ដែល​បានដាក់​ចេញ ការពង្រឹង​យន្តការ​ផ្សព្វផ្សាយ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន កែលំអ​យន្តការ​ដឹកនាំ មន្ដ្រី​អនុវត្ត​ច្បាប់ និង​របៀបរបប​ការងារ​ឱ្យមាន​ប្រសិទ្ធភាព កំណត់​គោលដៅ​ជា​អាទិភាព​ក្នុងការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ខិតខំ​ដឹកនាំ​រៀបចំ​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ឆាប់រហ័ស និង​មាន​តម្លាភាព​។​

​ជាទី​បញ្ចប់ សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សមាជិក​សមាជិកា​គណៈកម្មាធិកា​រ​សុ​ត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក ដែល​បាន​បំពេញការងារ​ប្រកបដោយ​ជោគជ័យ​កន្លងមក និង​បាន​អំពាវនាវ​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឺង​ម៉ា​ត ជាពិសេស​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ នាពេល​ខាងមុខនេះ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×