Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការរង នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការសហប្រជាជាតិ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​

spot_img

នៅ​ថ្ងៃ​អង្គារ ៤​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ​បណ្ឌិត អា​មី​ដា សាល់​សៃ អា​លីហ្សា​បា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការសហប្រជាជាតិ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក (UN-ESCAP) ដែល​បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។

​លោកជំទាវ Armida បាន​គោរព​ជម្រាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការសហប្រជាជាតិ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក (UN-ESCAP) ទទួលស្គាល់​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ ទន្ទឹមនឹងនេះ លោកជំទាវ បាន​មានប្រសាសន៍​បន្តថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បានធ្វើអោយ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព និង​សមត្ថភាព​ពេញលេញ​។ ពីនេះ​ទៅទៀត កម្ពុជា​ក៏បាន​ទទួល​នូវ​ការអភិវឌ្ឍន៍ នៅលើ​វិស័យ​ផងដែរ​។ ជាមួយគ្នានេះដែរ លោកជំទាវ បាន​គោរព​ថ្លែងអំណរគុណ សម្ដេច​តេ​ជោ ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយនឹង​អង្គការសហប្រជាជាតិ​អង្គការ UN-ESCAP កន្លងមក​ផងដែរ​។

​លោកជំទាវ Armida ក៏បាន​បាន​ថ្លែងអំណរគុណ ចំពោះ​សម្ដេច​តេ​ជោ​ផងដែរ ដែល​បាន​បង្កើត​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការសហប្រជាជាតិ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ដែល​គណៈកម្មការ​នេះ បានកកើតឡើង​តាំងពី​ឆ្នាំ​២០០៨ ដោយបាន​សម្របសម្រួល និង​ជំរុញ​ការងារ​យ៉ាង​ជិតស្និត រវាង​អង្គការ UN-ESCAP និង​រដ្ឋាភិបាល​កម្ពុជា​។ ពី​នោះ​ទៅទៀត​លោកជំទាវ​ក៏បាន​ទទួលស្គាល់​ផងដែរ នូវ​តួនាទី​របស់​កម្ពុជា ក្នុងការ​ចូលរួម​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង UN-ESCAP និង​កម្ពុជា​-​អាស៊ាន និង UN-ESCAP ផងដែរ​។ លោកជំទាវ ក៏បាន​គោរព​ជូន​ចំពោះ​សម្តេច​តេ​ជោ​ថា UN-ESCAP ពេញចិត្ត​នឹង បន្ត​សហការ​ជាមួយ​កម្ពុជា​ទៀត ទាំង​ទ្វេភាគី ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ជំរុញ គោលដៅ​អភិវឌ្ឍន៍ ដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ការលើកឡើង​របស់លោក​ជំទាវ Armida និង​បាន​ជម្រាប​លោកជំទាវ​វិញ​ថា ជាការ​ពិតណាស់ មិនមាន​ប្រទេស​ច្រើន​ទេ ដែល​បង្កើត​គណៈកម្មកា​រ​ជាតិ សម្រាប់ធ្វើ​ការសម្របសម្រួល​ជាមួយនឹង UN-ESCAP ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ កម្ពុជា​បាន​សហការ​យ៉ាង​ល្អជា​ទីបំផុត​ជាមួយនឹង​ភ្នាក់ងារ UN ទាំងអស់ នៅក្នុង​ព្រះរាជា​ណ​ចក្រ​កម្ពុជា​។ ជាអាទិ៍​ជា​រៀងរាល់ឆ្នាំ តែងតែមាន​កិច្ចប្រជុំ​រវាង​ភ្នាក់ងារ UN ទាំងអស់ ជាមួយនឹង​នាយករដ្ឋមន្ត្រី ទោះបី​ពេលនេះ មិនមែនជា​កិច្ចប្រជុំ​នោះទេ តែ​ត្រូវបាន​លើកកម្ពស់ ដូចជា​វេទិកា​តែម្ដង ហើយ​គោលដៅ នៃ​ព្រឹត្តិការណ៍​រវាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នេះ គឺ​ធ្វើយ៉ាងណា សហការ និង​ជំរុញ​នូវ​ប្រសិទ្ធភាព​ការងារ ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

​លើសពីនោះ​ទៅទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​លោកជំទាវ​ផងដែរ​ថា កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត ជាមួយនឹង​អង្គការសហប្រជាជាតិ មិន​ត្រឹមតែ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​កំណត់​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​នោះទេ តែ​ក៏បាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ផងដែរ​ ៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×