Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​អនាគត​នៃ​ការងារ​របស់ UN ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតមាន​ពី​ការវិវត្ត​នៃ​បច្ចេកវិទ្យា​

spot_img

(​ញូវយ៉ក​-​អាមេរិក​) ៖ នា​ឱកាស​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែងថា កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​អនាគត​នៃ​ការងារ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតមាន​ពី​ការវិវត្ត​នៃ​បច្ចេកវិទ្យា​។​

​កិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត អ៉ិត សំហេង បាន​ថ្លែងឱ្យដឹងថា ការ​ប្រារព្ធ​ខួប​១០០​ឆ្នាំ នៃ​ភ្នាក់ងារ​ឯកទេស​ខាង​ការងារ​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ ជាការ​ឆ្លុះបញ្ចាំង​អំពី​តួនាទី​ដ៏​សំខាន់​របស់​អង្គការ ILO ក្នុង​ការលើកកម្ពស់​យុត្តិធម៌​សង្គម និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ជន​គ្រប់​រូប នា​ពេលកន្លងមក​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា កម្ពុជា​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍ និង​សកម្មភាព​ជាច្រើន​ក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​១០០​​​ឆ្នាំ របស់​អង្គការ ILO ដែល​វា​ក៏​ស្របគ្នា​នឹង​ខួប​៥០​ឆ្នាំ នៃ​សមាជិកភាព​កម្ពុជា​ក្នុង​អង្គការ ILO ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ពេល​ថ្មីៗ​កន្លងទៅ​។ កម្ពុជា​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ ILO ដើម្បី​បន្ត​បេសកកម្ម​របស់​អង្គការ ILO ក្នុង​បរិបទ​ថ្មី​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០​។​

​លោក អ៊ិត សំហេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខណៈ​ដែល​យើង​កំពុង​ឈាន​ចូល​ទសវត្ស​ទី​២ នៃ​ការលើកកម្ពស់​យុត្តិធម៌​សង្គម និង​ការងារ​សមរម្យ​សម្រាប់​ជន​គ្រប់រូប កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​អនាគត​នៃ​ការងារ (Future of Work Initiative) ដែល​ជា​គន្លឹះ​រួម​សម្រាប់​រដ្ឋ​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍ​នានា​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ត្រៀម​ក្នុង​ការគ្រប់គ្រង​បញ្ហា​ប្រឈម​នានា ពិសេស​ការផ្លាស់ប្ដូរ​ជំនាញ ដែល​កើតមានឡើង​ពី​ការវិវត្ត​នៃ​បច្ចេកវិទ្យា​»​។​

​នៅក្នុង​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នោះ លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការសហការ​ជាមួយ​អង្គការ ILO ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ជាមួយ​អង្គការ ILO និង​ដៃគូ​ត្រីភាគី​ផ្សេងទៀត ក្នុង​ការអនុវត្ត​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ឆ្នាំ​២០១៩-២០២៣ ដោយ​ផ្តោត​លើ​គោលបំណង​ធំៗ​ចំនួន ៣​ចំណុច​៖

​ទី​១៖ បន្ត​អភិវឌ្ឍ​មុខរបរ និង​ការងារ និង​សហគ្រាស​ឱ្យស្រប​តាម​ការវិវត្ត​សង្គម និង​បច្ចេកវិទ្យា​។​

​ទី​២៖ ការពង្រឹង និង​ពង្រីក​កិច្ច​គាំពារ​សង្គម​ដល់​ស្ត្រី យុវជន និង​ក្រុម​ជន​ងាយ​រងគ្រោះ​។​

​ទី​៣៖ បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សិទ្ធិ​ការងារ ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ ដោយ​រួមទាំង​ពលករ​ទេ​សន្ត​ប្រវេសន៍​ផងដែរ​។​

​បើ​តាម​លោក​បណ្ឌិត អ៉ិត សំហេង កម្ពុជា​នឹង​បន្ត​អនុវត្ត​នូវ​បណ្ដា​អនុសញ្ញា​នានា​ដែល​ខ្លួន​បាន​ផ្ដល់​សច្ចាប័ន ពិសេស​អនុសញ្ញា​ស្នូល​ទាំង​៨ ដើម្បី​ធានា​ថា សិទ្ធិ​ការងារ និង​លក្ខខណ្ឌ​ការងារ​ត្រូវបាន​អនុវត្ត​ប្រកបដោយ​តម្លាភាព​ពេញលេញ គ្មាន​ការរើសអើង ដោយ​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ ដែល​ជា​ជំហាន​ឆ្ពោះទៅរក​ភាព​ជោគជ័យ ក្នុង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDG) របស់​អង្គការសហប្រជាជាតិ ពិសេស​គោលដៅ​អភិវឌ្ឍ​ទី​៨៕​ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×