Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម គាំទ្រ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សិក្សា និង​កីឡា​របស់​ប្រតិភូ​ចិន​ខេត្ត​សាន​ស៊ី​

spot_img

(​ភ្នំពេញ​) ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​របស់​ប្រតិភូ​ធុរជន​ចិន​ខេត្ត​សាន​ស៊ី ដែល​ចង់​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សិក្សា និង​កីឡា​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ជាពិសេស​វិស័យ​អប់រំ​ជាតិ និង​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រតិភូ​ធុរជន​ចិន​ខេត្ត​សាន​ស៊ី ដឹកនាំ​ដោយ​លោក វ៉ាង លី​ពីង (Wang Liping) ប្រធាន​ក្រុមហ៊ុន GuangBo Group Co., Ltd និង​ជា​លេខាធិការ​គណៈកម្មកា​របក្ស​នៃ​សភា​ប្រជាជនទី​១២ កាលពី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​០៩ ខែ​មេសា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើង​អំពី​សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា គោលនយោបាយ​គាំពារ​វិនិយោគ គោល​នយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម គម្រោង Plus One នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការលើកទឹកចិត្ត​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ចំពោះ​វិនិយោគិន​បរទេស​។​

«​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៩​កំពុង​ធ្វើ​ប្រតិបត្តិការ សម្រាប់​ផ្តល់ឱ្យ​វិនិយោគិន​បើក​រោងចក្រ ដើម្បី​ទទួលបាន​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ ៩​ឆ្នាំ អាច​គ្រប់គ្រង​ភាគហ៊ុន ១០០% ហើយ​អាច​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ (​អាស៊ាន​) សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប នៅ​ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​ថែមទៀត​» លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​លោក រដ្ឋមន្ត្រី ក៏​បាន​បន្ត​ជម្រាបជូន​ធុរជន​ចិន អំពី​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​បរិយាកា​សធុរកិច្ច និង​វិនិយោគ តាមរយៈ​ការកាត់បន្ថយ​សកម្មភាព​ការិយាធិបតេយ្យ ការ​សាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត (​ផ្លូវ​គមនាគមន៍ ព្រលានយន្តហោះ កំពង់ផែ​អន្តរជាតិ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​) ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការ​ចងក្រង និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មីៗ សំដៅ​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​

​ជា​ការឆ្លើយតប លោក វ៉ាង លី​ពីង និង​សហការី បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​គាំទ្រ​គម្រោង​វិនិយោគ​ខាងលើ និង​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ ទាក់ទង​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក វ៉ាង លី​ពីង ក៏​បាន​សន្យា​ពិនិត្យ​លទ្ធភាព​ពង្រីក​ការវិនិយោគ​មក​កម្ពុជា នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ នៅ​ក្រោម​ក្របខណ្ឌ​ខ្សែក្រវ៉ាត់​១ និង​ផ្លូវ​១ សំដៅ​រួមចំណែក​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​៕​ ​ដោយ ​៖ ​កូ​ឡា​

spot_img
×