Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

spot_img

​ភ្នំពេញ​ ៖ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្ដីណែនាំ​ចំនួន​៥​ចំណុច ស្ដី​អំពី​ការរក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩​។​

​តាមរយៈ​សេចក្ដីណែនាំ​ថ្ងៃទី​១១ ខែ​មេសា​នេះ វិធានការ​៥​ចំណុច​នោះ​រួមមាន ​៖

ទី​១៖ ត្រូវ​ធ្វើការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ផ្លូវជាតិ និង​ផ្លូវ​រាជធានី​-​ខេត្ត ទប់ស្កាត់​ការបើកបរ​លើស​ល្បឿន​កំណត់ ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព និង​ករណី​ល្មើស​ច្បាប់​ផ្សេងទៀត ដែល​បង្កឲ្យមាន​គ្រោះថ្នាក់ ដោយ​ធ្វើ​ការឃាត់​យានយន្ត​ល្មើស ចេញ​ប័ណ្ណពិន័យ ហើយ​ណែនាំ​ឲ្យ​បង់​ប្រាក់​ពិន័យ នៅ​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​។ ចំពោះ​ករណី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ក្រៅពី​អនុវត្ត​ការពិន័យ​តាមច្បាប់ ត្រូវ​ឃាត់​អ្នកបើកបរ នៅ​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក រហូត​ដល់​ពិនិត្យ​ឃើញថា គ្មាន​ជាតិ​អាល់កុល​ពី​ក្នុង​រាងកាយ ទើប​អនុញ្ញាត​ឲ្យ​បន្ត​ការបើ​កបរ​។​

ទី​២៖ នៅតាម​ផ្លូវ​ជាតិ ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​រឹតបន្ដឹង​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ក្នុង​រាជធានី​ខេត្ត​នីមួយៗ អាចដាក់​បាន​តែ​មួយ​គោលដៅ ។ នៅតាម​ផ្លូវ​រាជធានី​-​ខេត្ត ត្រូវដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចល័ត​ក្នុង​កម្រិត​តិច​បំផុត ហើយ​ត្រូវ​ទទួល​បាន​ការឯកភាព​ជាមុន​ពី អភិបាល និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​-​ខេត្ត ។​

​ទី​៣ ៖ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ ឲ្យមាន​របៀបរៀបរយ​មិនឲ្យ​មាន​ការកកស្ទះ ដោយ​ចាត់​វិធានការ ម៉ឺងម៉ាត់​តាម​ច្បាប់ ចំពោះ​ការចត​យានយន្ត ការលក់ដូរ ឬ​សកម្មភាព​ផ្សេងៗ នៅ​តាម​គោលដៅ​ដែល​បាន​ហាមឃាត់ ដូច​ជា​តាម​ដងផ្លូវ​ទីប្រជុំជន វត្ត​អារាម រមណីយដ្ឋាន តំបន់​ទេសចរណ៍ និង​ទីតាំង​កម្សាន្ដ​សប្បាយ​។​

ទី​៤ ៖ ត្រូវ​ផ្សព្វផ្សាយ​បណ្តាញ​ទំនាក់ទំនង​ទទួល និង​ផ្តល់​ព័ត៌មាន​រហ័ស របស់​អង្គភាព​នគរបាល​ចរាច​រណ៍​ផ្លូវគោក ដល់​សាធារណជន​បាន​ជ្រាប ដើម្បី​ធ្វើ​ការទំនាក់ទំនង​ទទួល​សំណូមពរ​នានា ដូចជា​ការស្នើសុំ​ជួយ​សង្គ្រោះ​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ ជាមួយ​នេះ​ត្រូវ​ត្រៀម​មន្ត្រី​ជំនាញ និង​មធ្យោបាយ សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាច​រណ៍​ឲ្យបាន​ទាន់​ពេល ។​

​ទី​៥ ៖ ត្រូវ​ផ្សព្វផ្សាយ​អប់រំ​សីលធម៌​វិន័យ និង​ធ្វើ​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ចំពោះ​សកម្មភាព​របស់​មន្ត្រី​មាន សមត្ថកិច្ច​ត្រួតពិនិត្យ​រឹតបន្ដឹង ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ជាមួយ​ការឧបត្ថម្ភ​លើកទឹកចិត្ត​ធានា​បំពេញភារកិច្ច ប្រកប​ដោយ​សីលធម៌​ស្អាតស្អំ ទន់ភ្លន់ តែ​ម៉ឺងម៉ាត់ និង​ទទួលបាន​ជំនឿ​ជឿជាក់​ពី​ប្រជាពលរដ្ឋ​៕​ ដោយ ​៖ ​កូឡាប​

spot_img
×