Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺគ្រុនចាញ់ កាត់បន្ថយ​​ករណី​ស្លាប់​បាន​កាត់បន្ថយ ៩៩% ត្រឹម​ឆ្នាំ​២០១៨

spot_img

(​ភ្នំពេញ​) ៖ អត្រា​ជំងឺគ្រុនចាញ់​ប្រទេស​កម្ពុជា​មកទល់​ឆ្នាំ​២០១៨ បាន​ថយចុះ ៨៥% និង​ករណី​ស្លាប់​បាន​កាត់បន្ថយ ៩៩% បន្ទាប់ពី​បាន​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺគ្រុនចាញ់​២០១១-២០២៥ របស់​រាជរដ្ឋាភិបាល​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចេញ​សារលិខិត​មួយ ថ្លែង​ក្នុងឱកាស​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ និង​ទិវា​គ្រុនចាញ់​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ក្រោមប្រធាន​បទ «​គ្មាន​ជំងឺ​គ្រុន​បាញ់ ផ្ដើមចេញពី​ខ្ញុំ​»​។​

​យោងតាម​សារលិខិត​នេះ សម្តេច​តេ​ជោ បាន​អះអាងថា ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​របស់​កម្ពុ​ជា កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ពោល​អត្រា​នៃ​ការកើត​ជំងឺគ្រុនចាញ់ នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា តាម​ប្រភព​របាយការណ៍​ប្រចាំឆ្នាំ ក្នុង​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បាន​បង្ហាញថា អត្រា​ជំងឺគ្រុនចាញ់​ប្រទេស​កម្ពុជា​មកទល់​ឆ្នាំ​២០១៨ បាន​ថយចុះ ៨៥% និង​ករណី​ស្លាប់​បាន​កាត់បន្ថយ ៩៩% បន្ទាប់ពី​បាន​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺគ្រុនចាញ់​២០១១-២០២៥ របស់​រាជរដ្ឋាភិបាល បានន័យថា ករណី​ឈឺ​នៃ​ជំងឺគ្រុនចាញ់​មាន​ជាង ១៧​ម៉ឺន​ករណី និង​ស្លាប់​ពី ៤៤៦-៨៩១​នាក់​ក្នុង​មួយឆ្នាំៗ នា​អំឡុង​ពេលមុន​ឆ្នាំ​២០១១ ត្រូវបាន​កាត់បន្ថយ​ចុះមក​នៅត្រឹម ៦៥.១១៤​ករណី និង​មិនមាន​ស្លាប់​សោះ​នា​ឆ្នាំ​២០១៨ ពិសេស​ករណី​ទាំងនោះ​ជាង​៧០% គឺជា​ប្រភេទ​ជំងឺ​ស្រាល (​ប្រភេទ​វីវ៉ា​ក់​)​។​

​ក្នុងន័យនេះ យើង​អាច​និយាយបានថា ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ រួមចំណែក​ដល់​ការ​ឈានទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​កម្ពុជា​យើង​។​

​ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ទៀតថា ទោះបីយ៉ាងណា​ក៏ដោយ មិនត្រូវ​ភ្លេចខ្លួន​ស្កប់ស្កល់​នឹង​លទ្ធផល​ដែល​ទទួលបាន​នោះទេ ព្រោះថា​ជំងឺគ្រុនចាញ់​នៅតែ ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​របស់​កម្ពុជា ហើយ​បើ​មិនទាន់​លុបបំបាត់​មេរោគ​គ្រុនចាញ់​ឱ្យអស់​ពី​ក្នុង​ខ្លួន​មនុស្ស​គ្រប់ៗ​រូប​ទេនោះ សត្វ​មូស​ដែកគោល​ញី​ដែល​បន្ត​មាននៅ​ក្នុងព្រៃ និង​តំបន់​ជុំវិញ នៅតែមាន​ឱកាស​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនចាញ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ដដែល​។ ក្នុង​ស្មារតី​នេះ​រាជរដ្ឋាភិបាល​តែង​បានផ្តល់​លទ្ធភាព និង​លើកទឹកចិត្ត​ឱ្យមាន​ចលនា​កៀរគរ​ប្រមូល​ប្រភពធនធាន ដើម្បី​ជំរុញ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ឱ្យ​កាន់តែ មាន​សកម្មភាព​ខ្លាំងក្លា​ថែមទៀត ឆ្ពោះទៅ​លុបបំបាត់​ជំងឺ​នេះ​បាន​តាម​ផែនការ​កំណត់​។​
​សម្តេច​បន្តថា «​ដូច្នេះ​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទាំងអស់គ្នា​លើ​ចំណុច​ទាំងនេះ ដើម្បី​លើកកម្ពស់​សុខភាព គុណភាព​នៃ​ការរស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​យើង​»​។​

​សូមបញ្ជាក់ថា ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​អូ​យ៉េ​ស ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក​វេជ្ជបណ្ឌិត Takeshi Kasai នាយក​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ប៉ា​ស៉ី​ហ្វិ​ក​ខាងលិច​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×