Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​ព្រឹទ្ធសភា ខេត្ត​ស៊ី​ឈួន ពិនិត្យ​លទ្ធភាពបញ្ជូន​អ្នកវិនិយោគ​ចិន មក​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន​

spot_img

​ភ្នំពេញ ​៖ ស្របពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រុញ​ឱ្យ​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន បន្ត​ស្វះស្វែង​រក​មិត្តភក្តិ និង​ដៃគូ​ពាណិជ្ជកម្ម ក៏ដូចជា វិនិយោគ​គិនជាតិ អន្តរជាតិ ឱ្យ​មក​រកស៊ី​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​បន្ត​លើកកម្ពស់​សេដ្ឋកិច្ច​ប្រទេស និង ជីវភាព​ប្រសើរ​ឡើងរ​បស់​ប្រជាពលរដ្ឋ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​ប្រតិភូ នៃ​ព្រឹទ្ធសភា​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ឱ្យ​ពិនិត្យ​លទ្ធភាព ក្នុង​ការបញ្ជូន​អ្នកវិនិយោគ​របស់ខ្លួន មក​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន ខណៈ​ដែល​កម្ពុជា​កំពុង​មាន​សក្កដានុពល ដើម្បី​ធ្វើ​ការវិនិយោគ​ទទួលបាន​ផល​ចំណេញ​។​

ការស្នើ​បែបនេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​មេសា ខណៈ​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជួប​ពិភាក្សា និង​ផ្លាស់ប្តូរ​មតិ​យោបល់ លើ​វិស័យ​ពាណិជ្ជកម្ម ទំនាក់ទំនង​មិត្តភាព និង​ទេសចរណ៍ ជាមួយ ប្រតិភូ​ព្រឹទ្ធសភា​ខេត្ត​ស៊ី​ឈួន ដឹកនាំ​ដោយ​លោក ជុង មាន អនុប្រធាន​ព្រឹទ្ធសភា នៃ​ខេត្ត​ស៊ី​ឈួន​ ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជម្រុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​គណៈប្រតិភូ​ជាន់ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ រវាង កម្ពុជា និង ខេត្ត​ស៊ី​ឈួន ក្នុងអំឡុងពេល​ដែល​លោក និង​ប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា​នៅក្នុង​ព្រះរាជា​ណា​ក្រ​កម្ពុជា​។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​នៅពេលនេះ មាន​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដោយ​បាន​ធ្វើអោយ​សេដ្ឋកិច្ច​មាន​ការរីកចំរើន គួរឱ្យកត់សម្គាល់ ពិសេស​ជីវភាព​ប្រជាពលរដ្ឋ មាន​ភាពប្រសើរ​ឡើង​ជា​លំដាប់​។ តាមរយៈ​នេះ​លោក​ឃួង ស្រេង បាន​ស្នើ​ឱ្យ​លោក​អនុប្រធាន​ព្រឹទ្ធសភា នាំនូវ​ដំណឹង​នេះ ទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាជន និង​អ្នកវិនិយោគ​នៅ​ខេត្ត​ស៊ី​ឈួន ឱ្យមក​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ឱ្យបាន​ច្រើន​ថែម​ទៀត​។​
លោក ជុង មាន ក្នុងឱកាស​នោះ​ក៏​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​ធ្វើឱ្យ​រាជធានី មាន​ការរីកចំរើន ជា​ពិសេស​សំណង់ អគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មធ្យោបាយ​ធ្វើដំណើរ និង​ហេដ្ឋារចនាសម្ព័ន្ធ មានការ​រីក​ព្រោងព្រាត​យ៉ាង​ឆាប់រហ័ស​។ តប​តាម​សំណើរ និង​សេចក្តីត្រូវការ​ខាងលើ ក្រុម​ប្រតិភូ​នឹង​នាំនូវ​ដំណឹង​ដ៏​ល្អ​នេះ ទៅ​ផ្សព្វផ្សាយ ក៏ដូចជា​ជម្រុញ​ឱ្យ​អ្នកវិនិយោគ​ខេត្ត​ស៊ី​ឈួន បន្ត​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​។​

លោក​ជុង មាន​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​ថា ក្នុង​ពេល​នេះ ក៏​មាន​ក្រុម​ប្រតិភូ​អ្នកវិនិយោគ​វ័យក្មេង​ខេត្ត​ស៊ី​ឈួន​មួយក្រុម បាន​និង​កំពុង​ជួប​ពិភាក្សា​ជាមួយ​ដៃគូរ​វិនិយោគ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ឱកាស​មក​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នកវិនិយោគ កម្ពុជា និង​ខេត្ត​ស៊ី​ឈួន ដែល​មាន​ការកើនឡើង​ជា​ហូរហែរ រដ្ឋបាល​ខេត្ត​ស៊ី​ឈួន មាន​គម្រោង​បង្កើន​ជើងហោះហើរ​ត្រង់​មក​កាន់​កម្ពុជា ឱ្យបាន​ជា​រៀងរាល់ថ្ងៃ ខណៈ​ពេល​បច្ចុប្បន្ន មាន​ការហោះហើរ​ត្រង់​ចំនួន​៤​ជើង​ក្នុង​មួយ​សប្តាហ៍​។​
ប្រធាន​ប្រតិភូ​បានបញ្ជាក់​ថា អនុវត្ត​តាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ប្រទេស​ចិន​មាន​គោលដៅ​ចាប់​យក​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​បូ​ពាណ៍ ដែល​ត្រូវ​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម ជាពិសេស ជម្រុញ​ទំហំ​ពាណិជ្ជកម្ម រវាង កម្ពុជា និង ខេត្ត​ស៊ី​ឈួន ឱ្យ​បាន​កើន​ឡើង​ថែម​ទៀត ស្រប​ពេល​បច្ចុប្បន្ន​មាន​តែ​ជាង​២​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។​

លោក​ប្រធាន​ប្រតិភូ​ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់ រដ្ឋបាល​ខេត្ត​ស៊ី​ឈួន​ថា រដ្ឋបាល​ខេត្ត​ស៊ីឈួ​បាន​ត្រៀម​ខ្លួន​រួចជាស្រេ​ច​ហើយ ក្នុង​ការសម្របសម្រួល​ដល់​គម្រោង​នាំ​ផលិតផល​ពី​កម្ពុជា​ទៅកាន់​ខេត្ត​នេះ​។ លើសពីនេះ ក៏​បាន​សន្យា​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​មក​កម្ពុជា​បាន​កាន់តែ​ច្រើន ពិសេស​ក្រុមហ៊ុន​ទាំង​៧​ដែល​បាន​ចុះ​MOU​ជាមួយ​កម្ពុជា លើ​វិស័យ​ទំនាក់ទំនង វប្បធម៌ ទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ រួចហើយនោះ​។​

លោក​ជុង មាន ក៏​បាន​សំណូមពរ​ឱ្យមាន​ការធ្វើ​ទំនាក់ទំនង រវាង មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ និង មន្ត្រី​រដ្ឋបាល​ខេត្ត​ស៊ី​ឈួន ឱ្យបាន​យ៉ាង​ស្អិតរ​មួ​ត ហើយ​ចង់ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ រវាង រាជធានី​ភ្នំពេញ​និង​ទីក្រុង​ណាមួយ​នៃ​ខេត្ត​ស៊ី​ឈួន និង បង្កើន​ការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និង​ទេសចរណ៍ ឱ្យបាន​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ថែមទៀត ​៕​ ដោយ ​៖​ កូឡាប​

spot_img
×