Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ និង លោក ប្រា​យុទ្ធ ចាន់​អូ​ចា អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​៣​ផ្សេងគ្នា នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត

spot_img

​បន្ទាយមានជ័យ ​៖ ​នៅ​ព្រឹក ថ្ងៃ​ចន្ទ ៣​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​កម្មវិធី​៣​ផ្សេងគ្នា​នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ​។​

​កម្មវិធី​ទាំង​៣​នោះ​រួមមាន​៖ ១)​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​), ២) បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ និង ៣) ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)​។​

កម្មវិធី​ការចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) និង​ធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU) នឹងមាន​ការអញ្ជើញ​ជា​អធិបតីភាព​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា​ផងដែរ​។​

​តាម​តារាង​របៀបវារៈ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​មានការ​ថ្លែង​សុន្ទរកថា​រួមគ្នា​ចំនួន​ពីរ គឺ​ថ្លែង​សុន្ទរកថា​នៅក្នុង​កម្មវិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) និង​ធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)​។​

​បន្ទាប់ពីនោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹងធ្វើ​ដំណើរ​រួមគ្នា​តាម​រថភ្លើង​ចេញពី​ស្ថានីយ​បាន​ក្លង​លឹក​របស់​ថៃ ឆ្ពោះ​មកកាន់​ស្ថានីយ​រថភ្លើង​របស់​កម្ពុជា​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ផងដែរ​។ ក្រោយ​បញ្ចប់​កម្មវិធី​នេះ​ទៅ សម្តេច​តេ​ជោ និង​លោក​ប្រា​យុទ្ធ នឹង​អញ្ជើញពិសារ​អាហារ​ពេល​ថ្ងៃ​រួមគ្នា​ផងដែរ​។​
​សូមបញ្ជាក់ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) ដែល​ចាក់​បេតុង​ត​ភ្ជាប់​នៅ​ថ្ងៃស្អែក​នេះ បាន​សាងសង់​ដោយ​កងវិស្វកម្ម​នៃ​កងទ័ព​ភូមិន្ទរ​ថៃ ហើយ​សិក្សា និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហាយវ៉េ (DOH) ក្រសួង​ដឹកជញ្ជូន​ថៃ ក្រោម​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ថៃ​ជាង ១៩​លាន​ដុល្លារ​អាមេរិក​។ ក្រៅពី​ជំនួយ ឥត​សំណង​ពី​រាជរដ្ឋាភិបាល​ថៃ​លើ​គម្រោង​សាងសង់​ស្ពាន​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ស្ពាន​នេះ​ជា​ស្ពាន​ធំ​ទីមួយ​ដែល​បាន​សាងសង់​លើ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចន្លោះ​បង្គោល​ខណ្ឌ​ព្រំសីមា​លេខ​៥០ និង​លេខ​៥១​។ ស្ពាន​នេះ​មាន​ប្រវែង ៦២០​ម៉ែត្រ ទទឹង ១៧​ម៉ែត្រ ដោយនៅ​ផ្នែក​កម្ពុ​ជាមាន​ប្រវែង ២១៥​ម៉ែត្រ នៅ​ផ្នែក​ខាង​ថៃ មាន​ប្រវែង ៤០៥​ម៉ែត្រ​។ ការសាងសង់​ស្ពាន​នេះ គឺជា​ការបើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​រវាង​ប្រទេស​ទាំងពីរ​សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​។​

​ដោយឡែក​ការសាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន និង​សាងសង់​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥​វិញ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ ២៦,៤២​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន និង​ផ្លូវ​ត​ភ្ជាប់ សំណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ ឃ្លាំង និង​ទីលាន​កុង​តែ​ន័​រ ការជួសជុល​កែលម្អ​ផ្លូវ​ចាស់ និង​សំណង់​កាត់បន្ថយ​គ្រោះទឹកជំនន់​។​

​លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរការ​សាងសង់​អគារ​នៅ​ច្រកព្រំដែន​ថ្មី​នេះ គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ២៤​ខែ ដោយ​គិត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ នេះ​តទៅ​។ ការបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ថ្មី​នេះ គឺជា​ការបើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ និង​ដើម្បី ជំរុញ​លើកកម្ពស់​ប្រព័ន្ធ​ភស្តុភា​រកម្ម​នៅ​កម្ពុជា​ផងដែរ​។​
គម្រោង​សាងសង់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ធ្វើឡើង​ខណៈដែល​ច្រកព្រំដែន​ប៉ោយប៉ែត​-​អរញ្ញ​ប្រ​ថេត មានការ​ឆ្លងកាត់​ទំនិញ និង​ទេសចរណ៍​កាន់តែ​មមាញឹក​យ៉ាងខ្លាំង ហើយ​ពេលខ្លះ​មានការ​កកស្ទះ​ចរាចរណ៍​អស់​ជាច្រើន​ម៉ោង​ទៀតផង​។ ការកកស្ទះ​នៅ​ច្រក​នាំចេញ នាំចូល​ទំនិញ​ជា​កត្តា​អវិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។ គម្រោង​នេះ​ជាការ​ឆ្លើយតប​យ៉ាង​ប្រាកដ​ទៅនឹង​ភាព​មមាញឹក​នៃ​ចរាចរណ៍​ដឹកជញ្ជូន ដែល​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នោះឡើយ តែ​ថែមទាំង​ដល់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​នៃ​មហា​អនុតំបន់​មេគង្គ​ផងដែរ​។​
​បន្ទាប់ពី​គម្រោង​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន និង​ការតភ្ជាប់​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ដាក់ឱ្យ​ដំណើរការ​តំបន់​ប៉ោយប៉ែត​នឹង​ប្រែក្លាយជា​តំបន់​អភិវឌ្ឍ​មួយ​យ៉ាងខ្លាំង ជា​មជ្ឈមណ្ឌល​ស្តុក និង​ចែកចាយ​ទំនិញ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បង្កើតជា​សក្តានុពល​រូបវ័ន្ត​ដ៏​រឹងមាំ​សម្រាប់ទ្រទ្រង់​ដល់​គម្រោង​វិនិយោគ​នានា​ក្នុងស្រុក និង​ក្នុងប្រទេស​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​។​
​ពាក់ព័ន្ធ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​ទាំងពីរ​វិញ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ នឹង​ចុះហត្ថលេខា​ជាមួយគ្នា ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​។ ជាមួយនឹង​ការចុះហត្ថលេខា​បើក​ឱ្យមាន​ការដឹកជញ្ជូន​តា​ម​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​ទាំងពីរ​ជា​ប្រវត្តិសាស្ត្រ​ទៅ ក៏មាន​ពិធី​ប្រគល់​ក្បាលរថភ្លើង​ចំនួន​មួយគ្រឿង ដោយមាន​ទូ​ចំនួន​៤ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ​ផងដែរ​។​

​រថភ្លើង​ដែលជា​អំណោយ​របស់​ថៃ​នេះ ជាប់​ជាមួយ​ទូ​អ្នកដំណើរ​ចំនួន​៤ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ដល់ ៨០​នាក់​ក្នុង​ទូ​នីមួយៗ​។ រថភ្លើង​ដឹក​អ្នកដំណើរ DMU (Diesel Multiple Unit) ផលិត​ដោយ​ក្រុមហ៊ុន Hitachi របស់​ជប៉ុន​។​

​ផ្លូវដែក​ភ្នំពេញ​-​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា​-​ថៃ មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ ត្រូវបាន​សាងសង់ឡើង​នៅ​អំឡុង​ឆ្នាំ​១៩២៩ ដល់​១៩៤២ ក្នុងសម័យ​អាណានិគម​បារាំង​។ កំណាត់​ផ្លូវដែក​មកកាន់​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​កាត់ផ្តាច់​ក្នុងពេល​កម្ពុជា​ធ្លាក់​ក្នុង​អន្លង់​ភ្លើងសង្គ្រាម​នា​ឆ្នាំ​១៩៧៣​។ ផ្លូវដែក​មួយ​ខ្សែ​នេះ​ត្រូវបាន​ស្តារឡើងវិញ​ជា​បន្តបន្ទាប់​រហូត​រួចរាល់​ជា​ស្ថាពរ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​កាលពី​ខែមេសា ឆ្នាំ​២០១៨​មុនពេល​ចូលឆ្នាំថ្មី ដោយ​ចំណាយ​ថវិកា​ជិត ៨៤​លាន​ដុល្លារ​អាមេរិក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×