Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសតែងតាំងអភិបាល អភិបាលរង នាយករដ្ឋបាលខណ្ឌ ៤៤ រូប នៃរាជធានីភ្នំពេញ និងបង្កើតខណ្ឌថ្មី២ទៀត

spot_img

ភ្នំពេញ៖ ដើម្បីងាយស្រួលគ្រប់គ្រងការងាររដ្ឋបាលនៅរាជធានីភ្នំពេញ ឲ្យកាន់តែមានប្រសិទ្ធភាពទើបរាជរដ្ឋាភិបាលសម្រេចបង្កើតខណ្ឌថ្មី២បន្ថែមទៀត ពោលគឺខណ្ឌបឹងកេងកង ដែលកាត់ចេញពីខណ្ឌចំការមន និងខណ្ឌកំបូល ដែលកាត់ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។

អភិបាល អភិបាលរង នាយករដ្ឋបាលខណ្ឌសរុបចំនួន៤៤រូបនៃរាជធានីភ្នំពេញត្រូវបានប្រកាសតែងតាំង​ខណៈ ខណ្ឌថ្មី២ទើបបង្កើត ដោយបំបែកចេញពីខណ្ឌចំនួន៣ ដើម្បីបំរើសេវាអោយនៅកៀកកិតជាមួយប្រជាពលរដ្ឋ។ ក្នុងនោះអភិបាលខណ្ឌចាស់ចំនួន៦រូបទៀតក៏ត្រូវបានប្រកាសបន្តអាណត្តិជាអភិបាលខណ្ឌផងដែរ ។

អភិបាលខណ្ឌចាស់ចំនួន៦រូបដែលត្រូវបានប្រកាសបន្តអាណត្តិជាអភិបាលខណ្ឌមានដូចជា លោក សុខ សម្បត្តិ នៅជាអភិបាលខណ្ឌព្រែកព្នៅ លោកឃ្លាំង ហួត នៅជាអភិបាលខណ្ឌជ្រោយចង្វា លោកឯក ឃុនដឿន នៅជាអភិបាលខណ្ឌទួលគោក លោក លឹម សុភា នៅជាអភិបាលខណ្ឌ៧មករា លោក ហែម ដារិទ្ធ នៅជាអភិបាលខណ្ឌពោធិសែន ជ័យ លោកពេជ្រ កែវម៉ូនី នៅជាអភិបាលខណ្ឌមានជ័យ។ ក្រៅពីនេះ អភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌសរុបចំនួន៤៤រូប ក៏ត្រូវបានប្រកាសជាមួយគ្នានោះផងដែរ។

ពិធីប្រកាសតែងតាំងនេះបានធ្វើឡើង នារសៀលថ្ងៃទី២២ មេសា ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងពិធីនោះត្រូវបានប្រកាសតែងតាំងលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ មកជាអភិបាលខណ្ឌចំការមន ជំនួសលោក ព្រុំ សំខាន់ ដែលផ្ទេរភារកិច្ចមកបម្រើ ការងារនៅសាលារាជធានីភ្នំពេញ។ លោក ធឹម សំអាន អភិបាលរងខណ្ឌចំការមន មកជាអភិបាលខណ្ឌបឹងកេងកង និងលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែន ជ័យ មកជាអភិបាលខណ្ឌកំបូល។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានបញ្ជាក់ថា ការផ្ទេរតំណែងលោក ព្រុំ សំខាន់ មកបំរើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ គឺលោកមិនមានកំហុសឆ្គងនោះទេ តែដោយលោកនៅសល់មិនបានប៉ុន្មានខែត្រូវចូលនិវត្តនោះ ទើបអោយលោកមកបំរើការងារនៅរដ្ឋបាលរាជធានី ដើម្បីត្រៀមជាសមាជិកក្រុមប្រឹក្សា ។

លោកឃួង ស្រេង ក្នុងឱកាសនោះដែរ បានណែនាំអោយអភិបាលខណ្ឌទាំងអស់ពិសេសខណ្ឌទើបប្រកាសថ្មី ត្រូវបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ដោយក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកំពុងផ្ដោតទៅលើការអនុវត្តនូវអភិក្រមទាំង៥ មានដូចជា ងូតទឹក ដូសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់ ហើយយើងម្នាក់ៗសុទ្ធតែបានដឹង និងបានលឺហើយ។មកដល់ពេលនេះ គ្មាននរណាម្នាក់អាចគេចផុតពីការអនុវត្តលើកំណែទម្រង់ស៊ីជម្រៅ ជាពិសេស លើការអនុវត្តនូវអភិក្រមទី៥នេះទេ។ ដូច្នេះទេមន្រ្តីរបស់យើងដែលមានសមត្ថភាព និងចំណេះដឹង ត្រូវផ្លាស់ប្ដូរនូវឥរិយាបទ ខិតខំអនុវត្តតួនាទី ភារកិច្ចស្នូល ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថាការប្រកាសតែងតាំងតំណែងអភិបាលនៃគណៈអភិបាលខណ្ឌ៣រូប ដែលមាន២រូបជាអភិបាលខណ្ឌថ្មី គឺមិនទាន់មានត្រានៅឡើយទេ ដោយគ្រាន់តែប្រកាសឱ្យដឹងខ្លួនឯងដើម្បីត្រៀមលក្ខណៈធ្វើជាអភិបាលខណ្ឌ ពោលគឺ ក្រោយប្រកាសក្រុមប្រឹក្សាខណ្ឌ រាជធានីទើប ក្រសួងមហាផ្ទៃប្រគល់ត្រា ដើម្បីគ្រប់គ្រងរដ្ឋបាលបំរើសេវាជូនប្រជាពលរដ្ឋ ហើយអ្វីដែលត្រូវធ្វើនៅពេលនេះគឺ ត្រូវឆ្លងទៅអភិបាលខណ្ឌដែលបំបែកចេញ ដូចជាអភិបាលខណ្ឌកំបូល ក្នុងអំឡុងពេលនេះត្រូវឆ្លងជាមួយអភិបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌបឹងកេងកងត្រូវឆ្លងទៅ អភិបាលខណ្ឌ ចំការមន ជាដើម។

បើតាមអនុក្រឹត្យស្តីពីការបង្កើតខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ត្រូវបានបង្កើតខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយកាត់យកសង្កាត់ចំនួន ៧ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ គឺ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិច សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ។ តាមអនុក្រឹត្យនេះត្រូវបានផ្ទេរទីតាំងសាលាខណ្ឌចំការមនដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ទៅឲ្យសាលាខណ្ឌបឹងកេងកង ទីតាំងសាលាខណ្ឌចំការមនត្រូវស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់។

ចំណែកខណ្ឌកំបូលវិញត្រូវបានខាត់កាត់ចេញពីសង្កាត់ ០៦ ពីខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ រួមមាន ៖ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោកសង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនឹងកាត់ យកសង្កាត់មួយពីខណ្ឌដង្កោ នៃឯរាជធានីភ្នំពេញគឺសង្កាត់ប្រទះឡាង មានន័យថា ខណ្ឌកំបូលមានសង្កាត់ចំនួន ០៧ ៕ ដោយ ៖ កូឡាប

spot_img
×