Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​អំពាវនាវ​អោយមាន​ការដំឡើង​ពន្ធ​ថ្នាំជក់ ដើម្បី​បង្ការ​មនុស្ស​កុំអោយ​ស្លាប់​បន្ត ​និង​ធ្វើអោយ​ប្រសើរ​ដល់​ការថែទាំ​សុខភាព​

spot_img

​ភ្នំពេញ​ ៖ អ្នកជំនាញ​មក​ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ី​អ​គ្នេយ៍ (SEATCA) អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​អំពាវនាវ​អោយ​រាជរដ្ឋាភិបាល​កម្ពុជា ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​បន្ថែម ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ បង្ការ​កុំអោយ​មាន​អ្នកស្លាប់​បន្ត និង​បង្កើន​ប្រាក់​ចំណូល​ពន្ធ​បន្ថែម ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ពង្រឹង​ការថែទាំ​សុខភាព​សម្រាប់​ប្រជា​ពលរដ្ឋ​គ្រប់រូប​។ សន្និសីទ​សារព័ត៌មាន នៅ ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ មាន​សណ្ឋាគារ​សាន់វេ​។​

​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​លើសពី​២​លាន​នាក់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ក្នុងនោះ​មាន​អ្នក​ជក់បារី​ជាង​១.៥​លាន​នាក់ និង​អ្នក​ចុក​ថ្នាំជក់​ជិត​០.៥​លាន​នាក់​។ រីឯ​ការប្រើប្រាស់​ថ្នាំជក់​ក្នុង​ចំណោម​យុវជន ក៏​កំពុង​កើន​ឡើង​ដែរ​។​

“​គោលនយោបាយ​ពន្ធ​លើ​ថ្នាំជក់ ត្រូវបាន​ពង្រឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​គោលនយោបាយ​ទាំងនេះ ពុំ​ទាន់​ឆ្លើយតប​ទាំងស្រុង​ចំពោះ​ការកាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ និង​ការបង្កើន​ប្រាក់​ចំណូល​ពន្ធ​របស់​រា​ជ​រដ្ឋាភិបាល សម្រាប់​កម្មវិធី​អភិវឌ្ឍ​សង្គម​នៅ​ឡើយ​។ កម្ពុជា ហូតពន្ធ​តែ​២៥%​ទៅ​៣០%​ធៀប​នឹង​តំលៃ​លក់រាយ​ល់​ផលិតផល​ថ្នាំជក់ ហើយ​កម្ពុជា​ស្ថិត​ក្នុង​ចំ​ណោ​ប្រទេស​ដែល​មាន​អត្រា​ពន្ធ​លើ​ថ្នាំជក់​ទាប​ជាង​គេ​បំផុត ក្នុង​បណ្តា​ប្រទេស​អាស៊ាន​” ប្រសាសន៍​លោក​វេជ្ជ​. Ulysses Dorotheo, នាយក​ប្រតិបត្តិ សម្ព័ន្ធ SEATCA ”

“​ការដំឡើង​ពន្ធ​ថ្នាំជក់​អោយ​ខ្ពស់ គឺជា​វិធានការ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​មិន​ចំណាយ​ច្រើន​ទេ ដែល​វិធានការ​នេះ​ត្រូវបាន​ផ្តល់​អនុសាសន៍​ដោយ​អង្គការ​សុខភាព​ពិភពលោក ថា​ជា​វិធានការ​ឈ្នះ​ឈ្នះ ព្រោះ​វា​មិន​តម្រូវ​អោយ​រាជរដ្ឋាភិបាល​ចំណាយ​អ្វី​ទាំងអស់ ផ្ទុយទៅវិញ វា​បាន​ផ្តល់​នូវ​ប្រាក់​ចំណូល​ពន្ធ​សម្រាប់​ទ្រទ្រង់​ការថែទាំ​សុខភាព​ប្រជាពលរដ្ឋ​គ្រប់រូប ព្រមទាំង​កាត់​បន្ថយ​អ្នក​ជក់​បារី​និង​បង្ការ​កុំអោយ​មាន​ជម្ងឺ​ដែល​បង្ក​ដោយ​ថ្នាំជក់ នោះ​ជា​ការបង្ការ​កុំអោយ​មាន​អ្នកស្លាប់ និង​ទទួលបាន​ប្រាក់​ចំណូល​ពន្ធ​បន្ថែម​” ប្រសាសន៍​លោក​វេជ្ជ​. យ៉ិល ដារ៉ាវុធ តំណាង​អង្គការ​សុខភាព​ពិភពលោក ​។

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​បន្ថែមថា “​អ្នកជំនាញ​ផ្នែក​សុខភាព​និង​សេដ្ឋកិច្ច បាន​ឯកភាពគ្នា​ថា យើង​អាច​ទទួលបាន​ផលប្រយោជន៍​សុខភាព​សាធារណៈ​បាន លុះត្រាតែ​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ត្រូវបាន​គេ​ដំឡើង​ជា​ទៀងទាត់ អោយទាន់​កំរិត​អតិផរណា និង​ការកើនឡើង​នៃ​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​។ រាជរដ្ឋាភិបាល​គួរតែ​មាន​ទិសដៅ​ធ្វើយ៉ាងណា​អោយ​ផលិតផល​ថ្នាំជក់​មាន​តំលៃ​ថ្លៃ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​”​ ។​

​ការសិក្សា​បាន​បង្ហាញថា ប្រជាពលរដ្ឋ​មានលទ្ធភាព​ទិញ​បារី​២​ដង​ច្រើនជាង បើ​ប្រៀបធៀប​រវាង​ឆ្នាំ ២០១៦ ទៅនឹង​ឆ្នាំ​២០០២​។ ការអង្កេត​លើ​មតិ​យុវជន​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​២០១៨ បានបង្ហាញ​ថា យុវជន​ភាគច្រើន នឹង​ឈប់​ទិញ​បារី​ជក់ បើ​តំលៃ​បារី​ឡើងដល់​១០០០០​រៀល​ក្នុង​១​កញ្ចប់​។ បារី​ដែល​មាន​ពេញនិយម​ជាងគេ មានតំលែ​ត្រឹតតែ ២០០០​រៀល​ប៉ុណ្ណោះ បច្ចុប្បន្ន​។​

​ស្រប​តាម​ការណែនាំ​អន្តរជាតិ និងឧ​ត្ត​មានុ​វត្ត​ស្តី​ពី​ការហូត​ពន្ធ​ថ្នាំជក់ អ្នកជំនាញ​ក៏បាន​ផ្តល់​អនុសាសន៍​ថា រចនាសម្ព័ន្ធ​ពន្ធ​របស់​កម្ពុជា គួរតែ​ផ្លាស់ប្តូរ​ទៅ​ប្រព័ន្ធ​ជាក់លាក់ (uniform specific tax system) ដែល​ងាយស្រួល​ជាង​សម្រាប់​រដ្ឋបាល​សារពើពន្ធ ជាង​ប្រព័ន្ធ​បច្ចុប្បន្ន​។ ទន្ទឹមនឹងនោះ គួរតែ​តម្រូវអោយមាន​អាជ្ញាប័ណ្ណ​សម្រាប់​គ្រប់​អ្នក​ផលិត អ្នក​នាំ​ចូល អ្នក​ចែកចាយ និង​អ្នក​លក់រាយ​ផលិតផល​ថ្នាំជក់ ដើម្បី​សម្រួល​ដល់​ការប្រមូល​ពន្ធ និង​ប្រយុទ្ធប្រឆាំង​នឹង​ការផលិត​និង​ការនាំ​ចូល​ខុសច្បាប់ នូវ​ផលិតផល​ថ្នាំជក់​។​

​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ​២០១៥ ចង្អុលបង្ហាញ​វិធានការ​សំខាន់ៗ ពាក់ព័ន្ធ​ទៅនឹង​ការផ្គត់ផ្គង់ និង​ការកាត់បន្ថយ​តម្រូវការ​ថ្នាំជក់ រួមទាំង​វិធានការ​ពន្ធដារ​ផងដែរ ដោយ​សមស្រប​ជាមួយនឹង​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ​២០០៥​។​

​ការប្រើប្រាស់​ថ្នាំជក់ នៅតែ​ជា​មូលហេតុ​ចំបង​ដែល​បណ្តាលអោយ​ស្លាប់ ដែល​អាច​ជៀសវាង​បាន នៅក្នុង​ពិភពលោក​។ នៅ​កម្ពុជា ប្រជាពលរដ្ឋ​ប្រមាណ ​១០.០០០​ នាក់ ស្លាប់​ជា​រៀងរាល់​ឆ្នាំ​បណ្តាលមកពី​ជំងឺ​ដែល​បង្ក​ដោយ​ការប្រើប្រាស់​ថ្នាំជក់ ខណៈ​ដែល​ការព្យាបាល​ជម្ងឺ​ទាំងនេះ ត្រូវ​ចំណាយ​យ៉ាងហោចណាស់​ក៏​១៦២.៧០​លាន​ដុល្លារ​សហរដ្ឋ​ក្នុង​១​ឆ្នាំៗ ​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×