Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក​រំពឹងថា​នឹង​មាន​កំណើន​មធ្យម ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​បន្ត​មាន​បញ្ហា​ប្រឈម

spot_img

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ការិយាល័យ ធនាគារពិភពលោក​ប្រចាំ​រាជធានី​ភ្នំពេញ បាន​ចេញ​របាយការណ៍​ស្ដី​ពី​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក​ដែល​កំពុង​អភិវឌ្ឍ ត្រូវបាន​គន់គូរ​ថា​នឹង​ថមថយ​សន្ទុះ​ធ្លាក់​មក​នៅត្រឹម ៦​ភាគរយ ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ប្រៀប​ទៅ​នឹង​៦,៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ ដោយសារ​តែ​បញ្ហា​ប្រឈម​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុង​ជួបប្រទះ និង​ការដាក់ចេញ​គោលនយោបាយ​ដោយ​រដ្ឋាភិបាល​ចិន​ក្នុងការ​បន្ថយល្បឿន​ជា​ជំហានៗ​នូវ​កំណើន​សេដ្ឋកិច្ច កន្លងមក​។

​យ៉ាងណាក៏ដោយ បណ្តា​សេដ្ឋកិច្ច​នៅក្នុង​តំបន់​នេះ​បាន​ប្រឹង​ជម្នះ​ផុត​ពី​ស្ថានភាព​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​របស់​ផ្សារ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​២០១៨ បានល្អ​គួរសម ដោយសារតែ​មាន​ក្រប​ខណ្ឌ​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​គោលការណ៍​គ្រឹះ​រឹងមាំ ដែល​ក្នុងនោះ​រួមមាន សេដ្ឋកិច្ច​ដែល​មាន​សមាសភាគ​សម្បូ​រ​បែប អត្រា​ប្តូរ​ប្រាក់​មាន​លក្ខណៈ​បត់បែន​បាន និង​គោលនយោបាយ​គាំទ្រ​ដ៏​រឹង​ប៉ឹង​។

​ក្នុងខណៈដែល​គោលនយោបាយ​ផ្នែក​ពាណិជ្ជកម្ម​លែង​សូវ​មាន​ភាពស្រពេចស្រពិល​ដូច​មុន​បន្តិច​មែន កម្រិត​ពាណិជ្ជកម្ម​ទូទាំង​សកលលោក​ទំនងជា​នឹង​មាន​រក្សា​សភាព​មធ្យម​ដដែល នេះ​បើ​យោងតាម​របាយការណ៍ ការគ្រប់គ្រង​បញ្ហា​ប្រឈម (Managing Headwinds) ការបោះពុម្ពផ្សាយ​ខែមេសា ឆ្នាំ​២០១៩ របស់​ធនាគា​ពិភពលោក​និង​ការ​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​។ របាយការណ៍​បន្ថែមទៀត​ថា នៅក្នុង​ភាគច្រើន​នៃ​តំបន់​នេះ តម្រូវការ​ក្នុង​ស្រុក​នៅ​តែ​រក្សា​បាន​ភាពរឹងមាំ​នៅឡើយ ដែល​ជួយ​សម្រាល​បាន​ខ្លះ​នូវ​ការប៉ះទង្គិច​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ការ​នាំចូល​។

​លោកស្រី វិច​តូ​រី​យ៉ា ក្វា​ក្វា អនុប្រធាន​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក មានប្រសាសន៍ថា​៖ «​កំណើន​សេដ្ឋកិច្ច​មានភា​ពធន់​របស់​តំបន់​នេះ​គួរតែ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ដែល​បាន​ធ្លាក់​មក​នៅ​កម្រិត​ទាប​រួចទៅហើយ​ក្នុង​ប្រវត្តិសាស្ត្រ ឱ្យ​មក​នៅ​កាន់តែ​ទាប​ថែមទៀត​។ តាមពិតទៅ យើង​រំពឹងទុក​ថា នៅ​ត្រឹម​ឆ្នាំ​២០២១ ភាពក្រីក្រ​ធ្ងន់ធ្ងរ​នឹង​ធ្លាក់​ច្រើន​មក​នៅ​ក្រោម ៣​ភាគរយ​។​» លោកស្រី​មានប្រសាសន៍​បន្ត​ទៀត​ថា​៖ «​យ៉ាងណាក៏ដោយ ស្រប​ពេល​គ្នា​នេះ ពលរដ្ឋ​ប្រហែល ៥០០​លាន​នាក់​ក្នុង​តំបន់​នេះ​នៅតែ​បន្ត​ខ្វះ​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច ហើយ​ប្រឈម​នឹង​ហានិភ័យ​ដែល​ងាយ​ធ្លាក់ចុះ​ទៅ​ក្នុង​ភាពក្រីក្រ​វិញ ត្រង់នេះ​ជាការ​ក្រើនរំឭក​សំខាន់​មួយ​អំពី​ទំហំ​នៃ​បញ្ហា​ប្រឈម​ដែល​មាន​ចំពោះ​អ្នក​ធ្វើ​គោលនយោបាយ​នៅ​តាម​ប្រទេស​នី​មួយៗ​។​»

​នៅ​ប្រទេស​ចិន ការ​បន្ថយល្បឿន​កំណើនសេដ្ឋកិច្ច​តាម​ការកំណត់​របស់​គោល​នយោបាយ​រដ្ឋាភិបាល នឹង​ធ្វើឱ្យ​កំណើន​ធ្លាក់ចុះ​មក​នៅត្រឹម ៦,២​ភាគរយ ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ប្រៀប​ទៅ​នឹង​អត្រា ៦,៦​ភាគរយ ក្នុង​ឆ្នាំ​២០១៨​។ កំណើន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ប៉ាន់ប្រមាណ​ទុក​ថា​នឹង​គ្មាន​ការប្រែប្រួល​ទេ​ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​អត្រាកំណើន​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ថមថយ​ចុះ​បន្តិច​វិញ​ក្នុង​ឆ្នាំនេះ​។ នៅ​ប្រទេស​ហ្វ៊ីលិពីន ភាពយឺតយ៉ាវ​ក្នុង​ការអនុម័ត​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៩ ត្រូវបាន​គេ​រំពឹងថា​នឹង​ជះឥទ្ធិពល​ទៅលើ​កំណើន​របស់​ផលិតផល​ក្នុង​ស្រុប​សរុប (​ផ​.​ស​.​ស​) ក្នុង​ឆ្នាំនេះ ប៉ុន្តែ​កំណើន​ត្រូវបាន​រំពឹងទុក​ថា​នឹង​ងើបឡើង​នៅក្នុង​ឆ្នាំ​២០២០​។

សម្រាប់​បណ្តា​ប្រទេស​មាន​ទំហំ​សេដ្ឋកិច្ច​តូច​ជាង​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក ទស្សនវិស័យ​សម្រាប់​កំណើន​នឹង​នៅតែ​បន្ត​មាន​ភាព​អនុគ្រោះ​។ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​បង្កើនល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឡាវ និង​ម៉ុង​ហ្គោលី​។ នៅ​ប្រទេស​កម្ពុជា កំណើន​ត្រូវបាន​គេ​គន់គូរ​ទុក​ថា​នឹង​បន្ត​មាន​លក្ខណៈ​ស្វាហាប់ តែ​ក្នុង​ជំហាន​មួយ​យឺត​ជាង​នៅក្នុង​ឆ្នាំ​២០១៨​បន្តិច ដោយសារ​តែ​ទីផ្សារ​ក្រៅ​ប្រទេស​មាន​តម្រូវការ​ទាប​ជាង​ការរំពឹងទុក​។ គោល​នយោបាយ​ពង្រីក​ផ្នែក​សារពើពន្ធ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជំរុញ​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ថែម​ទៀត ក្នុង​រយៈពេល​ខ្លី ជាមួយគ្នា​នោះ​ដែរ កំណែទម្រង់​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ​ឱ្យមាន​កំណើន​ក្នុង​រយៈពេល​មធ្យម​។ នៅ​ប្រទេស ប៉ាពួ នូ​ហ្គី​ណេ កំណើន​ត្រូវបាន​រំពឹងទុក​ថា​នឹង​មាន​និន្នាការ​ងើបឡើង បន្ទាប់​ពី​សេដ្ឋកិច្ច​រើប​ខ្លួន​ឡើងវិញ​បន្ទាប់ពី​មាន​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ក្នុង​ឆ្នាំ​២០១៨​។ នៅ​ប្រទេស ហ្វ៊ី​ជី កំណើន​ត្រូវបាន​ប៉ាន់​ទុក​ថា​នឹង​បន្ត​កើនឡើង ប៉ុន្តែ​ទំនងជា​ក្នុង​ជំហាន​មិនសូវ​រហ័សរហួន​ដូច​មុន​ទេ ដោយសារ​ថា​កិច្ចប្រឹងប្រែង​ជិត​ចូល​ដល់​ទីបញ្ចប់​ហើយ​នៅក្នុង​ការកសាង​ឡើងវិញ​ក្រោយ​ពី​រង​ការខូចខាត​ដោយសារ​ខ្យល់ព្យុះ​ស៊ី​ក្លូន​។

​លោក អេន​ឌ្រូ ម៉េ​សុន នាយក​ស្តីទី​ផ្នែក​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក មានប្រសាសន៍ថា​៖ «​ខណៈ​ដែល​ចក្ខុវិស័យ​សេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក​ជា​រួម​នៅ​តែ​បន្ត​មាន​ភាព​វិជ្ជមាន​ក៏ពិតមែន សំខាន់​គេ​ត្រូវ​ទទួលស្គាល់​ថា​តំបន់​នេះ​បន្ត​ប្រឈមមុខ​ទៅ​នឹង​សម្ពាធ​កាន់តែ​ច្រើនឡើង​ដែល​ចាប់​មាន​តាំងពី​ឆ្នាំ​២០១៨ មកម្ល៉េះ ដែល​នឹង​អាច​នៅ​តែ​ជះ​ផល​មិន​ល្អ​ទៅ​លើ​សេដ្ឋកិច្ច​។ ភាពមិនប្រាកដប្រជា​ដែល​បន្ត​មាន បណ្តាលមកពី​កត្តា​នានា រួម​មាន​ការ​ថមថយ​ល្បឿន​សេដ្ឋកិច្ច​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន លទ្ធភាព​ដែល​ការ​បន្ថយល្បឿន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កើតឡើង​រហ័ស​ជាង​ការរំពឹងទុក​ទៅទៀត និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ដែល​មិន​ទាន់​ដោះស្រាយ​រួច​។​» លោក​មានប្រសាសន៍​ថែម​ទៀត​ថា​៖ «​បញ្ហា​ប្រឈម​ដែល​កំពុង​កើន​មាន​ទាំង​ប៉ុន្មាន ចាំបាច់​ត្រូវតែ​មាន​ការគ្រប់គ្រង​ឱ្យបាន​ស្វាហាប់​បំផុត​។​»

របាយការណ៍​នេះ​រៀបរាប់​លម្អិត​នូវ​វិធានការ​ឆ្លើយតប​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង សម្រាប់​ជម្នះ​ហានិភ័យ​ដែ​ល​នៅមាន​ ។ សម្រាប់​រយៈពេល​ខ្លី របាយការណ៍​ស្នើឱ្យ​ពង្រឹង​កញ្ចប់​ថវិកា​គាំទ្រ​ដែល​ត្រូវបាន​រួញ​តូច​ជាង​មុន រាប់​ទាំង​ការបំពេញ​ឡើងវិញ​នូវ​ទុន​បម្រុង​អន្តរជាតិ​ដែល​ត្រូវបាន​ដក​យកមកប្រើ​សម្រាប់​គ្រប់គ្រង​អត្រា​ប្តូរ​ប្រាក់​ឡើង​ចុះ​ក្នុង​ឆ្នាំ​២០១៨​។ គោលនយោបាយ​រូបិយវត្ថុ​ក៏​ប្រហែលជា​ចាំបាច់​ត្រូវ​ធ្វើ​ការកែសម្រួល​ផងដែរ ដើម្បី​ឱ្យ​វា​រក្សាបាន​អព្យាក្រិតភាព នៅពេល​ដែល​លែង​សូវ​មាន​ហានិភ័យ​នៃ​ការហូរ​ទុន​ចេញ​ទៅ​ក្រៅប្រទេស​។ របាយការណ៍​បាន​រំលេច​ដែរ​នូវ​សារសំខាន់​ក្នុង​ការបន្ត​ធ្វើ​កំណែទម្រង់​ជា​រចនាសម្ព័ន្ធ​ក្នុង​រយៈពេល​មធ្យម ដើម្បី​បង្កើន​ផលិតភាព ជំរុញ​ភាព​ប្រកួតប្រជែង​ឱ្យ​ខ្លាំងក្លា​ឡើង បង្កើត​ឱកាស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​វិស័យ​ឯកជន និង​ពង្រឹង​មូលធន​មនុស្ស​ក្នុងប្រទេស​។

​របាយការណ៍​ធ្វើ​ទឡ្ហីករណ៍​ថា ប្រពល​ភាព​របស់​ហានិភ័យ​មួយចំនួន​ក៏​រំលេច​ឱ្យឃើញ​ផងដែរ​នូវ​ភាពចាំបាច់​ក្នុង​ការបន្ត​ធ្វើ​ការវិនិយោគ​ទៅលើ​ជំនួយ​ឧបត្ថម្ភ​ផ្នែក​សង្គមកិច្ច និង​កម្មវិធី​ធានារ៉ាប់រង ដើម្បី​ការពារ​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​។ បច្ចុប្បន្ននេះ តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក​ដែល​កំពុង​អភិវឌ្ឍ មាន​អត្រា​គ្របដណ្តប់​របស់​ជំនួយ​ផ្នែក​សង្គមកិច្ច​ទាប​ជាងគេ​ក្នុង​ចំណោម​ពលរដ្ឋ​២០​ភាគរយ​ដែល​ក្រីក្រ​បំផុត បើ​ប្រៀប​ទៅ​នឹង​តំបន់​កំពុង​អភិវឌ្ឍ​ដទៃទៀត​។

​របាយការណ៍​ក៏​បាន​ធ្វើការ​សង្កត់ធ្ងន់ដែរ​លើ​សារ​សំខាន់​សម្រាប់​បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិក ធ្វើយ៉ាងណា​រក្សា​ឱ្យបាន​នូវ​ចីរភាព​បំណុល តាមរយៈ​ការគ្រប់គ្រង​បំណុល​ឱ្យបាន​ល្អ គុណភាព​ការចំណាយ និង​កសាង​ឡើង​នូវ​លំហ​សារពើពន្ធ​មួយ​។ ក្នុង​ខណៈ​ដែល​បំណុល​សាធារណៈ​នៃ​បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិក​នៅ​មាន​កម្រិត​ទាប​គួរសម​នៅឡើយ កត្តា​រចនាសម្ព័ន្ធ ដូច​ជា​ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​មធ្យម​ក្នុង​រយៈពេល​ខ្លី ភាព​រងគ្រោះ​ខ្ពស់​ដោយ​សារ​គ្រោះមហន្តរាយធម្មជាតិ និង​ថ្លៃ​ចំណាយ​ខ្ពស់​សម្រាប់​សេវា​សាធារណៈ​និង​ហេដ្ឋារចនាសម្ព័ន្ធ បានដាក់ឲ្យ​ប្រទេស​ទាំងនោះ​ងាយ​មាន​ហានិភ័យ​ខ្ពស់​ដោយសារ​បន្ទុក​បំណុល​៕​ ដោយ​៖​កូឡាប

spot_img
×