Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​រៀបចំ សមយុទ្ធ​បាញ់​គ្រាប់​ពិត “​ហនុមាន​មាស ២០១៩” នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជុំ​គិរី

spot_img

​ភ្នំពេញ ​៖ ​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី 25 ខែមេសា ឆ្នាំ 2019 នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា​ ​សូម​គោរព និង​ជម្រាបសួរ ប្រិយមិត្ត​លើ​បណ្តាញ​សង្គម Facebook សាធារណ​ជនជាតិ និង​អន្តរជាតិ ជាទីគោរព​រាប់អាន ថា នៅ​ដើមខែ​ក្រោយនេះ កម្ពុជា​នឹង​រៀបចំ សមយុទ្ធ​បាញ់​គ្រាប់​ពិត “​ហនុមាន​មាស ២០១៩” នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជុំ​គិរី ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងវែង ស្រុក​ជុំ​គិរី ខេត្តកំពត រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩​។​

​លោកអ្នក​នាំពាក្យ​បាន​បន្ថែមថា “​ហនុមាន​មាស ២០១៩” ត្រូវបាន​ធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព ចំណេះដឹង បណ្តា​ជំនាញ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងទ័ពជើងគោក ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី នាពេល​បច្ចុប្បន្ន និង​អនាគត​។ សមយុទ្ធ​នេះ​ក៏​ជា​ការវាស់ស្ទង់​សមត្ថភាព ក្រោយពី​ធ្វើការ​ហ្វឹកហ្វឺន​តាម​បណ្តា​សាលា និង​កងឯកភាព​រួច​ផងដែរ​។ មួយវិញទៀត សមយុទ្ធ​ហនុមាន​មាស នឹង​ជួយ​លើកកម្ពស់​សមត្ថភាព គុណភាព ផ្តល់​ចំណេះដឹង​ការងារ​សេនាធិការ ក្នុង​ការធ្វើ​សមយុទ្ធ​ដល់​កម្មសិក្សា នាយទាហាន​សេនាធិការ ក្នុងការ​សហការ​រវាង​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ ក្នុងពេល​ហ្វឹកហ្វឺន ក៏​ដូច​ក្នុងពេល​ប្រយុទ្ធ​ថែមទៀត​។​

​ពិធី​បើក​សមយុទ្ធ​បាញ់​គ្រាប់​ពិត “​ហនុមាន​មាស ២០១៩” នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។ ចំណែក​ពិធី​បិទ​សមយុទ្ធ​ដ៏​សំខាន់​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នា​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩​។​

​សមយុទ្ធ​ហនុមាន​មាស​២០១៩ នឹងមាន​កម្លាំងយោធា​ចូលរួម​ចំនួន​១៥៩៥​នាក់ ដែល​ក្នុងនោះ មាន​មកពី បណ្តា​ជំនាញ​តាម​អង្គភាព វិទ្យាស្ថាន​កងទ័ពជើងគោក បញ្ជាការដ្ឋាន​អង្គរក្ស ទ័ព​ជើង​អាកាស បញ្ជាការដ្ឋាន​ការពារ​អាកាស វិទ្យាស្ថាន​កងទ័ពជើងគោក បញ្ជាការដ្ឋាន​បញ្ជូន​សារ ក​.​ជ​.​គ កងពលតូច​លេខ​៧០ កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ បញ្ជាការដ្ឋាន​វិស្វកម្ម ក​.​ជ​.​គ ការិយាល័យ​ទី​៥ ក​.​ជ​.​គ ក្រុម​គ្រូ ក្រុម​សេនាធិការ​ក្នុង​ទីបញ្ជាការ កងពល​ដឹកជញ្ជូន​លេខ​៩០ ឧ​ទ្ទ​ការ​ល័យ ក​.​ជ​.​គ ផងដែរ​។​

​ដោយឡែក​សម្រាប់ អាវុធយុទ្ធភណ្ឌ ដែល​នឹង​ប្រើប្រាស់​ក្នុង​សមយុទ្ធ​នេះ មានដូចជា កាំភ្លើង​ធំ​១៥២​ម​ម និង​១២២​ម​ម កាំភ្លើង​២៣​ម​ម កាំភ្លើង​៣៧​ម​ម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​ដឹកជញ្ជូន ឧ​ត្ថ​ម្ភា​គ​ចក្រ ។​ល​។​

​ហនុមាន​មាស ២០១៩ ត្រូវបាន​ធ្វើឡើង​ចំនួន​៣​លើក​រួចទៅហើយ ដោយ​លើក​ទី​១​នៅ​ឆ្នាំ​២០១០ លើក​ទី​២ នៅ​ឆ្នាំ​២០១៣ លើក​ទី​៣ នៅ​ឆ្នាំ​២០១៨​។ ការហ្វឹកហ្វឺន​នេះ មិនបាន​គំរាមកំហែង​ដល់​នរណា​ឡើយ ផ្ទុយទៅវិញ​ការហ្វឹកហ្វឺន​នេះ មាន​គោលដៅ​ពង្រឹងសមត្ថភាព​កងទ័ព​បន្ថែមទៀត​ប៉ុណ្ណោះ​។

​ឆ្លៀត​ក្នុងឱកាស​នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ហ្វឹកហ្វឺន ក្នុងស្រុក​ជុំ​គិរី ខេត្តកំពត កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការបាញ់​សមយុទ្ធ​នេះ ហើយក៏​ស្នើសុំ​បងប្អូន​យោគយល់ បើសិនជា​ការធ្វើ​សមយុទ្ធ​មាន​សំឡេង​រំខាន​មួយរយៈ​ពេល​ខ្លី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×