Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​ចិន​ខេត្ត​លាវ​នី​ង គ្រោង​វិនិយោគ​បង្កើត​ទីក្រុង​សម្ព័ន្ធភាព និង​សួន​ឧស្សាហកម្ម​លាវ​នី​ង នៅក្នុង​ខេត្ត​ព្រះសីហនុ​

spot_img

(​ភ្នំពេញ​)៖ ប្រតិភូ​ខេត្ត​លាវ​នី​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ចេតនា​វិនិយោគ​បង្កើត​ទីក្រុង​សម្ព័ន្ធភាព និង​សួន​ឧស្សាហកម្ម​កម្ពុជា​-​លាវ​នី​ង នៅ​ក្រុងព្រះសីហនុ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កម្មន្តសាល និង​រឹតចំណង​មិត្តភាព​ជា​មួយ​ខេត្ត​ព្រះសីហនុ​។ គម្រោង​វិនិយោគ​នេះ ត្រូវបាន​បង្ហើប​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង លោក ជិន គួ​យ​ហ្វា (Chen Qiufa) លេខា​បក្ស​កុំ​ម្មុយ​នី​ស​ខេត្ត​លាវ​នី​ង កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ ភូ​គី​ត្រា​។​

​នៅក្នុង​ឱកាស​នោះ លោក ជិន គួ​យ​ហ្វា បាន​ជម្រាប អំពី​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​សំខាន់ៗ​របស់​ខេត្ត​លាវ​នី​ង ព្រម​ទាំង​គម្រោង​សាងសង់​ទីក្រុង​សម្ព័ន្ធភាព (Sister City) ខេត្ត​លាវ​នី​ង និង​ខេត្ត​ព្រះសីហនុ រួមមាន​ទាំង​សួន​ឧស្សាហកម្ម​កម្ពុជា​-​លាវ​នី​ង (Liaoning-Cambodia Industrial Park) ដែល​អាច​នាំមក​នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​។​

​លោក ជិន គួ​យ​ហ្វា បាន​ស្នើសុំ លោក​រដ្ឋមន្ត្រី ធ្វើ​ការគាំទ្រ​គម្រោង​វិនិយោគ​ខាងលើ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ខេត្ត​លាវ​នី​ង នៃ​ប្រទេស​ចិន និង​ខេត្ត​ព្រះសីហនុ នៃ​ប្រទេស​កម្ពុជា ស្រប​តាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។​

​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការគាំទ្រ ចំពោះ​សំណើ​របស់ លោក ជិន គួ​យ​ហ្វា និង​បាន​សន្យា​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​របស់​ខេត្ត​លាវ​នី​ង ឱ្យ​លេច​រូបរាង​ឡើង​ប្រាកដ​នាពេល​អនាគត ដើម្បី​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​បន្ថែម​ជូន​ប្រជាជន ជា​ពិសេស​ជំរុញ​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ ឱ្យ​កាន់តែ​មាន​វឌ្ឍនភាព​ខ្ពស់​ថែម​ទៀត​។​

​លោក​រដ្ឋមន្ត្រី បាន​ស្នើសុំ លោក ជិន គួ​យ​ហ្វា និង​ប្រតិភូ ធ្វើ​ការវិនិយោគ​សាងសង់​ឡ​សម្ងួត ដើម្បី​រក្សា​ទុក​កសិផល​ខ្មែរ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បម្រើ​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ សំដៅ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន និង​ទីផ្សារ​អន្តរជាតិ ដោយសារ​តែ​កម្ពុជា គឺជា​ប្រទេស​កសិកម្ម​ដែល​សម្បូរ​ដោយ​ភោគផល​ធម្មជាតិ​មានដូចជា​៖ ស្រូវ ស្វាយ ចេក ពោត ផ្លែ​មាន និង​ដំឡូង​មី ជាដើម​។​ល​។ បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​លោក​លេខា​បក្ស​ខេត្ត​លាវ​នី​ង ជួយ​គាំទ្រ​កម្ពុជា ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ខេត្ត​លាវ​នី​ង និង​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍ ព្រមទាំង​វេទិកា​ធុរកិច្ច និង​វិនិយោគ​ផ្សេងៗ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​លាវ​នី​ង​៕​ ដោយ​៖​កូឡាប​

spot_img
×