Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ស្តីទី​ក្រសួងពាណិជ្ជកម្ម ៖ កម្មសិទ្ធិបញ្ញា​អាចជួយ​ធានា​ឲ្យ​មាននូវ​តម្លៃ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​វិស័យ​កីឡា​

spot_img

(​ភ្នំពេញ​) ៖ ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក ក្រោម​ប្រធានបទ “​ការឈានទៅរក​ឱកាស​មាសៈ កម្មសិទ្ធិបញ្ញា និង​កីឡា​” បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព​លោក​កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​ក្រសួងពាណិជ្ជកម្ម និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាង​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក កីឡាករ កីឡាការិនី និង​និស្សិត សរុប​ចំនួន ៣២៨ នាក់​។

​ថ្លែង​នៅក្នុង​ឱកាស​ពិធី​បើក​ប្រារឰ​ទិវា​នេះ លោក​កឹម ស៊ីថន បាន​មានប្រសាសន៍ថា ចាប់តាំងពី​ឆ្នាំ​២០០០ រហូតមក ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២៦ ខែមេសា អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក តែងតែ​ដាក់ចេញ​នូវ​ប្រធាន​បទ​ប្រចាំឆ្នាំ​ផ្សេងៗ​គ្នា ដើម្បី​ប្រារព្ធ​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក ហើយ​ប្រទេស​នីមួយៗ​បានរៀបចំ​ការ​ប្រារព្ធ​ទិវា​នេះ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ដើម្បី​ជាការ​ផ្ញើ​សារ​ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់​នៃ​កម្មសិទ្ធិបញ្ញា ដែលជា​ឧបករណ៍​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​។​

​លោក​រដ្ឋមន្ត្រី​ស្តីទី មានប្រសាសន៍​បន្តថា ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​ក្នុងឆ្នាំនេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធាន​បទ គឺ “​ការឈានទៅរក​ឱកាស​មាសៈ កម្មសិទ្ធិបញ្ញា​និង​កីឡា​” ”Reach for Gold: IP and Sports”​។ ជាក់ស្តែង កម្មសិទ្ធិបញ្ញា​មិន​ត្រឹមតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការជំនួញ​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​កម្មសិទ្ធិបញ្ញា​ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កីឡា ទៅតាម​ការវិវត្តន៍​នៃ​វិស័យនេះ​។ បច្ចុប្បន្ននេះ ឧស្សាហកម្ម​កីឡា ត្រូវបាន​ចាត់ទុកជា​ឧស្សាហកម្ម​លំដាប់​ពិភពលោក​មួយ ដែល​អាច​រកចំណូលបាន​រាប់​កោដ្ឋ​ដុល្លារ​សហរដ្ឋអាមេរិក និងបង្កើត​​​ការងារ​ឲ្យ​មនុស្សជាតិ​រាប់លាន​នាក់ ហើយ​វិស័យ​កីឡា​ក៏​ជា​វិស័យ​កំសាន្ត​មួយ​យ៉ាងសំខាន់ សម្រាប់​មនុស្ស​ភាគច្រើន​ទូទាំង​ពិភពលោក​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​ស្តីទី បាន​លើកឡើងថា ទំនាក់ទំនង​រវាង​វិស័យ​កីឡា និង​កម្មសិទ្ធិបញ្ញា​កាន់​តែមាន​ភាពជិតស្និទ្ធ និង​មិនអាច​ខ្វះ​គ្នា​បាន ហើយ​កម្មសិទ្ធិបញ្ញា​អាចជួយ​ធានា​ឲ្យ​មាននូវ​តម្លៃ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​វិស័យ​កីឡា​។ ការប្រកួត​កីឡា កាន់​តែមាន​ភាពស្វិតស្វាញ និង​ផាសុខភាព ដោយសារ​បច្ចេកវិជ្ជា សម្ភារៈ និង​ឧបករណ៍​កីឡា ដែល​បង្កើតឡើង​ដោយ​គំនិត​ច្នៃប្រឌិត​ពី​បញ្ញា​របស់​មនុស្ស ដែល​បាន​ការពារ​ដោយ​ច្បាប់​កម្មសិទ្ធិបញ្ញា​។ ជាការ​តបស្នង​ទៅនឹង​ការបង្កើត​ថ្មី​ទាំងនេះ ម្ចាស់​សិទ្ធិ​អាច​ទទួលបាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដ៏​មហាសាល​ពី​សិទ្ធិផ្តាច់មុខ​ដែល​បាន​ការពារ​។​

​លោក​រដ្ឋមន្ត្រី​ស្តីទី បាន​មានប្រសាសន៍​បន្ថែមទៀត​ថា តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នាពេល​បច្ចុប្បន្ន មនុស្ស​ទូទាំង​សកលលោក​អាច​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​កីឡា​បាន​គ្រប់​ទីកន្លែង​។ ការផ្តល់​សិទ្ធិ​ផ្សព្វផ្សាយ​ដល់​អង្គភាព​ទូរ​ផ្សាយ ដោយ​ភ្ជាប់​នឹង​ការ​ផ្សា​ព្វ​ផ្សាយ​ម៉ាក​ផលិតផល​របស់​ក្រុមហ៊ុន​នានា តាមរយៈ​ព្រឹត្តិការណ៍​ទាំងនេះ បានធ្វើ​ឲ្យ​ឧស្សាហកម្ម​កីឡា​អាច​រកចំណូលបាន​រាប់លាន​ដុល្លារ​។ មិន​ត្រឹមតែ​ឧស្សាហកម្ម​កីឡា និង​ក្រុមហ៊ុន​ដែលជា​ម្ចាស់​ម៉ាក​ផលិតផល​នោះទេ ដែល​ទទួលបាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ទាំងនេះ កីឡាករ​ក៏​ទទួលបាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​នេះ​ផងដែរ​។ បច្ចុប្បន្ន កីឡាករ​មួយចំនួន ជាពិសេស​កីឡាករ​បាល់ទាត់​មានតម្លៃ​ខ្លួន​រាប់លាន​ដុល្លារ ហើយ​តំណាង​ឲ្យ​ផលិតផល​ល្បីៗ ឬ​អាច​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​ធ្វើ​អាជីវកម្ម​លើ​រូបតំណាង​របស់ខ្លួន ដែល​ទាំងនេះ​សុទ្ធសឹងតែ​ផលប្រយោជន៍​ដែល​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​កម្ម​សិទ្ធិ​បញ្ញា និង​កីឡា ដែល​ក្រុមហ៊ុន​នានា​អាច​ទាញយក​ឱកាស​ទាំងនេះ​បង្កើតជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​សម្រាប់​ក្រុមហ៊ុន​របស់ខ្លួន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×