Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​លែង​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ ២០​ក្បាល ចូលក្នុង​ទីជម្រក​ធម្មជាតិ នា​ស្រុក​កំពង់​សិលា​..!

spot_img

ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​អង្គការ​សមាគម​ការពា​រ​អភិរក្ស​សត្វព្រៃ​(WCS) បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែមេសា​នេះ អង្គការ WCS បាន​នាំ​សត្វ​អណ្ដើក​ហ្លួង​ចំនួន ២០​ក្បាល​ទៀត យកទៅ​លែង​ឲ្យ​រស់នៅក្នុង​ព្រែក​ធម្មជាតិ​វិញ​។ ពិធី​នេះ រៀបចំ​នៅ​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​ទំនាក់ទំនង​សាធារណៈ នៃ​អង្គការ (WCS) បាន​ឲ្យ​ដឹងថា អណ្ដើក​ហ្លួង​ទាំង​២០​ក្បាល ដែល​ត្រូវ​នាំយកទៅ​លែង​នោះ គឺ​បានមកពី​ការ​ភ្ញាស់​ពង របស់​សត្វ​អណ្ដើក​ហ្លួង ដែល​យក​ចេញពី​សម្បុក​ពង របស់​វា ហើយ​យកទៅ​ភ្ញាស់ នៅ​មជ្ឈមណ្ឌល ចិញ្ចឹម​អណ្ដើក​ហ្លួង មាន​ទីតាំង នៅ​ខេត្តកោះកុង​។​

​លោក សោម ស៊ីថា នាយក​គ្រប់គ្រង​អង្គការ​(WCS) ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា រាប់​ប​ញ្ជូ​ល​ទាំង​លើក​នេះ បាន​លែង​សត្វ​អណ្ដើក​ហ្លួង ចូលទៅក្នុង​ព្រែក​ធម្មជាតិ បាន​ចំនួន ៣​លើក​ហើយ គឺ​កាលពី​ឆ្នាំ​២០១៥ មាន​ចំនួន​២១​ក្បាល​, ឆ្នាំ​២០១៧ ចំនួន​២៥​ក្បាល និង​ឆ្នាំ​២០១៩​នេះ បាន​លែង​ចំនួន​២០​ក្បាល​ទៀត​។​

​កម្មវិធី​លែង​សត្វ​អណ្ដើក​ហ្លួង នៅ​ថ្ងៃទី​២៦ ខែមេសា​នេះ បានរៀបចំ​ឡើង​នៅ​ភូមិ​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

​លោក សោម ស៊ីថា បន្តថា សត្វ​អណ្ដើក​ហ្លួង​ទាំង ២០​ក្បាល​ខាងលើនេះ មាន​អាយុប្រមាណ ១២​ឆ្នាំ​។ ហើយ​ថា សត្វ​អណ្តើក​ហ្លួង ដែល​បាន​នាំយកទៅ​លែង​ឲ្យ​រស់​តាមបែប​ធម្មជាតិ​វិញ​នេះ គឺមាន​បំពាក់​ឧបករណ៍​តាមដាន​ជាប់​ខ្លួន​វា ហើយ​អង្គការ WCS ក៏មាន​ឧបករណ៍​សម្រាប់​តាមដាន មើល​ការ​បំលាស់​ទី របស់​ពួកវា​ផងដែរ​។​

​ទាក់ទង​បញ្ហា​នេះ លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​លែង​សត្វ​អណ្តើក​ហ្លួង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​។ លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ​តាម​ការប៉ាន់ស្មាន​អណ្តើក​ហ្លួង ដែល​កំពុងតែ​រស់នៅក្នុង​ព្រែក​ធម្មជាតិ នា​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ អាចមាន​ចន្លោះ​ចាប់ពី ៧០ ទៅ ៨០​ក្បាល​តែប៉ុណ្ណោះ​។ ហើយ​ថា វា​ជា​ប្រភេទ​សត្វ​នៅក្នុង​បញ្ជី​ក្រហម នៃ​សត្វ​ជិត​ផុត​ពូជ​នៅក្នុង​ពិភពលោក​។

​លោក អេង ជា​សាន បន្តថា ការបាត់បង់​សត្វ​នេះ​នៅ​កម្ពុជា​ដោយសារ​មនុស្ស​ចេះតែ​ចាប់​វា​ធ្វើ​ចំណី និង​បាត់​បង់​ដោយសារ​បាត់​ជំរក របស់​វា ដោយ​សកម្មភាព បូម​ខ្សាច់ នាំ​ឲ្យ​បាត់​ជម្រក​ពង​កូន របស់​ពួកវា​ជាដើម​..​។​

​កម្មវិធី​លែង​អណ្តើក​ហ្លួង ឬ​សត្វ​អណ្តើក​សរសៃ​ខាងលើនេះ មានការ​ចូលរួម​ពី លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​កម្ពុ​ជា​, លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អុ​ឺ​រ៉ុ​ប ប្រចាំ​កម្ពុជា អាជ្ញាធរ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ព្រមទាំង​មន្ត្រី​អាជ្ញាធរ​អង្គភាព​ពាក់ព័ន្ធ​, អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​ដៃគូ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​កម្មវិធី​លែង​សត្វ​អណ្ដើក​ហ្លួង ឬ​សត្វ​អណ្តើក​សរសៃ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹង​ត្រាវ ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​៕​ ដោយ ៖ ដែន សីមា

spot_img
×