Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន ៖​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ជាការ​​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​

spot_img

​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមេសា​ឆ្នាំ ២០១៩ នេះ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​បើក​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ ដែល​ពិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ព្រមទាំង​បណ្ដា​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​ទៀតផង​ដែរ​។

​ថ្លែង​សុន្ទរកថា​នៅក្នុង​ឱកាស​នៃ​ពិធី​បើក​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​នេះ​ផងដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ដែលមាន​ខ្លឹមសារ​ថា​៖ សម្ដេច​ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​នៅក្នុង​វេទិកា​នេះ ហើយ​សម្តេច​កត់សម្គាល់​ឃើញថា​ក្នុង​រយៈពេល​ជិត ៦​ឆ្នាំ​នៃ​ការអនុវត្តន៍​កន្លងមក គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» សម្រេចបាន​ផ្លែផ្កា​ជាច្រើន សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​លើ​សាកលលោក​ទាំង​ក្នុង​ការតភ្ជាប់​រូបវ័ន្ត និង​សម្របសម្រួល​គោលនយោបាយ ការវិនិយោគ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង​ការផ្លាស់ប្តូរ​វប្បធម៌ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ដែល​វឌ្ឍនភាព​ទាំងនេះ ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នៃ​លំហូរ​ពាណិជ្ជកម្ម លំហូរ​មូលធន លំហូរ​ទេសចរណ៍ ការផ្លាស់ប្តូរ​វប្បធម៌ និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម​។​

​ប្រការនេះ បាន​ចូលរួមចំណែក​ដល់​ការលើកស្ទួយ​សុខមាលភាព និង​ការអភិវឌ្ឍ​តំបន់​របស់​យើង​ទាំង​ក្នុង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​។ លើសពីនេះ​ទៀត ចំនួន​ប្រទេស​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​នេះ​ជាស​ញ្ញា នៃ​ការរីកដុះដាល និង​ភាព​កាន់តែ​រឹងមាំ​ជា​លំដាប់​នូវ​ការផ្តល់​សេចក្តី​គាំទ្រ និង​ការជឿទុកចិត្ត​លើ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» សម្រាប់​ការលើកកម្ពស់​សន្តិភាព ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពង្រឹង​វិបុលភាព​តំបន់ និង​នៅលើ​សាកលលោក​។​

​ជាមួយ​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» វេទិកា​លើក​ទី​២​នាពេលនេះ នឹង​ផ្តល់ឱកាស​ឱ្យ​យើងទាំងអស់គ្នា ដែលជា​ប្រជាជាតិ​មានការ​ជឿជាក់​លើ​សាកល​ភា​វូ​ពាណិជ្ជកម្ម និង​ការបើកចំហ​សេដ្ឋកិច្ច​ដោយ​ឈរលើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ​ជា​ដៃគូ​យូរអង្វែង រួមគ្នា​ពង្រឹងកម្លាំង​សាមគ្គី និង​ពូត​ដៃ​គ្នា​ការពារ​ផលប្រយោជន៍ និង​វិបុលភាព​រួម​ពិភាក្សា និង​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ និង​ការប្តេជ្ញាចិត្ត​យ៉ាងពិត​ប្រាកដ ដើម្បី​សម្រេច​ឱ្យបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ថ្មីៗ​បន្ថែមទៀត​។

​សម្តេច​តេ​ជោ​បាន​បន្តថា សម្រាប់​កម្ពុជា​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌​។ ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ដែលជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន និង​ជា​សក្ខីភាព​មួយ​យ៉ាងច្បាស់​នៃ​ការកសាង​គម្រោង​ផែនការ​សហប្រតិបត្តិកា​រ «​ខ្សែក្រវាត់ និង​ផ្លូវ​» រវាង​ប្រទេស​ទាំងពីរ​។ គម្រោង​ទាំងនេះ​ទទួលបាន​ជោគជ័យ​ល្អប្រសើរ ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​១៦១ កំពុង​ធ្វើ​សហប្រតិបត្តិការ​។ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន ១៤៨ និង​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុ​ជាជាង ២​ម៉ឺន​នាក់​។​

​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ជំ​ហ៊ាន​ពីរ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ប្រមាណ ៨​ម៉ឺន​នាក់​បន្ថែមទៀត​។ សមិទ្ធផល​ថ្មី​មួយទៀត​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ គឺ​កម្ពុជា​សម្រេចបាន​នូវ​ការកសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​នឹង​ក្លាយទៅជា​កម្លាំងចលករ​មួយ​ចូលរួម​កែប្រែ​វិមាត្រ​សេដ្ឋកិច្ចកម្ពុជា និង​បង្កើន​ការតភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរឡើង​។

​សម្តេច​តេ​ជោ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» កំពុង​បង្កើត​កម្លាំងចលករ​ថ្មី​សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​លើ​សាកលលោក ដើម្បី​បុព្វហេតុ​សន្តិសុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ក្នុង​ស្មារតី​នេះ យើង​ពិត​ជាមាន​តម្រូវការ​ចាំបាច់​ក្នុងការ​ជំរុញ​កសាង​សាមគ្គីភាព និង​ការយោគយល់​គ្នា​ដោយ​ផ្អែកលើ​តម្លៃ​នៃ​គុណធម៌ សាមគ្គីភាព មិត្តភាព និង​ជំនឿ​ទុកចិត្ត និង​សមភាព​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស រវាង​ប្រជាជន និង​ប្រជាជន​របស់​យើង​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×