Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ុន ចាន់ថុល នៅឯ​អនុ​វេទិកា​ស្តីពី​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទីក្រុង​ប៉េកាំង ទីណា​មាន​ផ្លូវ ទីនោះ​មាន​ក្តីសង្ឃឹម​

spot_img

​ប៉េកាំង ​៖ នៅ​ថ្ងៃ​៦​រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​សុន្ទរកថា​នៅឯ​អនុ​វេទិកា​ស្តីពី​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​កត់សម្គាល់​សុភាសិត​ចិន និង​សុភាសិត​ខ្មែរ ដោយ​ដកស្រង់​សុភាសិត​ចិន​ថា​៖ “​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន ចូរ​កសាង​ផ្លូវ​ជាមុនសិន​” និង​សុភាសិត​ខ្មែរ​ថា​៖ “​ទីណា​មាន​ផ្លូវ ទីនោះ​មាន​ក្តីសង្ឃឹម​”​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​៖ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន គឺជា​លើកកម្ពស់​ទាំង​ការតភ្ជាប់​រូបវន្ត និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។ ការអភិវឌ្ឍ​នេះ​ធ្វើឱ្យ ប្រសើរឡើង​គួរឱ្យកត់សម្គាល់​ដល់ក​ម្ពុ​ជា និង​បណ្តា​ប្រទេស​ដែល​ចូលរួម​ផ្សេងទៀត​។ ឯកឧត្តម​ទេស រដ្ឋមន្ត្រី បាន​កត់សម្គាល់ថា​៖ កម្ពុ​ជាមាន​មោទនភាព​ដែល​បាន​ក្លាយជា​សមាជិក​ស្ថាបនិក​ធនាគារ AIIB ជា​អ្នកគាំទ្រ និង​ជា​អ្នកទទួលផល​ពី​គំនិត​ផ្តួចផ្តើម​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី​បានកត់សម្គាល់​បន្ថែមទៀត​ថា​៖ គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​គឺជា​ដំណើរ​វិជ្ជមាន​ថ្មី​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​ដោយ​ផ្អែកលើ​ការសន្ទនា​គ្នា​ជាស​ជាង​ការប្រឈមមុខ​ដាក់គ្នា​។ កម្ពុជា​គាំទ្រ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​ពហុភាគី និង​ទទួលយក​សកលភាវូបនីយកម្ម​សេដ្ឋ កិច្ច​ដែលមាន​តម្លាភាព មិន​រើសអើង រួមបញ្ចូល​គ្នា និង​មាន​តុល្យភាព​។​

​កម្ពុជា​បានទទួល​លទ្ធផល​ជាក់ស្តែង​ពី​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទម្រង់​នៃ​ប្រាក់​កម្ចីសម្បទាន​ពី​ប្រទេស​ចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ដទៃទៀត​។​

​រហូតមកដល់​បច្ចុប្បន្ន​នេះ ជាមួយនឹង​ប្រាក់កម្ចី​សម្បទាន និង​ជំនួយឥតសំណង​ពី​ប្រទេស​ចិន កម្ពុជា បាន​សាងសង់​ផ្លូវ​មាន​ប្រវែង​ជាង​៣០០០​គីឡូម៉ែត្រ ស្ពាន​ធំៗ​ចំនួន​៨ និង​កំពង់ផែ​ទន្លេមេគង្គ​មួយ​។​

​កម្ពុជា​បាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​ក្រោម​ប្រភេទ​វិនិយោគ ​BOT (​កសាង ប្រតិបត្តិ ផ្ទេរ​) ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ពីរពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ការវិនិយោគ​មួយ​ក្នុងចំណោម​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​បំផុត​ទាំងឡាយ​នាពេល​ថ្មីៗ​នេះ ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ការកោតសរសើរ​ដល់​ប្រជាជន​ចិន ដោយ​លើកឡើងថា​៖ ប្រទេស​ចិន​មិន​និយាយ​សំដី​ឥតប្រយោជន៍ ប៉ុន្តែ​មាន​ស្មារតី​សហការ​ល្អជា​មួយ​បណ្តា​ប្រទេស​នានា​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាក់ស្តែង​ដែល​នាំមក​នូវ​ភាពរុងរឿង​ដោយ​ផ្អែកលើ​គោលការណ៍​សកល​។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ចប់​សុន្ទរកថា តាមរយៈ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ដែល​បានផ្តល់​ការគាំទ្រ​និង​ជំនួយ​សប្បុរសធម៌​ចំពោះ​កំណើន និង​ការ អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×