Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ បន្ត​កិច្ចសហការ​ជាមួយ ​GMAC សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង ​នៃ​វិស័យ​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​កម្ពុជា

spot_img

(​ភ្នំពេញ​) ៖ ថ្លែង​បើក​ក្នុង​ពិធី​សន្និបាត​ប្រចាំឆ្នាំ​២០១៩ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​ពិធី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩-២០២១ នា​ព្រឹក​ថ្ងៃទី​២៧
​ខែ​មេសា ឆ្នាំ​២០១៩ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកឡើងថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការបន្ត​កិច្ចសហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ការសម្រេចបាន​នូវ​លទ្ធផល​ជា​ទី​មោទនៈ​នានា រហូតមកដល់​ថ្ងៃនេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្មារតី​ទទួលខុសត្រូវ កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជំរុញ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និយាយ​ជា​រួម និង​ការលើកកម្ពស់​ភាពជា​ដៃគូ​រវាង​រដ្ឋ​-​ឯកជន និយាយ​ដោយឡែក ពិសេស​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ក្នុង​គោលដៅ​រួមចំណែក​បង្កើនល្បឿន​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការ​អរគុណ​ចំពោះ លោក​ឧ​កញ្ញ៉ា វ៉ាន់ ស៊ូ​អៀង ដែល​បាន​បំពេញ​តួនាទី​ជា​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏ដូចជា​សមាជិក​-​សមាជិកា​ទាំងអស់​ដែល​តែងតែ​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួង ក្នុង​ការរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។​

​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​កំណត់​យក​សុខសន្តិភាព ស្ថិរភាព ជា​មូលដ្ឋានគ្រឹះ បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ប្រកបដោយ​សក្តានុពល​វិនិយោគ និង​ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច​នៅ​តែ​បន្ត​កើន​ទ្បើង​ក្នុង​រង្វង់​៧%​។ ផ្តើមចេញ​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​ផ្សាភ្ជាប់​នឹង​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត​ចាប់ពី​ឆ្នាំ​១៩៩៩ បានធ្វើឱ្យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​បន្ត​រីកចម្រើន​គួរ​ជាទី​មោទនៈ ចាប់ផ្តើម​ពី​រោងចក្រ​ប្រមាណ​ជាង​៦០​រោងចក្រ ជាមួយនឹង​កម្មករ​និយោជិក​ប្រមាណ ៨​ម៉ឺន​នាក់ រហូតមកដល់​ពេលនេះ រោងចក្រ​កើនឡើង​ដល់​ប្រមាណ ១២០០​រោងចក្រ ជាមួយ​និង​កម្មករ​និយោជិត​ប្រមាណ​ជាង ៨៤​ម៉ឺន​នាក់​។ វិស័យ​កាត់ដេរ គឺជា​វិស័យ​មួយ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា និង​បាន​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​។​

​ស្ថិត​ក្នុង​បរិបទ ដែល​វិស័យ​នេះ​កាន់តែ​ប្រឈម​ខ្លាំង​ទៅ​នឹង​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំចេញ​នានា យើង​បាន​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​គ្នា ស្វែងរក​ដំណោះស្រាយ​រួមគ្នា ដើម្បី​ធានា​ថា វិស័យ​នេះ​នៅតែ​អាច​បន្ត​ធានាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង សមាជិក​ទាំងអស់​របស់​GMAC​អាច​រក្សា​បាន​ដំណើរ​ផលិតកម្ម​អាជីវកម្ម​របស់​ខ្លួន ប្រកបដោយ​ចីរភាព​។ ដូច​អ្វី​ដែល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន លើក​ទី​១៨ កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់ សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ជំរុញ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​លើ​ប្រធានបទ​ចំនួន​១៥ ប៉ុន្តែ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំណុច​ខ្លះៗ ដែល​ពាក់ព័ន្ធ​រួមមាន​៖ ១.​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​បុណ្យ និង​ទិវា​។ ២.​ការពិនិត្យ និង​រៀបចំ​ជា​បញ្ជី​ស្ថាប័ន និង​ពេលវេលា​ចុះ​ពិនិត្យ​នៅ​តាម​រោងចក្រ​។ ៣.​ការកំណត់​អាត្រា​ភាគទាន​នៃ​របប​សោធន​។ ៤.​ការកំណត់​នូវ​ពេលវេលា និង​ចំនួន​ថ្ងៃ​បើក​ប្រាក់​បំណាច់​អតីតភាព ការងារ​។ ៥.​ការកែសម្រួល​ច្បាប់​ស្តីពី​ការងារ​។ ៦.​ប្រាក់​ឈ្នួល​អប្បបរមា​នៅក្នុង​វិស័យ​កាត់ដេរ​។ ៧.​បញ្ហា​ផ្សេងៗ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​បន្ត ខិតខំ​ធានា​នូវ​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ឱ្យ​បាន​ម៉ឹងម៉ាត់ និង​មាន​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ការធ្វើ​កូដកម្ម បាតុកម្ម​ខុសច្បាប់​។ ក្រុមការងារ​ផែ្ន​កអប់​រំ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​យក​សំណូមពរ​ដោះស្រាយ​បញ្ហា​ខ្វះ​បុគ្គលិក​ជំនាញ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារការងារ ទៅ​ពិភាក្សា និង​លើក​អនុសាសន៍​ដោះស្រាយ​ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×