Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង ចុះ​ជួប​ពន្យល់​ពី​សភាពការណ៍​វិវត្តន៍ នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​

spot_img

​ព្រៃវែង ៖ តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ជាច្រើនរូប ដែល​បាន​ចុះ​ទៅ​មូលដ្ឋាន បាន​មានប្រសាសន៍​ពន្យល់​ដល់​អ្នកចូលរួម​ប្រមាណ​២០០​នាក់ ពី​សភាពការណ៍​វិវត្តន៍​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​នៅក្នុង​ឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដែល​ជា​តំណាង​មកពី​ស្រុក​ទាំង​៦​នៃ​ភាគ​ខាងជើង​ខេត្តព្រៃវែង ដែល​មាន​ទីតាំង​នៅ​ស្រុក​ស៊ីធ​កណ្ដាល ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា រួមជាមួយ លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ។​

​បន្ទាប់​ពី លោក នួន ថូ ប្រធានស្តីទី​ស្រុក​ស៊ីធ​កណ្តាល បាន​មានប្រសាសន៍​ជម្រាបជូន​អំពី​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​នៅតាម​បណ្ដា​ស្រុក​នៃ​ខេត្ត​ព្រៃវែង ជាពិសេស​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ មាន​សាលារៀន មន្ទីរពេទ្យបង្អែក ផ្លូវថ្នល់ ផ្លូវលំ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​ដើម​នោះ លោក ជាម យៀប បាន​មានប្រសាសន៍ថា ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិត​ក្នុង​សុខសន្តិភាព ឯកភាព​ទឹកដី និង​ស្ថិរភាព​នយោបាយ ដែល​កើតចេញ​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្កើតឡើង​នូវ​បរិស្ថាន​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ​ល្អ​។​

​លោក​មានប្រសាសន៍​ទៀត​ថា ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់ខ្ជាប់​ឥត​ងាករេ​នូវ​គោលនយោបាយ​នៃ​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​។ ទន្ទឹមនឹងនោះ នៅក្នុង​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ផង និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ផង រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធានា​អោយមាន​ការបោះឆ្នោត​ទាំងពីរ​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​មាន​សណ្តាប់ធ្នាប់ និង​ប្រកបដោយ​តម្លាភាព ជា​ពិសេស​ការពារ​អោយបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ដែល​យើង​សម្រេចបាន​ដោយ​លំបាក អោយ​នៅ​ស្ថិតស្ថេរ​គង់វង្ស ក៏​ដូច​ជា​បន្ត​ទប់ស្កាត់​រាល់​ឧបាយកល និង​ការប៉ុនប៉ង​តាម​គ្រប់​រូបភាព ដែល​មាន​គោលបំណង​ធ្វើអោយ​ប្រទេស​ជាតិ​ធ្លាក់​ទៅក្នុង​ភាពវឹកវរ និង​អស្ថិរភាព​។​

​លោក ប៉ែន បញ្ញា ក៏បាន​មានប្រសាសន៍​ពន្យល់​ពី​ស​ភាព​ការណ៍​ថ្មីៗ ជូន​ដល់​អ្នកចូលរួម​ទាំងអស់ បាន​ជ្រាប​បន្ថែម​អំពី​ករណី​របស់ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​សាលក្រម​តុលាការ​កំពូល ក៏​ដូច​ជា​មូលហេតុ​នៃ​ការផ្លាស់ប្ដូរ​សមាសភាព​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាដើម​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ស សុខា ក៏​បាន​ជម្រាបជូន​ពី​ការវិវត្តន៍​រីកចម្រើន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន ម៉ា​នី ជា​ប្រធាន ដែល​បាន​ធ្វើឲ្យ​យុវជន​យុវនារី​ចូលរួម​យ៉ាង​សកម្ម​លើ​កិច្ចការ​សង្គម​។ លោក ក៏​បាន​ផ្តាំផ្ញើ​ដល់​សមាជិក​អង្គពិធី​ទាំងអស់ សូម​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​ការ​អធ្យាស្រ័យ​គ្នា​នៅ​ពេល​បើកបរ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដោយហេតុថា​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅនេះ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​១៩៥២​នាក់ ដែល​ជា​តួលេខ​មួយ​នៅ​ខ្ពស់​នៅឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×