Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សភាជាតិ​កម្ពុជា APF ប្រជុំ​ពិនិត្យ​ខ្លឹមសារ​សម្រាប់​ត្រៀម​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ APF

spot_img

​ភ្នំពេញ ​៖​ ​នៅ​មុន​ពេល​នៃ​ការបើក​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​APF ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​នា​ពេលខាងមុខ លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា APF នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​សភាជាតិ​កម្ពុជា APF ដើម្បី​ពិនិត្យមើល​ខ្លឹមសារ​ឯកសារ​នានា សម្រាប់​ការត្រៀម​ចូលរួម​ក្នុង​កិច្ចប្រជុំ គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​APF ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ នៅ​រាជធានី ភ្នំពេញ​។​

​សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែល​បាន​រៀបចំ​ឡើង​នៅ​វិមាន​រដ្ឋ​សភា​នាពេលនេះ មាន​ឯកឧត្ដម លោកជំទាវ ជា​សមាជិក​សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​ក្រុម​សភាជាតិ​កម្ពុជា APF និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​អគ្គលេខាធិការដ្ឋាន​សភា​មួយចំនួនទៀត​។​

​លោក ហេង រដ្ឋា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​កិច្ចការ​អន្តរជាតិ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល នៃ​ក្រុម​សភាជាតិ​កម្ពុជា APF បាន​ជម្រាបជូន​អំពី​បច្ចុប្បន្នភាព​នៃ​ដំណើរការ​នៃ​ការរៀបចំ​ឯកសារ ការសិក្សា​ស្រាវជ្រាវ និង​ការងារ​ផ្សេងៗ​មួយចំនួន ទៀត​របស់​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​ក្រុម​សភាជាតិ​កម្ពុជា APF សម្រាប់​បម្រើ​ជូន​ឯកឧត្ដម លោកជំទាវ ជា​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ដែល​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាពេល​ខាងមុខ​ថា មកដល់​ពេលនេះ​បាន​រួចរាល់​អស់ហើយ ដែល​នៅពេលនេះ​ក្រុមការងារ​នឹង​រាយការណ៍​ដោយ​សង្ខេប ជូន​អង្គប្រជុំ​បាន​ជ្រាប​។​

​លោក ប៉ែន បញ្ញា ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា APF ក៏​បាន​មានប្រសាសន៍​ជម្រាប​ជូន​អង្គប្រជុំ​ផងដែរ​អំពី​ចំណុច​សំខាន់ៗ​មួយចំនួន ដើម្បី​ជា​គន្លឹះ​សម្រាប់​សមាជិក​សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ក្នុង​ការចូលរួម​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​របស់ APF ក៏ដូចជា​សម្រាប់​ការជួប​ជជែក​ពិភាក្សា ផ្សេងៗ​ជាមួយ​គណៈប្រតិភូ​ប្រទេស​ជា​សមាជិក APF ដែល​នឹង​មក​ចូលរួម​ប្រជុំ​នា​ពេលខាងមុខ​។​

​លោក ប៉ែន បញ្ញា បាន​មានប្រសាសន៍​ណែនាំ​ឲ្យ លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​ក្រុម​សភាជាតិ​កម្ពុជា APF បន្ត​យក​ឯកសារ​ដែល​បានរៀបចំ ហើយ​នេះ ទៅ​ធ្វើ​ការកែសម្រួល​ខ្លឹមសារ នឹង​ពាក្យពេចន៍​ជា​ភាសា​បារាំង​មួយ​ចំនួន ឲ្យបាន​កាន់តែ​ល្អប្រសើរ ទៅ​តាម​អ្វី​ដែល​សមាជិក​អង្គប្រជុំ​បាន លើកឡើង​នៅក្នុង​អង្គប្រជុំ​នាពេលនេះ ហើយ​ឯកឧត្ដម​នឹង​ធ្វើ​ការពិនិត្យ​ជា​ចុងក្រោយ​បន្ថែមទៀត​។​

​លោក មានប្រសាសន៍​ទៀត​ថា ឆ្លង​តាម​បទពិសោធន៍ ដែល​សភា​កម្ពុជា​ធ្លាប់បាន​រៀបចំ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ជាច្រើន​កន្លងមក ឯកឧត្តម​បណ្ឌិត ជឿជាក់ថា តាមរយៈ​ការត្រៀម​រៀបចំ​របស់​ក្រុម​ការងារ​យើង​នេះ កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ APF ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​នា​ពេលខាងមុខ នឹង​ទទួលបាន​ជោគជ័យ​ជាក់​ជាមិនខាន​៕​ ដោយ ៖ ​កូឡាប​

spot_img
×