Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​លោកជំទាវ អោ​ង សាន​ស៊ូ​ជី បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ពី​១០​លាន​ដុល្លារ ឲ្យ​បាន​កាន់តែ​ធំ​ឡើង​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ បាន​ស្នើសុំ​លោកជំទាវ អោ​ង សាន​ស៊ូ​ជី ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួតគ្នា និង​វិស័យ​ដទៃទៀត​ដែល​ប្រទេស​យើង​ទាំងពីរ មាន​សក្តានុពល ជំរុញ​ឲ្យ​មានការ​រីកចម្រើន​កាន់តែ​ធំធាត់​ឡើងជា​ពិសេស បង្កើន​ទំហំ​ពាណិជ្ជកម្ម ពី​១០​លាន​ដុល្លារ ឲ្យ​បាន​កាន់តែ​ធំ​ឡើង ច្រើនជាង​មុន​បន្ថែមទៀត​។

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អ​ញ្ជេ​ី​ញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ក្នុងឱកាស​ដែល​លោកជំទាវ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ក្នុងជំនួប​ពិភាក្សា​ការងារ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​នោះ លោកជំទាវ អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​លោកជំទាវ បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា ក្នុងការ​មកជួប​ចរចា​ជាមួយនឹង​សម្ដេច​តេ​ជោ ហើយ​ជាពិសេស​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង ហើយ​កាន់តែ​សកម្ម​ឡើង​ថែមទៀត​។ ក្នុងន័យនេះ លោកជំទាវ​បានលើកឡើង ពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វប្បធម៌ វិស័យ​សាសនា វិស័យ​អប់រំ ដូចជា​វិស័យសេដ្ឋកិច្ច​ផងដែរ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍ ចំពោះ​ការលើកឡើង​នូវ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ រវាង​ប្រទេស​យើង​ទាំងពីរ ដែល​លោកជំទាវ អោ​ង សាន​ស៊ូ​ជី បានលើកឡើង​។ សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ទាក់ទង​ទៅនឹង បញ្ហា​វប្បធម៌​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ គឺជា​ខួប​៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដូច្នេះ​យើង​គប្បី​ណា​រៀបចំ​រួមគ្នា​នូវ​សកម្មភាព​ឲ្យ​មាន​ភាព​អធិកអធម​ផង និង​ជំរុញ​វិស័យ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​ផង ជាពិសេស​ខេត្តសៀមរាប និង​ខេត្ត​បា​ហ្គា​ន ដែលជា​ខេត្ត​ពោរពេញ​ទៅដោយ ប្រាសាទ​បេតិកភណ្ឌ​។ ពាក់ព័ន្ធ​ទៅនឹង​សាសនា សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ដល់​សហភាព​មី​យ៉ាន់​ម៉ា ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​សាងសង់​ព្រះវិហារ​ក្នង​ខេត្ត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បាន​អរគុណ​ផងដែរ ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​បណ្តុះបណ្តាល សមណ​សង្ឃ ឲ្យ​ទទួលបាន​ការអប់រំ​នៅ​ទីនោះ ដោយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ គឺមាន​សមណ​សង្ឃ​ចំនួន​៩៤​អង្គ​ហើយ ដែល​បានបញ្ចប់​ការសិក្សា ពី​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​នៅមាន​ចំនួន​៤​អង្គ​ទៀត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ទីនោះ​។

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ សម្ដេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​ធ្វើយ៉ាងណា មានការ​ជំរុញ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា ជាមួយគ្នា​រួចហើយ​។ លើសពីនោះ​ទៅទៀត ក៏​សូម​ឲ្យ​មានការ​ផ្លាស់ប្ដូរ ទំនាក់ទំនង​រវាង​និស្សិត​កម្ពុជា និង​និស្សិត​មី​យ៉ាន់​ម៉ា ទៅវិញទៅមក ដែលមាន​ការគាំទ្រ​ពី រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ក៏បានផ្តល់​អាហារូបករណ៍​ចំនួន​១០ ទៅដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដើម្បី​មាន​និស្សិត​មី​យ៉ាន់​ម៉ា មក​សិក្សា​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩-២០២០​។ ពាក់ព័ន្ធ​ទៅនឹង​វិស័យសេដ្ឋកិច្ច សម្ដេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួតគ្នា និង​វិស័យ​ដទៃទៀត​ដែល​ប្រទេស​យើង​ទាំងពីរ មាន​សក្តានុពល ជំរុញ​ឲ្យ​មានការ​រីកចម្រើន​កាន់តែ​ធំធាត់​ឡើង​។ ជាពិសេស បង្កើន​ទំហំ​ពាណិជ្ជកម្ម ពី​១០​លាន​ដុល្លារ ឲ្យ​បាន​កាន់តែ​ធំ​ឡើង ច្រើនជាង​មុន​បន្ថែមទៀត​។ រាល់​កិច្ចការ ដែល​បានលើកឡើង​ខាងលើនេះ លោកជំទាវ និង​សម្ដេច​តេ​ជោ បាន​ឯកភាពគ្នា ជំរុញ​វិស័យ​សំខាន់ៗ​ទាំងនេះ ហើយក៏​បានផ្ដល់​ការទុកចិត្ត និង​ឲ្យ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​ងារ​នោះ​ជា​បន្តបន្ទាប់​ទៀត​៕​ ដោយ ៖ កូឡាប

spot_img
×