Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​ចៅ​អធិរាជ​ជប៉ុន ឡើង​គ្រងរាជ្យ​នៅថ្ងៃនេះ , ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​សារ​ពី​ទំនាក់ទំនង​កម្ពុជា​ជប៉ុន​

spot_img

​ភ្នំពេញ ​៖ ​នៅក្នុង​ឱកាស​ថ្ងៃ​នៃ​ពិធី​ឡើង​គ្រងរាជ្យ​ព្រះ​ចៅ​អធិរាជ​ជប៉ុន លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សារ ផ្ញើជូន​ដល់​ប្រជាជន​កម្ពុជា អំពី​ទំនាក់ទំនង​កម្ពុជា​ជប៉ុន​។​

«​សារ​របស់​ឯកឧត្តម ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការឡើង​គ្រងរាជ្យ​របស់​ព្រះករុណា ណា​រូ​ហ៊ី​តូ ព្រះ​ចៅ​អធិរាជ​ជប៉ុន​» លោក​ឯកអគ្គរាជទូត​បាន​ថ្លែងថា ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ ២០១៩ ដែល​ជា​ថ្ងៃ​ឡើង​គ្រងរាជ្យ​របស់​ព្រះករុណា ណា​រូ​ហ៊ី​តូ ព្រះ​ចៅ​អធិរាជ​ជប៉ុន​។

​ទំនាក់ទំនង​រវាង​ព្រះរាជវង្សានុវង្ស​កម្ពុជា និង​ជប៉ុន បានចាប់ផ្តើម​កំឡុងពេល​ព្រះរាជទស្សនកិច្ច​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​១៩៥៣​។ បន្ទាប់មក ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​ទាំង​ពីរ បាន​យាង​បន្ត​ផ្លាស់ប្តូរ​ទំនាក់ទំនង​ជា​ញឹកញាប់​។ នៅ​ឆ្នាំ​២០១០ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ព្រះរាជទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ជប៉ុន​។​

នៅ​ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ពេល​ព្រះករុណា ណា​រូ​ហ៊ី​តូ នៅ​ជា​ព្រះអង្គម្ចាស់​រាជទាយាទ ព្រះអង្គ​ក៏​បាន​យាង​ព្រះរាជ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ កំឡុងពេល​ព្រះរាជ​ទស្សនកិច្ច​នេះ ព្រះករុណា ណា​រូ​ហ៊ី​តូ បាន​យាង​គាល់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​បាន​យាង​ជួប​សវនាការ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​បាន​យាង​សំណេះសំណាល​ជាមួយ​និស្សិត​ដេ​ប៉ាតឺ​ម៉ង់​ភាសា​ជប៉ុន​នៃ​សាកលវិទ្យាល័​យ​ភូមិន្ទ​ភ្នំពេញ​។ ព្រះករុណា ណា​រូ​ហ៊ី​តូ ក៏​បាន​យាង​ព្រះរាជទស្សនកិច្ច​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន​ដែល​ជា​អច្ឆរិយ​ប្រាសាទ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​។​

​ថ្ងៃនេះ រជ្ជកាល​ថ្មី “Reiwa” នឹង​ចាប់ផ្តើម​។ ពាក្យ “Reiwa” មានន័យ​ថា វប្បធម៌​នឹង​ត្រូវ​បាន​រីកលូតលាស់​ឡើង នៅពេល​ដែល​ដួងចិត្ត​របស់​ប្រជាជន​រួម​គ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​សុខុដុមរមនា​។ ខ្ញុំ​សង្ឃឹមថា នៅ​រជ្ជកាល Reiwa ប្រជាជន​ជប៉ុន និង​កម្ពុជា បន្ត​លើកស្ទួយ​មិត្តភាព និង​ការផ្លាស់ប្តូរ​វប្បធម៌​ទៅវិញទៅមក​។

សូម​ថ្វាយ​ព្រះ​សព្ទសាធុការពរ ព្រះករុណា ព្រះ​ចៅ​អធិរាជ និង​ព្រះ​អធិរាជ​នី ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះរាជវង្សានុវង្ស សូម​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ​។ សូម​ជូនពរ​ប្រជាជន​កម្ពុជា​ទាំងអស់ មាន​សុខភាព​ល្អ អាយុ​វែង និង​សុភមង្គល សូមឲ្យ​ចំណង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា នឹង​កាន់តែ​ជិតស្និទ្ធ​ក្នុង​រជ្ជកាល​ថ្មី​នេះ​។​

​បើ​តាម​ការប្រកាស​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានឲ្យដឹងថា​ «​ការទទួល​ស្វាគមន៍​សាធារណជន​សរសេរ​សារ​ថ្វាយព្រះពរ និង​អបអរ​សារ​ទរ​ការឡើង​គ្រងរាជ្យ​របស់​ព្រះអង្គម្ចាស់​រាជទាយាទ​»​។​

​ស្ថានទូត​ជប៉ុន​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ជម្រាប​ជូន សាធារណជន​ឲ្យបាន​ជ្រាបថា ព្រះអង្គម្ចាស់ ណា​រូ​ហ៊ី​តូ ព្រះ​រាជទាយាទ នឹង​ឡើង​គ្រងរាជ្យ ជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ​២០១៩​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ ស្ថានទូត​ជប៉ុន នឹង​បើកទទួល​ស្វាគមន៍​សាធារណជន​ចូល​ស្ថានទូត​ដើម្បី​សរសេរ​សារ​ថ្វាយព្រះពរ និង​អបអរ​សារ​ទរ​ការឡើង​គ្រង​រាជ​នេះ ដូចខាងក្រោម ​៖ ​

ទីតាំង ​៖ ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សាល​ពហុ​ប្រយោជន៍ (​នៅ​បន្ទាប់ពី​ច្រក​ទ្វារ​ចូល​ផ្នែក​កុងស៊ុល​) កាលបរិច្ឆេទ​៖​ថ្ងៃ​សុក្រ ទី​៣ និង​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​ឧសភា វេលា​៖​ម៉ោង ៩និង០០-១១និង០០ ព្រឹក និង​ម៉ោង ២និង០០-៤និង០០ រសៀល​ ។

សូមបញ្ជាក់​ ៖ សាធារណ​ជន​ទាំង​អស់ សូម​យក​មក​ជាមួយ​នូវ​អត្តសញ្ញាណ​ប័ណ្ណ​។ ក្នុង​ស្ថានទូត​មិន​មាន​ទីកន្លែង​ចំណត​យានយន្ត​ទេ​។ ការិយាល័យ​កុងស៊ុល ខេត្តសៀមរាប នឹង​បើកទទួល​ការសរសេរ​សារ​ថ្វាយព្រះពរ​ផងដែរ​។​

​ព្រះ​ចៅ​​អធិរាជ​ជប៉ុន​Akihito ដាក់​រាជ្យសម្បត្តិ​នៅ​ថ្ងៃ​អង្គារ​ទី​១​ឧសភា​នេះ ដោយ​ផ្ទេរតំណែង​ថ្វាយ​បុត្រា​ច្បង​របស់​ទ្រង់​។ ការដាក់រាជ្យ​នេះ​បាន​បិទ​បញ្ចប់​ការ​សោយរាជ្យ​របស់​ទ្រង់​រយៈពេល​៣០​ឆ្នាំ ដែល​ទ្រង់​បាន​ប្រឹងប្រែង​ក្នុង​ការសម្របសម្រួល​លុបបំបាត់​ការចងចាំ​នៃ​ភាពឈឺចាប់​ដែល​កើតមានឡើង​អំឡុង​ពេល​សង្គ្រាមលោកលើកទី​២ និង​បាន​ប្រា​ស្រយ័​ទាក់ទង​ជាមួយ​ប្រជាជន ដែល​រួមមាន​ជន​ដែល​គេ​រើសអើង​ក្នុង​សង្គម​ផង​ដែរ​។

​ក្នុង​រយៈពេល​២០០​ឆ្នាំ​មកនេះ នេះ​គឺជា​លើក​ទី​១​ហើយ ដែល​អធិរាជ​ជប៉ុន​បាន​ដាក់​រាជ្យ ហើយ​ពិធី​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​សាមញ្ញ​និង​ខ្លីៗ នៅក្នុង​ព្រះបរមរាជវាំង Matsu-no-Ma ដោយ​មាន​ការចូលរួម​ពី​សែ​រាជវង្ស និង​ក្រុមមន្ត្រី​តូច​ធំ​ប្រមាណ​៣០០​នាក់ ព្រមទាំង​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ផងដែរ​។

​ព្រះ​ចៅ Akihito មាន​ព្រះជន្ម​៨៥​ព្រះវស្សា ទ្រង់​គឺជា​អធិរាជ​ជប៉ុន​ទី​១ ដែល​សោយរាជ្យ​ក្រោយ​សមយ័​សង្គ្រាម ដោយ​ត្រូវ​បាន​ចាត់ទុកថា​ជា​អធិរាជ​ដែល​តំណាងឱ្យ​ប្រជាជន​និង​គ្មាន​អំណាច​នយោបាយ​ឡើយ​។​

​ព្រះ​បិតា​របស់​ទ្រង់ គឺ​ព្រះ​ចៅ​Hirohito បាន​ដឹកនាំ​ទព័ធ្វើ​សង្គ្រាមលោកលើកទី​២​។ នៅពេល​នោះ​ព្រះ​ចៅ​Hirohito​ត្រូវបាន​ចាត់ទុក​ថា​ជា​ព្រះ​រស់ រហូត​ដល់​ការ​បរាជយ័​របស់​ជប៉ុន​នៅ​ឆ្នាំ១៩៤៥​។

​ព្រះ​ចៅ Akihito ដែល​ជា​ព្រះ​រជ្ជទាយាទ ដំបូង​គេ​ដែល​បាន​រៀប​អភិសេក​ជាមួយនឹង ព្រះរាជ​នី Michiko ដែល​ជា​ជន​សាមញ្ញ ។ ព្រះអង្គ​ទាំងពីរ​បាន​ធ្វើ​សកម្មភាព​ដែល​តំណាង​ឱ្យ​ការផ្សះផ្សារ សន្តិភាព និង ប្រជាធិបតេយ្យ​។

​សូមបញ្ជាក់​ថា ថ្ងៃ​អង្គារ​នេះ​គឺជា​ថ្ងៃ​ចុង​ក្រោយ​នៃ សមយ័​អធិរាជ Heisei ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​០៨ ខែ​មករា​ឆ្នាំ​១៩៨៩ គឺជា​ថ្ងៃ​ដែល​ព្រះ​ចៅ Akihito ឡើយ​ស្នង​រាជ្យសម្បត្តិ​។​ក្នុង សមយ័​អធិរាជ Heisei​នេះ ប្រទេស​ជប៉ុន បាន​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច គ្រោះមហន្តរាយធម្មជាតិ និង​ការផ្លាស់ប្តូរ​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​ឆាប់​រហស័​។

​សមយ័​អធិរាជថ្មី គឺ​សមយ័​អធិរាជ Reiwa ដែល​មាន​នយ័ថា “​ភាព​សុខដុម​ដ៏​ស្រស់ស្អាត​” នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​យប់​នេះ​។​បុត្រា​ច្បង​របស់​ព្រះ​ចៅ​អធិរាជ Akihito គឺ​ព្រះអង្គម្ចាស់ Naruhito ដែល​មាន​ព្រះជន្ម​៥៩​ព្រះវស្សា នឹង​ក្លាយជា ព្រះ​ចៅ​អធិរាជ​ជប៉ុន​ចាប់ពី​ថ្ងៃ​ពុធ ទី ០១ ខែ​ឧសភា ឆ្នាំ ២0១៩​តទៅ ដោយ​មាន​ការធ្វើ​ពិធិ​ឡើងគ្រងរាជ្យសម្បត្តិ​ដាច់ដោយឡែក​មួយ​ផង​ដែរ​។
​ព្រះ​ចៅ​Naruhito ដែល​បញ្ចប់​ការសិក្សា​នៅ​សកលវិទ្យា​លយ័ Oxford ទំនង​ជា​បន្ត​ព្រះរាជ​សកម្មភាព​យ៉ាង​សកម្ម​បន្តទៀត ជាមួយនឹង​ព្រះរាជ​នី Masako ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សកលវិទ្យា​លយ័​Harvard​។ ដូច្នេះ​ព្រះអង្គ​ទាំង​ទ្វេរ​ទំនង​ជា​បន្ត​បេសកកម្ម​រាជវង្ស​យ៉ាង​ល្អ​ដើម្បី​តំណាង​ឱ្យ​ប្រជាជន​គ្រប់​តំបន់​។

​នៅក្នុង​ព្រះរាជ​សុន​រាជ​សុន្ទរកថា​ចុងក្រោយ​របស់ ព្រះ​ចៅ​អធិរាជ Akihito នៃ​ប្រទេស​ជប៉ុន ដែល​ថ្លែង​ចេញពី​ព្រះរាជវាំង​នៅក្នុង​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែងអំណរគុណ​ដល់​ប្រជារាស្ត្រ​ជប៉ុន​សម្រាប់​ការគាំទ្រ​របស់​ពួកគេ​នៅក្នុង​រយៈពេល​ដែល​ព្រះអង្គ​សោយរាជ្យ​បាន​រយៈពេល ៣០ ឆ្នាំកន្លងមក​។​

​ព្រះអង្គ​បាន​មានបន្ទូលថា ព្រះអង្គ​មាន​សំណាង​ដែល​អាច​បំពេញ​កាតព្វកិច្ច​របស់​ព្រះអង្គ​ដោយ​ការទុកចិត្ត និង​ជំនឿ​ជឿជាក់​ទាំងស្រុង​លើ​ប្រជារាស្ត្រ​ព្រះអង្គ​។​

​ព្រះអង្គម្ចាស់​រជ្ជទាយាទ Naruhito ដែល​ជា​បុត្រា​ច្បង​របស់​ព្រះអង្គ នឹង​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ នៅពេល​ដែល​រជ្ជកាលរ​បស់​ព្រះអង្គ​បញ្ចប់​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​យប់​ថ្ងៃ​អង្គារ​ទី ៣០ ខែ​មេសា​នេះ​។​

​ព្រះមហាក្សត្រ Akihito ដែល​ជា​ក្សត្រ​ដែល​ប្រជារាស្ត្រ​ជប៉ុន​ស្រឡាញ់​ចូលចិត្ត​រូបនេះ បាន​ប្រកាស​អំពី​គម្រោង​ដាក់រាជ្យ​របស់​ព្រះអង្គ​ដំបូង​កាលពី​ឆ្នាំ ២០១៦ ដោយ​កាលនោះ​ព្រះអង្គ​បាន​លើកឡើង​ថា ព្រះជន្ម និង​ព្រះរាជសុខភាព​របស់​ព្រះអង្គ​អាច​បង្អាក់​ដល់​សមត្ថភាព​របស់​ព្រះអង្គ​នៅក្នុង​ការបំពេញ​កាតព្វកិច្ច​ជា​ព្រះមហាក្សត្រ​។​

​តួនាទី​បច្ចុប្បន្ន​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ភាគច្រើន​គឺជា «​និមិត្តរូប​នៃ​រដ្ឋ‍​» ហើយ​មិន​មាន​អំណាច​ផ្នែក​នយោបាយ​ណាមួយ​នោះទេ៕​ ដោយ​៖​កូឡាប​

 

spot_img
×