Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ត្រូវ​រក​ភាពត្រឹមត្រូវ​នៃ​ការសង្ស័យ​គីឡូ​អគ្គិសនី​អស់​ច្រើន​ឬ​បង់ថ្លៃ​អគ្គិសនី​អស់​ច្រើន យ៉ាងដូចម្តេច​?

spot_img

​រាជធានី​ភ្នំពេញ​៖ ថ្ងៃទី​១​ឧសភា ឆ្នាំ​២០១៩​តាមរយៈ facebook ផ្លូវការ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បង្ហាញ​ពី​ការ ចុះ​មក​ពិនិត្យ និង​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​(​កុង​ទ័រ​)​បស់ អ្នកប្រើប្រាស់​អគ្គិសនី ។ ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​អគ្គិសនី​ក្នុងភូមិ​ទាំងអស់ ត្រូវ​ចេះ​តាមដាន និង​សន្សំសំចៃ​ការប្រើប្រាស់​ដោយ​ខ្លួនឯង ប្រសិនបើ​មាន​ការកើនឡើង​នូវ​ថាមពល​ប្រើប្រាស់​ខុស​ប្រក្រតី ហើយ​សង្ស័យ​ថា​កុងទ័​រដើ​រលឿន ត្រូវ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នឹង​ចុះ​មក​ពិនិត្យ និង​ថ្លឹង​កុង​ទ័រជូន​ឲ្យទាន់​ពេលវេលា​តាម​ការស្នើសុំ ដោយ​ឥតគិតថ្លៃ ។​

​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានបញ្ជាក់​ថា​​ ៖

1. អគ្គិសនី​ដែល​ផ្តល់​ឲ្យ​អ្នកប្រើ​នីមួយៗ វា​រត់​កាត់​នាឡិកា​អគ្គិសនី​ឬ​ជញ្ជីង​អគ្គិសនី​របស់​អ្នក​ប្រើ ដើម្បី​ឲ្យ​នាឡិកានោះ​ធ្វើការ​វាស់វែង​និង​កត់ត្រា​ចំនួន​គីឡូ​(​គ​វ៉​ម៉​)​ដែល​អ្នកផ្គត់ផ្គង់​ផ្តល់​ឲ្យ​អ្នកប្រើ រួច​ទើប​យក​ចំនួន​នេះ​ទៅ​គុណ​អត្រា​ថ្លៃ​ដើម្បី​គិតថ្លៃ​អគ្គិសនី ។ ដូច្នេះ​ចង់​ដឹង​ថា​តើ​ចំនួន​ទឹកប្រាក់​និង​គីឡូ​អគ្គិសនី​ដែល​ផ្តល់​ឲ្យ​អ្នកប្រើ​ត្រឹមត្រូវឬ​ទេនោះ ចំណុច​ទី​១​គេ​ត្រូវ​ពិនិត្យ​តើ​អគ្គិសនី​ដែល​ផ្តល់​ឲ្យ​ពិតជា​បាន​រត់​កាត់​នាឡិកា​នោះ​ទេ ទី​២ តើ​ការវាស់វែង​បរិមាណ​អគ្គិសនី​របស់​នាឡិកា​ត្រឹមត្រូវ​ទេ និង​ទី​៣ តើ​ការ​កត់​លេខ​យក​ពី​នាឡិកា​ទៅ​គិត​លុយ​ធ្វើ​វិក្កយបត្រ​ត្រឹមត្រូវ​ទេ ។​

2. ដើម្បី​ពិនិត្យថា​តើ​ការវាស់វែង​បរិមាណ​អគ្គិសនី​របស់​នាឡិកា​ត្រឹមត្រូវ​ទេ ទី​១.​គេ​ត្រូវ​ពិនិត្យ​ខ្សែ​ប្លុម​បេ​គម្រប​នាឡិកា​ពី​រោងចក្រ​ផលិត តើ​មានរ​បើក​ឬ​ដាច់​ទេ បើ​គ្មាន​របើក​ឬ​ដាច់​ទេ គេ​ចាត់ទុកថា​គ្មាន​អ្នក​កែឆ្នៃ​នាឡិកា​នោះទេ និង​ទី​២.​បើ​គ្មាន​អ្នក​កែឆ្នៃ​ទេ គេ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដំណើរការ​របស់​វា​ជាមួយ​នាឡិកា​ស្តង់ដារ ថា​តើ​វា​ដំណើរការ​វាស់វែង​និង​កត់ត្រា​ត្រឹមត្រូវ​តាម​ស្តង់ដារ​កំណត់​រឺទេ​?​។​

3. ដើម្បី​ពិនិត្យថា​តើ​ការ​កត់​លេខ​ពី​នាឡិកា​អគ្គិសនី​ត្រឹមត្រូវ​ទេ គេ​ត្រូវ​ពិនិត្យ​លេខ​ដែល​ដាក់​ក្នុង​វិក្កយបត្រ ជាមួយ​លេខ​ក្នុង​នាឡិកា​ដែល​កន្លង​ទៅ​មុខ​បន្តិច​នោះ តើ​លេខ​ទាំង ២ នេះ វា​សម​ស្រប​ជាមួយ​គ្នា​ទេ​? ។​

4.​ប្រសិនបើ​សង្ស័យ​ថា​ជញ្ជីង​វាស់​មិន​ត្រឹមត្រូវ អ្នកប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​ណា​ក៏​ដោយ​អាច​បំពេញ​ពាក្យ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ដែល​ជា​អាជ្ញាកណ្តាល​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​ទៅ​ផ្ទៀងផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ​មើល​តើ​វា​ដើរ​ត្រឹមត្រូវ​ទេ ។ ការងារ​នេះ​ធ្វើ​ជូន​ដោយ​មិន​យក​កម្រៃ​ទេ ។

5.​ប្រសិនបើ​ផ្ទៀងផ្ទាត់​រួចហើយ អ្នក​នោះ​នៅតែ​សង្ស័យ​មិន​ជឿ​លើ​ការផ្ទៀងផ្ទាត់​របស់​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា​នេះ​ទេ អ្នក​នោះ​អាច​ទៅ​ទិញ​នាឡិកា​ណា​ដែល​គេ​យល់​ថា​ត្រឹមត្រូវ ទោះជា​ទិញ​ពី​កន្លែង​ណា និង​ប្រទេស​ណា​ក៏​ដោយ រួច​ស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា យើងខ្ញុំ​នឹង​ពិនិត្យ​ព្រមទាំង​អនុញ្ញាត​ឲ្យ​ដាក់​នាឡិការ​នោះ​វា​ស់​និង​កត់ត្រា​ទន្ទឹមគ្នា​ជាមួយ​នាឡិកា​ចាស់​របស់​អ្នក​ផ្គត់ផ្គង់​ក្នុង​រយៈពេល ៣​ខែ ដើម្បី​ផ្ទៀងផ្ទាត់​ធ្វើ​សាក្សី​មើល​ទាំងអស់​គ្នា​ថា​តើ​នាឡិកា​ចាស់​ដែល​អ្នកផ្គត់ផ្គង់​តំបន់​នោះ​កំពុង​ប្រើ វាស់​ខុសពី​នាឡិកា​ដែល​អ្នក​សង្ស័យ​ទិញ​មក​នោះទេ ។ បើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញថា​វា​ខុស​គ្នា​មែន យើងខ្ញុំ​នឹង​រក​ខុស​ត្រូវ​ជូន​អ្នក​សង្ស័យ​នោះ​ភ្លាម ។​
​ដូច្នេះ​បើ​ចង់បាន​ភាពត្រឹមត្រូវ​សូម​ធ្វើតាម​នីតិវិធី​ខាង​លើ ប៉ុន្តែ​បើ​ចង់​តែ​ឃើញ​គីឡូ​តិច​ឬ​ចង់​តែ​ឃើញ​លុយ​តិច ដោយ​មិន​សំអាង​លើ​ជញ្ជីង​អគ្គិសនី​ទេ យើងខ្ញុំ​ជា​អាជ្ញាកណ្តាល​ពិតជា​មិន​អាច​ធ្វើ​ជូន​បានទេ ពីព្រោះ​ការទិញ​លក់​អគ្គិសនី​ត្រូវ​តែ​ឈរ​លើ​មូលដ្ឋាន​នៃ​ជញ្ជីង​វាស់​អគ្គិសនី មិន​អាច​សំអាង​លើ​ការប្រៀបធៀប​ថា​លុយ​ឬ​គីឡូ​ខែ​នេះ​តិច​ឬ​ច្រើន​នោះ​ទេ ៕​ ដោយ​៖​កូឡាប​

spot_img
×