Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ចោរ​ម្នាក់ លួច​ម៉ូតូ​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ GPS

spot_img

​ភ្នំពេញ ៖ នគរបាល​ស្រុក​កៀនស្វាយ បាន​បើក​កិច្ចសហការ​បង្ក្រាប​ករណី​អំពើ​លួច​កាច់​ក​ម៉ូតូ​ដោយ​ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៩៖៣០​នាទី នៅ​ចំណុច​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ឈ្មោះ ឆាន ឃ្លុល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ទ្រា ឃុំ​ស្វាយជ្រំ ស្រុក​មេសាង ខេត្ត​ព្រៃវែង ។ ជនសង្ស័យ​ឈ្មោះ វង សុ​ភី អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​ព្រែក​ក្រ​ញ៉ាញ់ ស្រុក​ស្វាយរៀង ខេត្ត​ស្វាយរៀង ដោយ​សម្ភារៈ​បាត់បង់ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1J-7834​ស្វាយរៀង ។ ហើយ​ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​នគរបាល បាន​ធ្វើ​ការដកហូត​វត្ថុតាង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1J-7834 ស្វាយរៀង ដែល​ជនសង្ស័យ​ដោះចេញ ។​

​បើ​តាម​មន្ត្រី​នគរបាល បានបញ្ជាក់​ថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ១J ៧៨៣៤ ស្វាយរៀង មក​ឈប់​នៅ​កន្លែងធ្វើការ នៅ​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ចត​ម៉ូតូ​នៅ​ចំហៀង​មុខ​ផ្ទះ ពេល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​ពី​កន្លែង​ដែល​ចត​ទុក ពេលនោះ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​រត់​ទៅប្រាប់​ថៅកែ​កន្លែងធ្វើការ បាន​បើក​កាមេរ៉ា​មើលឃើញ​មាន​ចោរ​កាច់ក​ម៉ូតូ ដោយ​ម៉ូតូ​មួយ​គ្រឿង​នេះ​មានភ្ជាប់​ប្រព័ន្ធ GPS នៅ​នឹង​ម៉ូតូ​។ ពេលនោះ​ម្ចាស់​ម៉ូតូ​បាន​ស្វែងរក​ម៉ូតូ​តាមរយៈ​ប្រព័ន្ធ​GPS​ក៏​ជួប​នៅ​មុខ​សាលាស្រុក​កៀនស្វាយ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ដោយ​ម៉ូតូ​នោះ​ត្រូវបាន​ជនសង្ស័យ​ដែល​លួច​យក​មក​ផ្ញើ​នោះ​ដោះ​ស្លាក​លេខ​ចេញ តែ​ម្ចាស់​ម៉ូតូ​ស្គាល់​ច្បាស់​ថា​ម៉ូតូ​ខាងលើ​ជា​ម៉ូតូ​របស់​គាត់ បន្ទាប់មក​ជនរងគ្រោះ​បាន​មក​រាយការណ៍​ដល់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​គ​គីរ ឲ្យជួយ​អន្តរាគមន៍ ។​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​ចុះ​ទៅដល់​កន្លែង​ផ្ញើ​ម៉ូតូ​នៅមុខ​សាលា​ស្រុក​កៀនស្វាយ ពេលនោះ​ជនរងគ្រោះ​ក៏​បាន​យក​ប័ណ្ណ​សំគាល់​ម៉ូតូ​មក​ផ្ទៀងផ្ទាត់ លេខ​តួ លេខ​ម៉ាស៊ីន ពិតជា​ម៉ូតូ​របស់​គាត់​ប្រាកដ​មែន ។ រួច​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​ក៏​​បាន​យក​ម៉ូតូ​នោះ​មក​ប៉ុស្តិ៍ ដើម្បី​សួរនាំ​រឿងហេតុ​ពី​ម្ចាស់​ម៉ូតូ បាន​ប្រហែល​១៥​នាទី ស្រាប់តែ​ឈ្មោះ វង សុ​ភី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​(​ខ្មែរ​) មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​ព្រែក​ក្រ​ញ៉ាញ់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​មក​យក​ម៉ូតូ​ខាងលើ​ពី​កន្លែង​ផ្ញើ ពេល​នោះ​អ្នក​ទទួល​ផ្ញើ​ម៉ូតូ​បាន​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅមុខ​ផ្សារ​គគីរ ថា​អ្នក​យក​ម៉ូតូ​មក​ផ្ញើ​នោះ​មក​រក​ម៉ូតូ​នៅ​កន្លែង​គាត់ ។

ពេលនោះ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅមុខ​ផ្សារ​គគីរ​បាន​ទៅដល់​កន្លែង​ផ្ញើ​ម៉ូតូ ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​​បាន​រត់​គេចខ្លួន​ចូល​ផ្សារ ពេលនោះ​សមត្ថកិច្ច​យើង​បាន​ដេញ​តាម​ចាប់​រួច​ក៏​មាន​ប្រជាពលរដ្ឋ​លក់ដូរ​ក្នុង​ផ្សារ​គគីរ​ជួយ​ចាប់​នឹង​មាន​ការ​វាយតប់​ទៅលើ​ជនសង្ស័យ​បណ្ដាលឲ្យ​មាន​របួសស្នាម​ជាំភ្នែក​ខាងឆ្វេង និង​ប៉ោង​មុខ​បន្ទាប់​មក​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។​

​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល ជនសង្ស័យ​រួម​នឹង​វត្ថុតាង បាន​ប្រគល់ឲ្យ​ទៅ​សមត្ថ​កិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹង​មាន​​ជ័យ​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×