Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ចិន ស្របតាម​គោលនយោបាយ​របស់​កម្ពុ​ជា ហើយ​សាធារណជន​កុំ​មានការ​ភាន់ច្រឡំ​

spot_img

​ភ្នំពេញ ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ថា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ប្រទេស​ចិន គឺ​ស្របគ្នា​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ទិសដៅ​នៅក្នុង​ការតភ្ជាប់​លើ​គ្រប់ផ្នែក និង​គ្រប់​វិស័យ​ទាំងអស់ ទាំង​ក្នុងប្រទេស ក្នុង​តំបន់ ក៏ដូចជា​អន្តរជាតិ ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ជម្រាប​ថា ព័ត៌មាន​ប្រឌិត​បំពុល​សាធារណៈ ពាក់ព័ន្ធ​នឹង​ភាពជា​ដៃគូ​របស់​កម្ពុជា ចូលរួម​ជាមួយ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ប្រធានាធិបតី​ចិន លោក Xi Jinping គឺ​បានលើកឡើង​នៅក្នុង​ទិសដៅ និង​បំណង​នៃ​ការវាយតម្លៃ​បំភ្លៃ ធ្វើឱ្យ​សាធារណជន​មានការ​យល់ច្រឡំ និង​វិនិច្ឆ័យ​ខុស​។​

​អង្គភាព​អ្នកនាំពាក្យ បាន​ជម្រាបជូន​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ជា​ផ្លូវការ​ថា ជំនួយ​នៅក្នុង​បរិបទ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​វាងវៃ និង​ប្រសិទ្ធភាព​របស់​សម្តេច​តេ​ជោ ក៏បាន​យល់ឃើញ​យ៉ាងច្បាស់​ទាក់ទង​ទៅនឹង​គោលនយោបាយ «​ខ្សែក្រវាត់ និង​ផ្លូវ​» តាមរយៈ​ការតភ្ជាប់​លើ​គ្រប់​វិស័យ​។ យុទ្ធសាស្ត្រ «​ខ្សែក្រវាត់ និង​ផ្លូវ​» នេះ ស្របគ្នា​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ទិសដៅ​នៅក្នុង​ការតភ្ជាប់​លើ​គ្រប់ផ្នែក និង​គ្រប់​វិស័យ​ទាំងអស់ ទាំង​ក្នុងប្រទេស ក្នុង​តំបន់ ក៏ដូចជា​អន្តរជាតិ​ក្នុង​គោលការណ៍​សមាហរណកម្ម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​យ៉ាងច្បាស់​ថា សម្រាប់​កម្ពុជា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សង្គម វប្បធម៌ ខុសប្លែក​ពី​ទស្សនៈ​មួយចំនួន ដែល​យល់ថា គំនិត​ផ្តួចផ្តើម​នេះ នឹង​បណ្តាលឱ្យ​ប្រទេស​មួយចំនួន​ជាប់អន្ទាក់​បំណុល​។ ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​អាច​ចរចា និង​រៀបចំ​គម្រោង​នេះ ដោយ​ឈរលើ​ស្មារតី​នៃ​ការការពារ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​របស់ខ្លួន​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រេចបាន​នូវ​ការធ្វើ​វិស្វកម្ម​ហិរញ្ញវត្ថុ​មួយ ដែល​មិនបង្កើត​បន្ទុក​ហិរញ្ញវត្ថុ និង​បំណុល​សាធារណៈ​ដល់​រដ្ឋ​ថែម​ទៀតផង​។ ដោយ​ឈរលើ​ស្មារតី​ខិតខំ​រួមគ្នា ចែករំលែក​ផលប្រយោជន៍​ជាមួយគ្នា និង​ទទួលបាន​ឱកាស​ដូចគ្នា ខ្ញុំ​យល់ថា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» នឹងមិន​ផ្តល់នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រទេស​ណាមួយ​ឡើយ ក្នុងនាម​ជា​ប្រទេស​មាន​អធិបតេយ្យ យើង​មាន​សិទ្ធិ និង​ជម្រើស​ក្នុងការ​សម្រេច​យកតែ​អ្វីដែល​យើង​ចង់បាន និង​ប្រភេទ​ហិរញ្ញប្បទាន​ណា​ដែល​យើង​ត្រូវការ ហើយ​អនុវត្ត​គម្រោង​ទាំងនោះ ដោយ​ឈរលើ​គោលការណ៍​នៃ​ការពង្រឹង​ភាពជា​ម្ចាស់ និង​ភាពជា​អ្នកដឹកនាំ​លើ​ការអភិវឌ្ឍ​ជាតិ​របស់ខ្លួន​។​

​អង្គភាព​អ្នកនាំពាក្យ ក៏បាន​ឆ្លៀតឱកាស​ជម្រាបជូន និង​បញ្ជាក់​បន្ថែមទៀតថា ឥរិយាបថ និង​គោលការណ៍ រក្សា ការពារ ឯករាជ្យ និង​អធិបតេយ្យភាព ជាមួយនឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កិត្តិយស​នោះ គឺ​រាល់​កម្ចី​ទាំងអស់ គឺ​ស្ថិតនៅក្នុង​កិច្ច​រក្សា​ដាច់ខាត​នូវ​ការអភិវឌ្ឍ​ប្រកបដោយ «​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប​» ដែលជា​គោល​មូលដ្ឋានគ្រឹះ​របស់​រាជរ​ដ្ឋា​ភិ​បាល​។ កម្ចី​ទាំងអស់នោះ គឺ​ស្ថិតនៅក្នុង​អនុ​បាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅប្រទេស ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​មាន​ត្រឹម​កម្រិត ២១,៤ ភាគរយ ធៀប​នឹង​អនុ​បាត​គោល ៤០​ភាគរយ (​មាន​បង្ហាញ​ក្នុង​តារាង​ទី​២.​ក​. នៃ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​លេខ​៧ ទំព័រ​ទី​១២)​។​

​អង្គភាព​អ្នកនាំពាក្យ សាជាថ្មី​ម្តងទៀត បាន​វាយតម្លៃ​ខ្ពស់ គោរព និង​ថ្លែងអំណរគុណ​យ៉ាង​អនេក ក្នុងការ​សម្រេចចិត្ត​បោះឆ្នោត​ជ្រើសរើស សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦ និង​បន្តបន្ទាប់​ទៀត ជូន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយ​ជម្រើស​របស់​ប្រជាពលរដ្ឋ​ក្នុងការ​បោះឆ្នោត​ជូន សម្តេច​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត ក្នុង​កិច្ច​ថែរក្សា​សន្តិភាព​ប៉ុណ្ណោះ​ទេ ក៏​ជា​ជម្រើស​ដើម្បី​កិត្តិយស និង​មុខមាត់​កម្ពុជា ប្រកបដោយ​វិបុលភាព ស្មើមុខស្មើមាត់ ដូចជា​ប្រជាជាតិ​នានា​នៅក្នុង​ពិភពលោក​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×