Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ស្នើ​កូរ៉េ ជួយផ្តល់​ការបណ្តុះបណ្តាល​នគរបាល​ជាតិ​កម្ពុជា លើ​ជំនាញ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ពិសេស​ឧក្រិដ្ឋកម្ម​ពត៌មាន​វិទ្យា ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​

spot_img

ក្រុង​សេ​អ៊ូ​ល ​៖ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ នៅ​រសៀល ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ធ្វើ​ទស្សនកិច្ច និង​ពិភាក្សា​ការ​ងារ ជាមួយ​ទីភ្នាក់ងារ​នគរបាលជាតិ​កូរ៉េ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​អគ្គស្នងការ​។

​ក្នុង​ជំនួប​ពិភាក្សា​នោះ ទី​ភ្នាក់ងារនគរបាល​ជាតិ​កូរ៉េ​បាន​យល់ព្រម​តាម​សំណើរ​របស់​សម្តេច​ក្រឡា​ហោ​ម ស ខេង ដែល​សម្ដេច​បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េ ជួយផ្តល់​ការបណ្តុះបណ្តាល​នគរបាល​ជាតិ​កម្ពុជា លើ​ជំនាញ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ពិសេស​ឧក្រិដ្ឋកម្ម​ពត៌មាន​វិទ្យា ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ការគ្រប់គ្រង​បាតុកម្ម និង​ជំនួយ​ឧបករណ៍​សម្ភារៈ​បច្ចេក​ទេស​មួយចំនួន​សម្រាប់​មណ្ឌល​គ្រប់គ្រង​ចរាចរណ៍​ទីក្រុង​។

​នា​ឱកាស​នៃ​ជំនួប​ពិភាក្សា​គ្នា​ក្នុង​បរិយាកាស​ប្រកបដោយ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នោះដែរ លោក​អគ្គស្នងការ នៃ​ទីភ្នាក់ងារ​នគរបាលជាតិ​កូរ៉េ​ក៏​បាន​ជំរាបជូន​សម្ដេច​ក្រឡាហោម ស ខេង អំពី​ការត្រៀម​អញ្ជើញ​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​នគរបាល​កូរ៉េ​-​អាស៊ាន ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​២៣ ខែតុលា ខាងមុខនេះ​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ទីចាត់ការ​នគរបាល​ក្រុង​សេ​អ៊ូ​ល ដោយ​សម្ដេច និង​ប្រតិភូ​បាន​ពិនិត្យ​មើល​មជ្ឍមណ្ឌល​គ្រប់គ្រង​ចរាចរណ៍ និង​មជ្ឍមណ្ឌល​ទទួល និង​ឆ្លើយតប​សំណើរ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ចរាចរណ៍​តាមរយះ​ខ្សែ​ទូរស័ព្ទ​ពិសេស​លេខ​១១២ របស់​រដ្ឋបាល​ក្រុង​សេ​អ៊ូ​ល​។​

​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ដឹកនាំ​គណប្រតិភូ ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព ដែល​ដឹកនាំ​ដោយ​លោក ជីន យុង រដ្ឋមន្ត្រី​មហាផ្ទៃ និង​សុវត្ថិភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​។ ក្នុង​ជំនួប​ជា​ផ្លូវការ និង​ដែល​មាន​ការ​ពិសារ​បាយ​ការងារ​ផង​នោះ លោក​ជីន យុង បាន​សម្ដែង​ការឯកភាព និង​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​មហាផ្ទៃ​កម្ពុជា​លើ​ការងារ​សំខាន់​ដូចខាងក្រោម​ ៖

១. ការបន្ត​កិច្ចសហប្រតិបត្តិកា​រទាំ​ង​ក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ និង​វិស័យ​សន្តិសុខ​ដូច​បាន​កំណត់​ក្នុង​អនុស្សារណៈ​ស្ដីពី​ការយោគយល់​គ្នា​ហៅ​កាត់​ថា​MOU​។​

២. ការគាំទ្រ​ការបណ្តុះបណ្តាល​នគរបាល​កម្ពុជា​លើ​ជំនាញ​ប្រឆាំង​បទល្មើស​ព៌តមានវិទ្យា ការគ្រប់គ្រង​បាតុកម្ម គ្រឿងញៀន​ ។

៣. ការផ្តល់​ឧបករណ៍​សម្ភារៈ​គ្រប់គ្រង​ចរាចរណ៍​ ។

៤. ការគាំទ្រ​ដល់​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ។

៥. និង​ការគាំទ្រ​ដល់​ការរៀបចំ​មជ្ឍមណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ​ប្រជាជន ​។​

​បន្ទាប់ពី​បាន​បញ្ចប់​ជំនួប​ទ្វេភាគី​ប្រកប​ដោយ​លទ្ធផល​ដ៏​គួរឲ្យកត់សំគាល់​ខាង​លើ​នេះ​រួចមក នៅ​រសៀល​ថ្ងៃ​ទី​២ ឧសភា​ដដែល សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ដឹកនាំ​គណប្រតិភូ​ធ្វើដំណើរ​ពី​ទីក្រុង​សេ​អ៊ូ​ល ទៅ​កាន់​ទីក្រុង​វ៉ាន់​ជូ ដើម្បី​ធ្វើ​ទស្សនកិច្ច​វិទ្យាស្ថាន​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា​LOGODI​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​រហូតមក​ដល់​ព្រឹក​ថ្ងៃទី​៣ ខែ​សភា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ត​ដឹកនាំ​គណប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឍមណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ និង​បន្ត​អញ្ជើញ​ចុះ​ជួប​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​ជេជុង ដើម្បី​ស្វែងយល់​លម្អិត អំពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន មុន​នឹង​អញ្ជើញ​មាតុភូមិ​និវត្តន៍​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​៕​ ដោយ​៖​កូឡាប​

spot_img
×