Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​៤២​គ្រួសារ នៅ​សង្កាត់​កោះរ៉ុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​លោក សុខ ប៊ុន បាន​លើកគ្នា​មក​ដល់​សាលាខេត្ត​ព្រះសីហនុ​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​សុក្រ ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ រស់នៅ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​បរិវេណ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​ស្នើ​ជួប​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​ពួកគាត់​អះអាងថា ត្រូវបាន​ឈ្មោះ សុខ ប៊ុន បាន​ក្លែង​ឯកសារ​រំលោភ​យក​។​

​កាលពី​ព្រឹក​មិញ​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​បង្ហាញ​កង្វល់ ខ្លាច​បាត់បង់​ដីធ្លី​ជាថ្មីទៀត និង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ឲ្យជួយ​អន្តរាគមន៍ និង​បញ្ជូន​មន្ត្រី​ឯករាជ្យ ចុះ​អង្កេត​ទៅលើ សកម្មភាព របស់លោក សុខ ប៊ុន និង​បក្សពួក​គេ ដែល​បាន​ក្លែង​ឯកសារ ប៉ុនប៉ង រំលោភ​យក​ដី​ចម្ការ និង​ដី លំនៅឋាន​ធ្លាប់​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ​។​

​ក្តីបារម្ភ​នេះ ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ក៏​បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​ទៅ លោក សេង ហ៊ួ​លៀង ចៅ​សង្កាត់​កោះរ៉ុង និង លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​ស្នើ​សុំឲ្យ​ជួយ​អន្តរាគម​ន៍ បញ្ឈប់​សកម្មភាព របស់លោក សុខ ប៊ុន ឲ្យបាន​ឆាប់​។​

​ការប្រមូលផ្តុំ​គ្នា​តវ៉ា​នេះ ក៏​ត្រូវបាន​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានអនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជិត ១០​នាក់ បាន​ចូលជួប​ពិភាក្សា​គ្នា ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ​។​

​នា​ឱកាស​នោះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ព្រម​ទទួលយក​បណ្តឹង របស់ ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ​នោះ ដើម្បី​ដាក់​ឆ្លង​ជូន អភិបាលខេត្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៅ​ពេល​ក្រោយ ហើយក៏​បាន​ស្នើ​ឲ្យ​ប្រជា​ពលរដ្ខ​រំសាយ​ការប្រមូលផ្តុំ​គ្នា​វិល​ត្រឡប់​ទៅផ្ទះ​វិញ។​

​ទាក់ទិន​បញ្ហា​ខាងលើ​នេះ តំណាង​ប្រជាពលរដ្ឋ ៤២​គ្រួសារ រស់នៅ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ បានឲ្យដឹងថា គោលបំណង ដែល​ជួបជុំគ្នា នៅ​សាលាខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដើម្បី​ស្នើសុំ​ជួប​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ជូន​ពួកគាត់​ឲ្យមាន​យុត្តិធ៌ម​ឡើងវិញ​។​

​បញ្ហា​នេះ ប្រជាពលរដ្ឋ បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ លោក សុខ ប៊ុន អគ្គ​នាយ ក្រុមហ៊ុន សុខ​ប៊ុន គ្រុប និង ក្រុម​ការងារ​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ បាន នាំ​យក​ម៉ាស៊ីន ជី​ភី​អេស (GPS) យក​ទៅ​ចុច វាស់​លើ​បរិវេណ​ដីធ្លី របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដែល​កំពុង​កាន់កាប់ នៅ​ចំណុច ព​យ តា ផេង ព​យ អាពត និង ថ្ម ជញ្ជាំង ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ រ៉ុង ក្រុង និង ខេត្ត ព្រះសីហនុ​ម្តង​រួចមកហើយ ប៉ុន្តែ​កាលណោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​។​

​ងាក​មក​លិខិតស្នើ​ជួយ​អន្តរាគមន៍ របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដាក់ ជូន ចៅ​សង្កាត់​កោះរ៉ុង និង អភិបាល ខេត្ត​ព្រះសីហនុ កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៩​នេះ​បង្ហាញថា ពួក គាត់​មាន​កិច្ចសន្យា​ផ្ទេរ សិទ្ធិ កាន់កាប់ ដី ពី ឆ្នាំ ២០១៣ និង ពាក្យ ស្នើសុំ កាន់កាប់ ដី ប្រើ ប្រា​ស់ ចុះ ថ្ងៃទី​៦ ខែ តុលា ឆ្នាំ ២០០៨ ចុះ ហត្ថលេខា ដោយ លោក អ៊ួ​ង និត អតីត ចៅ សង្កាត់ កោះរ៉ុង​។ ហើយ​ថា ដីធ្លី​ខាងលើ​នេះ ពួកគាត់​មាន​សាលា​កប័ ត្រ​ព័ត៌មាន ចុះ ថ្ងៃទី ១២ ខែ​សីហា ឆ្នាំ ២០១៥ និង​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ត្រឹមត្រូវ​ស្របច្បាប់​។​

​ប្រជាពលរដ្ឋ​ខ្លះ​ឲ្យដឹងទៀតថា ពួក គាត់​បាន​មក​រស់ នៅលើ​កោះរ៉ុង តាំង ពី ពួក គាត់ មាន​អាយុ ១៥ ឆ្នាំ និង​អ្នកខ្លះ​ទៀត បាន​មក​រស់នៅ​កាលពី​ឆ្នាំ​២០០០​មកម្ល៉េះ ដោយបាន ប្រកប របរ ធ្វើ ចម្ការ ដើម្បី ចិញ្ចឹម ជីវិត និង បាន ដាំ ដំណាំ កសិកម្ម មួយ ចំនួន នៅ លើ​ដី​នោះ រួម​មាន​ដំណាំ ដូង ខ្នុរ និង ស្វាយចន្ទីរ​ជា​ដើម នៅលើ​ដី​នោះ​ជាក់ស្តែង​ត​។​

​ប្រជាពលរដ្ឋ​បន្តថា ការ​រស់នៅ និងកាន់កាប់ដី​ចំការរៀងៗខ្លួនរបស់​ពួក​គាត់​បន្តរហូតមកដល់បច្ចុប្បន្ននេះ ក៏​មាន​ការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ និង ក្រុងព្រះសីហនុថែមទៀតផង​។ ពិសេសជាងនេះ ដីលំនៅឋាន និង ដីចម្ការរបស់ពួកគាត់ទាំង ៤២ គ្រួសារ ត្រូវបានស្ថាប័នជំនាញ នៃក្រុមការងារថ្នាក់ជាតិ មានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមន្ត្រី​ពាក់ព័ន្ធ ខេត្ត ព្រះសីហនុ បាន​ចុះ វាស់វែង កំណត់ ក្បាលដី ត្រៀម​ចេញ​បណ្ណ​កម្មសិទ្ធិ និង បាន ប្រកាស បិទ ផ្សាយ ទិន្នន័យ ក្បាល ដី ជា សាធារណៈ នូវឯកសារសុរិយោដី ប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមការងារបច្ចេកទេសបានចុះបញ្ជីដីធ្លី និង បានចុះវាស់វែងប្រមូលទិន្នន័យក្បាលដីរួចរាល់ ស្របតាមនីតិវិធីច្បាប់​។ ជាងនេះទៀត ខាងមន្ត្រីជំនាញក្រសួងរៀបចំដែនដី ក៏បាន ទុកពេល១៥ ថ្ងៃ សម្រាប់ឲ្យអ្នកពាក់ព័ន្ធធ្វើការតវ៉ាគឺចាប់ពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ ដល់ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ទាំង ៤២ គ្រួសារ បាន​សំណូមពរ ដល់ លោក យន្ត មីន អភិបាល ខេត្ត ព្រះសីហនុ​, លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​​នគរូបនីយកម្ម និង​សំណង់ ជា ពិសេស សម្តេច​អគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍ និង អង្កេតទៅលើ​សកម្ម ភាព របស់ លោក ឧកញ៉ា សុខ ប៊ុន និង បក្សពួក ដែលបាន​ឃុបឃិតក្លែង​ឯកសារ ប៉ុនប៉ងរំលោភយកដីធ្លីរបស់​ពួកគាត់នៅលើ​កោះរ៉ុង ដោយឲ្យបាន​ឆាប់​ និងអនុគ្រោះ​ផង​។​

​យ៉ាងនេះក្តី មិនទាន់​អាច​ទាក់ទង លោក យន្ត មីន អភិបាល ខេត្ត​ព្រះសីហនុ ដើម្បី បំភ្លឺ ជុំវិញ វិវាទ ដីធ្លី រវាង ប្រជា ពល រដ្ឋ ៤២ គ្រួសារ រស់ នៅ ភូមិ ព្រែក ស្វាយ សង្កាត់ កោះរ៉ុង មាន ទំនាស់ ជាមួយ លោក ឧកញ៉ា សុខ ប៊ុន ដើម្បី​ស្នើសុំ​ការធ្វើ​អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ នៅ ល្ងាច​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​ចំណែកលោក​ឧកញ៉ា សុខ ប៊ុន ដែលមាន លំនៅឋាន ជា អចិន្ត្រៃយ៍ នៅ រាជធានី ភ្នំពេញ ក៏ មិន ទាន់ ស្នើសុំ ការ បំភ្លឺ ជុំវិញ ការ ចោទ ប្រកាន់ របស់ ប្រជា ពលរដ្ឋ ទាំង ៤២ គ្រួសារ ដែល ចោទ​រូបលោក ថា​បាន ក្លែង ឯក សារ រំលោភ យក ដីធ្លី របស់ ពួក គាត់ បាន​ទេ​តាម​ទូរស័ព្ទ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​និយាយ​ស្តាប់​គ្នា​មិនបាន​។​

​យ៉ាងនេះក្តី យោង តាម ឯកសា ចុះ ថ្ងៃ ទី ២១ ខែ មីនា ឆ្នាំ ២០១៨ របស់ ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ផ្ញើ ជូនអភិបាល ខេត្ត ព្រះសីហនុ បាន បញ្ជាក់ ថា ក្រសួង រៀបចំ ដែនដី បាន ឯកភាព ជា គោលការណ៍ បង្កើត ក្រុម ការ ងារ ចុះ ពិនិត្យ វាស់វែង ក្បាល ដី ទំហំ ជាង ៥ លាន (៥.២៥០.០០០) ម៉ែត្រ ការ៉េ របស់ ឈ្មោះ សុខ ប៊ុន ស្ថិត នៅ​ភូមិ ព្រែក ស្វាយ សង្កាត់ កោះរ៉ុង ក្រុង និង ខេត្ត ព្រះសីហនុ​។ លិខិត នេះ បាន ស្នើសុំ ឲ្យ រដ្ឋបាល ខេត្ត ព្រះសីហនុ ចាត់ មន្ត្រី ជំនាញ ពាក់ព័ន្ធ ឲ្យ ចូលរួម អនុវត្ត ការងារ ខាង លើ នេះ​ឲ្យ បាន​ជោគជ័យ​។​

​សំណើ​ខាងលើនេះ ក្រសួង រៀប ចំ​ដែនដី បាន​ចាត់ឲ្យ លោក សួន សូ​ផា ដឹកនាំ ក្រុម ការងារ ចុះ សហការ អនុវត្ត ការ ងារ​វាស់វែង ទំហំ​ផ្ទៃ ដី ខាង លើ ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ ខេត្ត នៅ ថ្ងៃ ទី ២២ ខែ មីនា ឆ្នាំ ២០១៨ ឲ្យមាន​ប្រសិទ្ធភាព​ផង​ដែរ​។​

​យ៉ាងណា​ក៏ដោយ​ចុះ នៅក្នុង​លិខិត​សរសេរ​ដៃ មាន​ផ្តិត​ស្នាម​មេដៃ ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ របស់ ក្រុមការងារ​ចុះ​វាស់វែង​ចុះ​វាស់វែង​ដី​ជូន ឈ្មោះ សុខ ប៊ុន មាន​ទីតាំង​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​បដិសេធ និង​មិន​ទទួលស្គាល់​ទំហំ​ដី​លេខ ៦៩ ក​.​រ របស់លោក សុខ ប៊ុន ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០២​ទេ​។​

កាលណោះ​ក្រុម​ការងារ​ចុះ​វាស់វេង​ដី​ខាងលើ មាន​សមាសភាព​ចំនួន ៦​នាក់ ដោយ​ពួកគេ​បាន​អះអាង​ថា ការចុះវាស់វែង​ដី របស់លោក សុខ ប៊ុន ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ថា យោង​តាម​ការចុះ​វាស់វែង​ដី​ជាក់ស្តែង គឺ​ទីតាំង​ដី​ពិតប្រាកដ របស់លោក សុខ ប៊ុន ពេលនោះ គឺ​មាន​ទទឹង​ប្រវែង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ មាន​ទំហំ​សរុប ៥២៥០០​ម៉ែត្រការ៉េ​គត់​។​

​ត្រង់​ចំណុច​នេះ ក្រុមការងារ​ចុះ​វាស់វែង​ដី​ខាងលើ បាន​បញ្ជាក់​នៅក្នុង​លិខិត​ដដែល​ថា ព្រំ​ដី​របស់​លោក សុខ ប៊ុន គឺ​មាន​ព្រំ​៖ ខាងជើង​ទល់នឹង ឆ្នេរ​ថ្ម​សមុទ្រ ១០៥​ម៉ែត្រ​។ ខាងត្បូង​ទល់​នឹង​ចង្កេះភ្នំ​ថ្ម​ជញ្ជាំង​។ ខាងកើត​ទល់​នឹង ដី​លោក ទេព វុទ្ធី និង​ខាងលិច​ទល់​នឹង ៥០០​ម៉ែត្រ ពី​ដៃ​អូរ​ទឹកសាប​ជាប់​ដី ជី វិស័យ និង​ពី​កូន​កោះ​ដូង​។​

​ទាក់ទិន​បញ្ហា​នេះ លោក កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ​បច្ចុប្បន្ន និង​លោក អ៊ួ​ង និត អតីត​ចៅសង្កាត់​កោះរ៉ុង បានបញ្ជាក់​ថា ដី របស់លោក សុខ ប៊ុន មាន​ទំហំ​ត្រឹមតែ​ទទឹង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ ឬ​មាន​ទំហំ​ស្មើ ៥​ហិច​តា និង​២៥​អា​តែប៉ុណ្ណោះ​។ ដី​ក្រៅពីនេះ គឺជា​ដី របស់​ប្រជាពលរដ្ឋ​ផ្សេង ដែល​រស់នៅ​ក្បែរ​នោះ​។ ដូច្នេះ​លោក​បដិសេធ​មិន​ទទួលស្គាល់​ឯកសារ​ទិញ​លក់​ដី របស់លោក សុខ ប៊ុន ដែល មាន​ទំហំ​លើ​ពី​ទំហំ​ដី​ខាងលើនេះ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក អ៊ួ​ង និត អតីត​ចៅសង្កាត់​កោះរ៉ុង បាន​បដិសេធ​មិន​ទទួលស្គាល់​លិខិត​លេខ ៦៩ ក​.​រ ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០២ ដែល​ជា​ការទិញ និង​លក់ របស់ លោក សុខ ប៊ុន និង​លោក ម៉ា ទី នោះ​ជា​ដាច់ខាត​។​

​ចំ​ណុ​ចនេះ លោក អ៊ួ​ង និត បាន​ទទួលស្គាល់​ទំហំ​ដី ទិញ​លក់ របស់ លោក សុខ ប៊ុន មាន​ទំហំ ១០៥​ម៉ែត្រ គុណ ៥០០​ម៉ែត្រ ឬ​ស្មើ​៥២៥០០​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។​

​លោក កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ក៏​បាន​សរសេរ​លិខិត​បដិសេធ​មួយ​ច្បាប់​ផ្ញើ​ជូន លោក ចៅ​សង្កាត់​កោះរ៉ុង និង​ពលរដ្ឋ​ទាំង ៤២​គ្រួសារ ដោយ​បាន​បដិសេធថា រូប​លោក​មិន​ទទួលស្គាល់​លិខិត​ស្នើ​សុំ​កាន់កាប់​ប្រើប្រាស់​ដី​ចំការ​ចាស់ និង​លិខិត​ផ្ទេរសិទ្ធិ របស់ ឈ្មោះ សុខ ប៊ុន ដែល​បាន​ទិញ​ពី​ឈ្មោះ ម៉ា ទី ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ខាងលើ​នោះ​ទេ​។​

​ងាក​មក លោក សេង ហ៊ួ​លៀង ចៅ​សង្កាត់​កោះរ៉ុង​បច្ចុប្បន្ន ក៏​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រុមការងារ​ថ្នាក់ជាតិ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដើម្បី​ផ្តល់​យុត្តិធ៌ម​ជូន​ភាគី​ពាក់ព័ន្ធ ឲ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។​

លោក​ចៅសង្កាត់​រូប​នេះ ប្រកាស​គាំទ្រ និង​ទទួលស្គាល់​វត្តមាន របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ បាន​ចូលមក​រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​ពិតប្រាកដ​មែន​។​

គួររំលឹកថា​ ​លោក ឧកញ៉ា សុខ ប៊ុន អគ្គ​នាយ ក្រុមហ៊ុន សុខ ប៊ុន គ្រុប កាល ពី ថ្ងៃ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១៥ ត្រូវ បាន តុលា ការ សាលា ដំបូង រាជធានី ភ្នំពេញ ចាប់ ដាក់ គុក ម្តង រួច មក ហើយ ពី បទ ហិង្សា ដោយ ចេតនា មាន ស្ថាន ទម្ងន់ ទោស ដោយសារ លោក សុខ ប៊ុន និង អង្គរក្ស បាន វាយ ទា​ត់ ធាក់ទៅលើអតីតពិធី​ការី​នីទូរទស្សន៍ CTN គឺ កញ្ញា​ឯក សុជាតា នៅក្នុងភោជនីយដ្ឋាន មួយកន្លែង ក្នុងរាជធានី​ភ្នំពេញ​៕ ដោយ​៖ ដែន សីមា

spot_img
×