Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​ព្រហ្មទណ្ឌ​បាញ់​ប្រាំ​គ្រាប់​សង 5000 ដុល្លារ រ​បញ្ចប់រឿង ហើយ​មិន​បាន​បញ្ជូន​ខ្លួន​ជន​បង្ក​ទៅ​តុលាការ​នោះទេ បាន​ត្រឹម​ដាក់ពិន័យ​ប៉ុណ្ណោះ​

spot_img

​ភ្នំពេញ​ ៖ ​ក្នុងករណី​នគរបាល​ព្រហ្មទណ្ឌ​ម្នាក់ បាញ់​ប្រាំ​គ្រាប់ បណ្ដាលឱ្យ​បែក​កញ្ចក់​ឡាន និង​បង្ក​ការភ័យខ្លាច ដល់​ម្ចាស់​រថយន្ត​នោះ មាន​ការចរចា និង​សម្របសម្រួល​សម្របសម្រួល រវាង​ជនរងគ្រោះ ជាមួយ​ជនដៃដល់ ដោយ​ទទួល​សំណង​ជា​លុយ ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក​។

​ការសង ៥០០០ ដុល្លារ ដល់​ជនរងគ្រោះ និង ជនដៃដល់ រួចខ្លួន​ពី​សំណាញ់​តុលាការ​ហើយ​ព្រឹក ថ្ងៃទី 3 ខែ​ឧសភា​នេះ ដោយ​គ្រាន់តែ​មេ​លើ យកទៅ ដាក់វិន័យ​តាមច្បាប់​ប៉ូលីស ប៉ុណ្ណោះ​។

​ថ្មីៗ​នេះ ន​ណារ​ក៏​ដឹង​ថា មាន​ករណី​បាញ់​បោះ​សេរី​ជាច្រើន​ករណី ក៏ត្រូវ សមត្ថកិច្ច​មូលដ្ឋាន​បាន បញ្ជូន​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជន​បង្ក​បាន​បាញ់បោះ ទៅ​កាត់ទោស​នៅ​តុលាការ​ផងដែរ តែ​ចំណែក​​ជនបង្ក រូបនេះ បែរជា​មាន​វាសនា ល្អ​ជាងគេ ។​

​ជាមួយ​នឹង​ករណី​នេះ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ បាន​លើកឡើង​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​លោក នៅ​ព្រឹក​ថ្ងៃទី 3 ឧសភា​នេះ​ថា “​នៅ​កម្ពុជា​គួរ​ដល់​ពេល​អនុវត្ត​ច្បាប់​​ស្តង់ដារ​តែមួយ​ហើយ គឺ​មិន​អាច​ធ្វើ ឲ្យ​ច្បាប់​ថយអំណាច​នោះទេ ហើយ​រឿង​បាញ់បោះ​សេរី​កន្លងមក គឺ​ទាំង ឧកញ៉ា​និង​ទាំង​ក្មួយ​អ្នកធំ​គឺ​ត្រូវបាន អនុវត្ត​ច្បាប់​នៅក្នុង​ពន្ធនាគារ ក៏​ប៉ុន្តែ​ហេតុ​អ្វី​បុគ្គល​ម្នាក់​នេះ​ដែល​ប្រើ​អាវុធ រហូត​ដល់​ប៉ង​សម្លាប់​ពលរដ្ឋ បែរជា​មិន​ជាប់គុក​ទៅវិញ​។ បើសិន​ជា​អ្នកអនុវត្ត​ច្បាប់​ធូររលុង​របៀបនេះ គឺ​ស្មើ នឹង​បើកដៃ​ឲ្យ​ពួក​ជនឧក្រិដ្ឋ​ធ្វើ​នូវ​អ្វីៗ​តាម​ទំនើងចិត្ត ហើយ​ពលរដ្ឋ​រស់ក្នុង​ភាពភ័យខ្លាច សង្គម​នឹង​ក្លាយទៅជា អសន្តិសុខ ហើយ​អំពើ​អយុត្តិធម៌​នឹង កើត​ពាសពេញ​ផ្ទៃ​ប្រទេស​គឺ​មិន​ខាន​ឡើយ ជាពិសេស គឺ​ការគំរាមកំហែង ដល់​ពលរដ្ឋ​ខ្មែរ​ទន់ខ្សោយ​ពី​សំណាក់ អ្នកមាន​អំណាច​នឹង​បន្ត​កើតមាន​មិន​ឈប់ឈរ ដោយសារ​តែ​ច្បាប់​គ្មាន​នូវ ឥទ្ធិពល​លើ​ជន​ពាល និង​អ្នក​មាន​នូវ អំណាច​។ នៅក្នុង​ករណី​ខាងលើ​នេះ ខ្ញុំ​នឹង​សួរ​ទៅ​ក្រសួង​យុត្តិធម៌ គឺ​ដើម្បី​តាមដាន​ការអនុវត្ត​ច្បាប់​របស់​តុលាការ​ដែល​មិន​អនុវត្ត​ច្បាប់​ស្មើភាព​លើ​បុគ្គល​បាញ់បោះ​លើ​ពលរដ្ឋ​ខ្មែរ​នឹង ប៉ុនប៉ង​សម្លាប់​ដោយ​ចេតនា បែរជា​មិន​ជាប់គុក​ទៅវិញ​”​។

​ករណី​នេះ​ដែរ លោក​វីលាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ក៏បាន​លើកឡើង​ផងដែរ​ថា “​លោកសង្ឃ​កាន់តែ​កាំ​ភ្លេីង​ជ័រ គេ​ចាប់​ដាក់គុក មន្ត្រី​នគ​បាល​កាន់​កាំ​ភ្លេីង​ពិត ជិះ​ដេញ​បាញ់​គេ​៥​គ្រាប់ បង់​តែ ៥០០០​ដុល្លារ ទទួលរង​តែ​វិន័យ​មិន​ទទួលទោស ។ ករណី​នេះ​ខ្ញុំ​ចាត់ទុកថា ជា​អំពេី​អយុត្តិធម៌ ជាពិសេស​ថ្មីៗ​នេះ សម្ដេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាលលោក​បានណែ​នាំ​ច្បាស់ៗ អំពី​ការចូលរួម​កែ​ទំរង់ យុត្តិធម៌​សង្គម ។​វិធានការ​បែប​នេះ ធ្វេី​អោយ​ពលរដ្ឋ​សាមញ្ញ​ធម្មតា​កាន់តែ​ភ័យខ្លាច​ព្រួយបារម្ភ ចំពោះ​ភាពអសន្តិសុខ​ក្នុងសង្គម ជាពិសេស​គាត់​មាន​អារម្មណ៍​តូចចិត្ត ចំពោះ​ការអនុវត្តន៍​ច្បាប់​ដែល​មាន​ស្តង់ដា​លំអៀង ១៨០​ដឺ​ក្រេ នេះ​ទៀត​ផង​។ ករណី​នេះ​គួរតែ សង​សំណង​រដ្ឋប្បវេណី​ចំពោះ​ជនរងគ្រោះ​​ទទួលរង​វិន័យ​កងកម្លាំង និង​ទទួលខុសត្រូវ​ចំពោះ​បណ្ដឹង​អាជ្ញា​​ប្រសិន​ជា​ជនរងគ្រោះ​សម្របសម្រួល​មិន​ប្ដឹង​” ។​

​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានឲ្យដឹងថា លោក​វរសេនីយ៍ទោ ឌួង ណា​គ្រី អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ត្រូវបាន​ថ្នាក់លើ​សម្រេច បញ្ជូន​ខ្លួន​ទៅកាន់​នាយកដ្ឋាន​តម្រួត​បទបញ្ជា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ពិន័យ​កងកម្លាំង​ពាក់ព័ន្ធ​ការ​បាញ់កាំភ្លើង​៥​គ្រាប់ គំរាមកំហែង​អ្នកដទៃ​។ ករណី​បាញ់​នោះ បណ្តាលឲ្យ​បែក​កញ្ចក់​រថយន្ត​រ៉ង់​រ៉ូ​វែ​មួយគ្រឿង កាលពី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ខណ្ឌ​ច្បារអំពៅ​។​

​ជនដៃដល់​ដែល​បាញ់​៥​គ្រាប់ បណ្ដាលឲ្យ​បែក​កញ្ចក់​ឡាន ក្នុង​បទល្មើស​ជាក់ស្ដែង​ប៉ុនប៉ង​ឃាតកម្ម គឺ​លោក​វរសេនីយ៍ទោ ឌួង ណា​គ្រី អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​។ ចំណែក​ភាគី​ម្ខាង​ទៀត ឈ្មោះ ភូ រិស្ស​ស្តូ​រ៉ា ជា​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ CPS​។​

​នៅ​យប់កើតហេតុ គឺ​ជនបង្ក​មាន​លក្ខណៈ​ស្រវឹងស្រា​ជោកជាំ បើករថយន្ត​តាម​រករឿង​គេ ទើប​ឈាន​ដល់​ការបាញ់​បំបែក​កញ្ចក់​ឡាន​តែម្ដង​។​

​ក្រោយ​កើតហេតុ ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​។ ចំណែក​ភាគី​ដែល​បែក​កញ្ចក់​រថយន្ត បាន​ដាក់​ពាក្យបណ្ដឹង និង​ទាមទារ​សំណង ចំនួន​៣៥០០០​ដុល្លារ លុះ​មាន​ការចរចា​គ្នា​ក្រៅ​ប្រព័ន្ធ ភាគី​ទាំង​២​ក៏​ត្រូវរ៉ូវ​គ្នា​ត្រឹម​៥០០០​ដុល្លារ ហើយ​ថ្នាក់​លើក​សម្រេច​បញ្ជូន​ជនដៃដល់ ទៅ​អង្គភាព​តម្រួត​បទបញ្ជា ដើម្បី​អនុវត្ត​វិន័យ​កងកម្លាំង ដោយ​មិន​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ​៕​ ដោយ​៖​កូឡាប​

spot_img
×