Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់​វ័យក្មេង យ៉ាងសកម្ម ០១​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចូល​គុក​

spot_img

ភ្នំពេញ ៖ ​នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់ វ័យក្មេង​យ៉ាងសកម្ម ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​ឈ្មោះ សាន កុសល ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ដែល​ជា​ចោរឆក់​យ៉ាងសកម្ម ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២:៥០​នាទី ខណៈ​ដែល​រូបគេ បាន​កំពុង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​អ្នកដំណើរ​ជា​ជនបរទេស នៅ​ចំណុច ផ្លូវ​លេខ​១៧៨ កែង​ផ្លូវ​លេខ​១៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ ខាងលើ បាន​សារភាព​ឲ្យដឹងថា ខណៈ​ដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក NEX ពណ៌​ទឹកក្រូច​លា​យស ស្លាក​លេខ ភ្នំពេញ 1HN-7303 ធ្វើដំណើរ​លើ​ដងផ្លូវ ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ គោលបំណង​ដើរ​ឆក់ សម្ភាៈ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ លុះ​ជិះ​ដល់​ម្តុំ​ផ្សារកណ្តាល បាន​ឃើញ​ជន​បរទេស​ម្នាក់​កំពុង​ឈរ​ចុច​ទូរស័ព្ទ ជា​ឳ​កាស​ល្អ​រូបគេ​បាន​ជិះ​ទៅ​ក្បែរ ហើយ​ឆក់​ទូរស័ព្ទ​ពី​ដៃ​ជនរងគ្រោះ តែ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់​បាន​ទាញ​ទូរស័ព្ទ​វិញ បណ្តាល​ឲ្យ​រូបគេ​ដួល​ម៉ូតូ ពេលនោះ​មាន​ប្រជាពលរដ្ឋ​ដេញ​ចាប់​រូបគេ ស្របពេលនោះ មាន​កម្លាំង​អាវុធហត្ថ​ល្បាត​ឃើញ បាន​ឃាត់​រូបគេ​តែ​ម្តង​។​

​រូបគេ​បាន​បន្ត​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យដឹងទៀតថា កាល​អំឡុង​ខែ​មីនា ឆ្នាំ​២០១៩ រូបគេ និង​បក្ខពួក ០២​នាក់​ទៀត ឈ្មោះ រ័ត្ន និង​ឈ្មោះ ភា ធ្លាប់​ធ្វើ​សកម្មភាព​ឆក់ សម្ភារៈ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ ០៣​លើក​មក​ហើយ ដោយ​ជិះ​ម៉ូតូ ០២​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៩ និង​ម៉ាក NEX ពណ៌​ទឹកក្រូច​លា​យស ស្លាក​លេខ ភ្នំពេញ 1HN-7303 ដើម្បី​ធ្វើ​សកម្មភាព​ឆក់​។ លើក​ទី​១ ពួកគេ ធ្វើ​សកម្មភាព​ឆក់ នៅ​ចំណុច​មុខ​វាំង តែ​មិនបាន​សម្រេច និង​មាន​បក្ខពួក​បិទគូថ​តាម​ក្រោយ​ផងដែរ ,​លើក​ទី​២ ជនសង្ស័យ ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក NEX ម្នាក់ឯង ធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទដៃ​ពី​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ តែ​មិនបាន​សម្រេច ,​លើក​ទី​៣ រូបគេ​បាន​ឆក់​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក SUMSUNG ពី​ជនរងគ្រោះ​បានសម្រេច នៅលើ​ផ្លូវ​ស៊ីសុវត្ថិ ហើយ​យកទៅលក់​នៅ​ម្តុំ​ផ្សារ​សូរិយ៉ា បាន​ប្រាក់ ១០០​ដុល្លារ​អាមេរិក ​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×