Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ស្រុក​ព្រៃនប់ ចោទ​ក្រុមហ៊ុន​ឋានសួគ៌ បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ឆ្លងកាត់​!

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​អូរ​ត្រជាក់ចិត្ត និង​សហគមន៍​បាតខ្ទះ​មាន​ចំនួន​ជិត ១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ប្រមូលផ្តុំ​គ្នា​នៅ​រង្វង់​មូល ព្រះសង្ឃ​ដឹក​ដៃ​ក្មេង មាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​៤ មាន​ចំងាយ​ប្រហែល ២​គីឡូម៉ែត្រ ពី​ទីតាំង​សាលា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ជួបជុំគ្នា​រួច ប្រជាពលរដ្ឋ​ទាំង​ពីរ​សហគមន៍​ខាង​លើ ក៏​បាន​ដង្ហែរ​ក្បួន​ឆ្ពោះទៅកាន់ ពីមុខ​បរិវេណ​សាលា​ស្រុក​ព្រៃនប់ ដើម្បី​ស្នើសុំ​ឲ្យ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក​ព្រៃនប់ ជួយ​អន្តរាគមន៍​ទៅ​ប្រធាន​ក្រុមហ៊ុន​ឋានសួគ៌​ចំ​កាត់ឲ្យ​បើកទ្វារ​របង ដែល​ក្រុមហ៊ុន​នេះ​បាន​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ដោយ​សំណូមពរ​បើកផ្លូវ​នោះ ឲ្យ​ពួកគាត់​ធ្វើដំណើរ​ចេញចូល ឬ​ឆ្លងកាត់​ឲ្យបាន​ទូលំទូលាយ​ដូច​ដើមវិ​ញ​។​

​ប្រជាពលរដ្ឋ​ឲ្យដឹង​បន្ត​ថា ក្រុមហ៊ុន​ឋានសួគ៌ បាន​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់ មាន​រយៈពេល​ប្រមាណ​១​ខែ​កន្លង​មក​ហើយៗ ក្រុមហ៊ុន​បាន​ឲ្យ​ឆ្លងកាត់ ឬ​ចេញចូល​ត្រឹម​មធ្យោបាយ​ម៉ូតូ​តែ​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​ឲ្យដឹង​ទៀតថា ក្រុមហ៊ុន​ឋានសួគ៌ ដែល​បិទផ្លូវ​ខាងលើ គឺ​ស្ថិតនៅ​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​យ៉ាងនេះក្តី ចំពោះ​ការស្នើសុំ​កិច្ច​អន្តរាគមន៍ របស់​ប្រជាពលរដ្ឋ ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក​ព្រៃនប់ គឺ​មិន​ទទួលបាន​លទ្ធផល​នោះ​ទេ​។ ដោយ​មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃនប់ ឆ្លើយថា វា​ហួស​ពី​ដែន​សមត្ថកិច្ច​ថ្នាក់​ស្រុក​ត្រូវ​ដោះស្រាយ​។ ហើយ​មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃនប់ ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​សហគមន៍​អូរ​ត្រជាក់ចិត្ត និង​សហគមន៍​បាត​ខ្ទះ រៀបចំ​ឯកសារ​តាម​ផ្លូវច្បាប់ ដើម្បី​ដាក់ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​រក​ដំណោះស្រាយ នៅ​ថ្ងៃ​ខាង​មុខ​ជា​បន្ត​ទៀត​ ៕ ដោយ​៖ ដែន សីមា​

spot_img
×