Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ ដើម្បី​ដាក់ចេញ​នូវ​យន្តការ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា មាន​ប្រសិទ្ធភាព លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​

spot_img

​ភ្នំពេញ ​៖ ​លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ដឹកនាំ​ប្រជុំ​មួយ​ក្នុង​គោលបំណង​៖ ទី​១- ពិនិត្យ តាមដាន​និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ដែល​ក្រសួង​បាន​និង​កំពុង​សហការ​អនុវត្ត​ជា​មួយ​ដៃគូ​អភិវឌ្ឍ​នានា​ក្នុង​ក្របខ័ណ្ឌ​វិស័យ​កសិកម្ម និង​ទី​២-​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ ប្រមូល​យក​ធាតុ​ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួច​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល ប្រយោជន៍​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យមាន​ការរីកចម្រើន សមស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជ​រដ្ឋា​ភិ បាល យុទ្ធសាស្ត្រ​និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ និង​ជា​ពិសេស​សមស្រប​តាម​កំណើនសេដ្ឋកិច្ច កំណើន ប្រជាជន ភ្ញៀវ​ទេសចរណ៍ ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ដើម្បី​រួមចំណែក​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋា​បាល​នា​ឆ្នាំ​២០៣០ នៅ​ទីស្តីការក្រសួង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ចន្ទ ០៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​មន្ត្រី​បង្គោល​បាន​ធ្វើ​បទ​បង្ហាញ​ជា​បន្តបន្ទាប់​ជូន​អង្គប្រជុំ​បាន​ជ្រាប​ពី​វឌ្ឍនភាព​របស់​គម្រោង​៖ ទី​១-​គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ទី​២- វឌ្ឍនភាព​នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរ​បរិស្ថាន ទី​៣-​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង ទី​៤-​គម្រោង​ផលិតកម្ម​ស្បៀង​និង​ការនាំ​ចេញ​អង្ករ​។ គម្រោង​ទាំង ០៤ បាន​លើកយក​ចំណុច​សំខាន់ៗ​មក​បកស្រាយ​ជូន​អង្គប្រជុំ​ជ្រាប​អំពី​៖ -​គោលបំណង ថវិកា​ចំណាយ ប្រភព​ថវិកា ពេលវេលា​អនុវត្ត​គម្រោង ខេត្ត​គោលដៅ ដៃគូ​អនុវត្ត​គម្រោង លទ្ធផល​អន្តរកាល លទ្ធផល​រំពឹងទុក បញ្ហា​ប្រឈម ការ​ចោទសួរ និង​ចម្លើយ​របស់​សមាជិក សមាជិកា និង​ជា​ពិសេស​ការបកស្រាយ ការផ្តល់​ជា​គំនិត និង​យុទ្ធសាស្ត្រ​ល្អៗ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​សម្រាប់​មន្ត្រី​អនុវត្ត​គម្រោង​យកទៅ​ធ្វើការ​កែលម្អ​ដើម្បីឲ្យ​ការអនុវត្ត​គម្រោង​ទទួលបាន​ជោគ​ជ័យ​បន្ថែមទៀត​។ ភ្ជាប់​ជាមួយ​លទ្ធផល លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​សមិទ្ធផល​ដែល​គម្រោង​សម្រេចបាន​នាពេលនេះ គឺ​មិន​អាច​កាត់ផ្តាច់​បាន​ពី​គុណូបការៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​នានា​ដែល​បាន​ជួយឧបត្ថម្ភ គាំទ្រ​ទាំង​ធនធាន​ថវិកា និង​បច្ចេ​ទេស​ដើម្បី​អនុវត្ត​គម្រោង​ក្នុ​ង​។ លោក​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រាជ រដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ជួយ​ជ្រោមជ្រែង សហការ​ក្នុង​ការអនុវត្ត​គម្រោង​នានា​រហូត​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ហើយ​សង្ឃឹម​និង​ជឿជាក់​ថា​កិច្ចសហការ​ដ៏​ប្រពៃ​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កាន់តែ​ល្អប្រសើរ​ថែមទៀត​ក្នុង​បរិបទ​តំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​កំណើនសេដ្ឋកិច្ច​។ ផ្សាភ្ជាប់​ការអនុវត្ត​គម្រោង​ខាងលើ​នាយកដ្ឋាន​គណនេយ្យ និង​ហិរញ្ញវត្ថុ​ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​សារាច​រណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២០-២០២២ ក្នុងន័យ​ធ្វើយ៉ាងណា​ឲ្យ​ការប្រើប្រាស់​ថវិកា​របស់​ដៃគូ​អភិវឌ្ឍឲ្យ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ការប្រើប្រាស់​ថវិកា​រដ្ឋ និង​ផ្សាភ្ជាប់​ទៅ​នឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​បន្ទាប់​ពី​ក្តាប់បាន​នូវ​រាល់​ខ្លឹមសារ​សំខាន់ៗ​នៃ​បទ​បង្ហាញ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​អង្គប្រជុំ​ថា យើង​ទទួលស្គាល់ថា​ជាទូទៅ​ថា​ការអនុវត្ត​គម្រោង​ជាក់ស្តែង​នៅ​មូលដ្ឋាន​តែងតែ​ផលិត​បាន​នូវ​លទ្ធផល​ល្អៗ ហើយ​ក៏​ជួបប្រទះ​នូវ​ចំណុច​ខ្វះខាត ដូច្នេះ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​គម្រោង និង​បន្ត​ធ្វើ​នវានុវត្តន៍​នូវ​រាល់​ផែនការ​សកម្មភាព​អនុវត្ត​គម្រោង​ឲ្យបាន​ទទួលបាន​ជោគជ័យតា​មការ​គ្រោងទុក ។​

​លោក​វេង សាខុន បាន​ជូន​អនុសាសន៍​សំខាន់ៗ​ដូចខាងក្រោម​ ៖

១- មន្ត្រី​ដឹកនាំ​គម្រោង​ត្រូវ​មាន​ឆន្ទះ​មោះមុត ឈរ​លើ​ទឡី្ហ​ក​រណ៍​ច្បាស់លាស់​ក្នុង​ការចរចា​ថវិកា​ដើម្បី​យកមក​អនុវត្ត​គម្រោង ធ្វើយ៉ាងណា​ឲ្យ​គម្រោង​គ្របដណ្តប់​លើ​វិសាលភាព​ធំ​ទូលំទូលាយ​នៃ​វិស័យ​កសិកម្ម​។ ម្យ៉ាងទៀត គម្រោង​ត្រូវ​ជ្រើសរើស​កម្មវត្ថុ​ឲ្យបាន​សមស្រប​តាម​ផែនការ​នយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ឆ្លើយ​តម​ទៅនឹង​សេចក្តីត្រូវការ​របស់​អ្នកទទួលផល​ជាក់ស្តែង ជាពិសេស​លទ្ធផល​រំពឹងទុក​គឺ​ត្រូវ​ឆ្លើយតប​ទៅ​តាម​ឆន្ទៈ និង​សូចនាករណ៍​របស់​រា​ជ​រដ្ឋាភិបាល​។

២- ត្រូវមាន​ផែនការ ឬ​កម្មវិធី​វាយតម្លៃ​លទ្ធផល​គម្រោង​ឲ្យបាន​ល្អិតល្អន់ និង​សុ​ក្រឹត្យ​ទៅតាម​តំណាក់កាលៗ ដើម្បី​ធ្វើការ​វាស់វែង​ពី​ការកែប្រែ ឬ​ផ្លាស់ប្តូរ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​ពិតប្រាកដ សាក​សម​ទៅនឹង​ពេលវេលា ជាពិសេស​ថវិកា​របស់​រដ្ឋ ដៃគូ​អភិវឌ្ឍ ភ្នាក់ងារ​អភិវឌ្ឍ​អភិវឌ្ឍ​ជាតិ និង​អន្តរជាតិ​នានា ដែល​បាន​ចំណាយ​។

៣- ប្រធាន​មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៅតាម​បណ្តា​ខេត្ត​គោលដៅ​អនុវត្ត​គម្រោង​ត្រូវ​ចូលរួម​គាំទ្រ និង​បង្កើន​កិច្ច​សហការ​ឲ្យបាន​ល្អ​ប្រសើរ​ប្រយោជន៍​ដើម្បី​ធ្វើ​ការអភិវឌ្ឍឲ្យ​ចំគោល​ដៅ និង​ឆ្លើយតប​ទៅ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ត្រូវការ និង​ចង់បាន​។​

៤- នាយក​គម្រោង ឬ​មន្ត្រី​បង្គោល​នៃ​គម្រោង​គួរ​រៀបចំ​បង្កើត​ឯកសារ​ខ្លីៗ (​វីដេអូ​គ្លីប​) បង្ហាញ​ពី​លទ្ធផល​គម្រោង​ជាក់ស្តែង​ជា​សាធារណៈ ជា​ពិស​ស​ការកែប្រែ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្រោយពេល​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​។

៥- នាយក​គម្រោង មន្ត្រី​បង្គោល និង​មន្ត្រី​អនុវត្ត​គម្រោង​ទាំងអស់​គ្រប់​ជំនាញ​គួរតែ​រៀបចំ​កម្មវិធី​ប្រជុំ​ជា​ប្រចាំ​ដើម្បី​វាយតម្លៃ​លើ​លទ្ធផល​បឋម ចែករំលែក​បទពិសោធ​ន៍ ឬ​មេរៀន​ល្អៗ​ពី​គ្រប់ភាគី​អនុវត្ត​គម្រោង ធ្វើ​ការលើកឡើង​ចំណុចខ្លាំង កែលម្អ​ចំណុចខ្សោយ​គ្រប់​ជ្រុងជ្រោយ រួច​ដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ​ជា​ចង្កោម សមស្រប​តាម​ស្ថានភាព ស្ថានការណ៍ គ្រប់​កាលៈទេសៈ និង​ស្រប​តាម​បរិបទ​នៃ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង​។

៦- ត្រូវ​បង្កើន​សមត្ថភាព និង​ភាព​វៃឆ្លាត​ក្នុង​ការដឹកនាំ ការអនុវត្ត​គម្រោង​ថែម​ទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ បង្កើន​តម្លៃ ជំនឿ​ទុកចិត្ត និង​និរន្តរភាព​។​

៧- គម្រោង​គួរ​ពង្រឹង​សមត្ថភាព​ដល់​សហគមន៍​ក្នុង​ការផលិត​ពូជ​ដំណាំ បន្លែ ស្រូវ និង​ត្រី ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ក្នុង​សហគមន៍ កាត់បន្ថយ​ទុន​ផលិត និង​ការ​នាំចូល​។ ករណី​នេះ​អាច​ធ្វើ​កិច្ចសន្យា​ជាមួយ​ដៃគូ​អភិវឌ្ឍ ឬ​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ ផលិត​ពូជ ធានា​បរិមាណ និង​គុណភាព​ពូជ ដោយ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

៨-​គម្រោង​គួរ​ពិនិត្យ​ឡើងវិញ​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ព្រោះ​ការទទួលយក​បច្ចេកវិទ្យា​ទំនើបៗ មួយចំនួន​របស់​បង​ប្អូន​ប្រជាកសិករ​យកទៅអនុវត្ត​នៅមានកម្រិត​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×