Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ និង​អភិបាល​ខេត្ត​កំពត កំណត់​ទិសដៅ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំនេះ​ឱ្យបាន​ល្អ​ជាងគេ​

spot_img

(​កំពត​) ៖ នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ (​ជុំ​ទី​២) នា​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពត លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ប្រកាស​ដាក់​ទិសដៅ​ជាច្រើន ដើម្បី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨​នេះ ឱ្យ​កាន់តែ​អធិកអធម​ជាង​ឆ្នាំមុនៗ​ ។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា ខេត្ត​កំពត​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ក្នុងនោះ​មាន​ទីក្រុង​បេតិកភណ្ឌ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​យ៉ាងច្រើន​សម្បូរបែប មាន​តំបន់​ក​សិ​ទេសចរណ៍​ ។​

​លោក​រដ្ឋមន្ត្រី​បាន​ប្រកាស​ដាក់​អនុសាសន៍​មួយ​ចំនួន រួមមាន​៖ ជំរុញ​មាន​ការរៀបចំ «​វិថី​ម្ហូបអាហារ​» ឬ​ហៅ​ថា Food Street នៅ​ទីតាំង​ណាមួយ​នៃ​ពិធីបុណ្យ​សមុទ្រ​ខាង​មុខ​ឱ្យ​បាន​ល្អប្រសើរ ហើយ Food Street នេះ ក៏​ទុក​ជា​ផលិតផល​ទេសចរណ៍​អចិន្ត្រៃយ៍ សម្រាប់​ទីក្រុង​កំពត​ផងដែរ​។ ស្នើសុំ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន​ជួយ​ពន្លឿន​ការជួសជុល​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​មកពី​វាលរេញ និង​ផ្លូវ​ដទៃទៀត ដែល​ភ្ជាប់​មក​ខេត្ត​កំពត​។ ស្នើ​ពន្លឿន​ការសាងសង់​កំពង់ផែ​ទេសចរណ៍ ដោយ​បង្កើន​ការធ្វើការ និង​បន្ថែម​ចំនួន​កម្មករ​ជំនាញ និង​វិស្វករ​។ ត្រៀម​រៀបចំ​ឱ្យមាន​ការតាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ឲ្យបាន​សម្បូរ​បែប ប្រកបដោយ​គុណភាព បើ​អាចធ្វើ​បាន​ស្នើ​រៀបចំ​ការតាំង​លក់​សម្លៀក​បំពាក់​ល្អៗ​ដែល​ផលិត​ក្នុងស្រុក ដូច​ជា​ផលិតផល outlet ជូន​ប្រជាពលរដ្ឋ និង​ទេសចរ​អន្តរជាតិ នៅក្នុង​ពិធីបុណ្យ​សមុទ្រ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ​សមរម្យ​។​

​នាំគ្នា​ធ្វើឲ្យ​គោលដៅ​ទេសចរណ៍​កំពត ជា​គោលដៅ​គំរូ​ខាង​គុណភាព​ផលិតផល ទំនិញ និង​សេវា គ្មាន​ទំនិញ​ក្លែងក្លាយ និង​អន់​គុណភាព​។​

​នៅ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ក្នុង​ម​រមណីយដ្ឋាន​ទេសចរណ៍​នានា ត្រូវ​គិតគូរ​លើ​បញ្ហា​អនាម័យ​ចំណីអាហារ បដិសណ្ឋារកិច្ច ការ​ទុកដាក់​សំរាម កាកសំណល់​ផ្សេងៗ​ ។​

​ត្រូវ​បន្ត​បំផុស​ចលនា​ឲ្យ​ប្រជាជន​ចូលរួម​គ្រប់ៗ​គ្នា ពិសេស​ចលនា «​គ្មាន​សំរាម​ក្រោម​តុ​» ​។​

​ត្រូវ​បង្កើន​យុទ្ធនាការ​បង្គន់​អនាម័យ ទាំង​សាធារណៈ និង​ឯកជន ទៅ​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​។ យើង​ឯកភាពគ្នា​យក​ខេត្ត​កំពត​ជា​ខេត្ត​គំរូ ខាង​បង្គន់​អនាម័យ​សាធារណៈ​ល្អ ​។​

​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ ត្រូវ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ឱ្យបាន​ទូលំទូលាយ​ចាប់ពី​ពេលនេះ​ទៅ ដូច​ជា​រមណីយដ្ឋាន​ទេសចរណ៍​ថ្មីៗ ដូច​ជា​រមណីយដ្ឋាន​ក​សិ​ទេសចរណ៍ ចម្ការ​ម្រេច​ដ៏​ល្បីល្បាញ រមណីយដ្ឋាន​ភ្នំ​បូកគោ ពិសេស​ព័ត៌មាន​ដែល​ភ្ញៀវទេសចរ​អាច​មើលឃើញ​កញ្ចុំ​ផ្កាយ​រាប់​លាន​ដួង ឬ​ហៅ​ថា កាឡាក់ស៊ី​មី​គី​វ៉េ​យ នៅលើ​ភ្នំ​បូកគោ​ ។​

​គួរ​រៀបចំ​វាល​ស្រែអំបិល​ឲ្យបាន​ល្អ ទុក​សម្រាប់​ទេសចរ ស្វែងយល់ និង​ទស្សនា​។​

​ជំរុញ​ឱ្យ​បង្កើត​សកម្មភាព​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ចាប់ពីពេលនេះ​ត​ទៅ​អោយ​បាន​សកម្ម​និង​ផុល​ផុស​ពិសេស​អំពី​អនាម័យ​ម្ហូបអាហារ ការទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវទេសចរ ដាច់ខាត​ត្រូវ​គិតគូរ​លើ​ភាព​ស្អាត និង​បៃតង​។​

​ត្រូវ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាជន​ក្នុង​ខេត្ត​ឱ្យ​ត្រៀម​រៀបចំ​ការតុបតែង​លម្អ​លំនៅដ្ឋាន និង​ទីធ្លារ​ជុំវិញ​ផ្ទះ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ ពិសេស​អាជ្ញាធរ​ក៏​ត្រូវ​រៀបចំ​តុបតែង​លម្អ​ទីក្រុង​ឱ្យបាន​ស្អាត ប្រកប​ដោយ​ភាព​ទាក់​ទាញ​។​ ​អាជ្ញាធរ​ត្រូវ​គិតគូរ​លើ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ ការ​ចត​យានយន្ត​នៅតាម​ផ្លូវ​ក៏​ត្រូវ​រៀបចំ​ឱ្យមាន​សណ្ដាប់ធ្នាប់​ផងដែរ​។​

​សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ទៅ​មើល​ការគ្រប់គ្រង​របស់​រមណីយដ្ឋានក​សិ​-​ទេសចរណ៍ ចំការ​ម្រេច La Plantation នៅ​ខេត្ត​កំពត​មួយ​នេះ ។​

ក្នុងឱកាស​នោះ លោក​ថោង ខុន បាន​ថ្លែងថា ខ្ញុំ​គិតថា ទោះ​បី​អាច​ថា​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នៃ​ស្តង់ដារ រមណីយដ្ឋាន​ក​សិទេ​ចរណ៍ តែ​ខ្ញុំ​គិតថា វា​អាច​យក​ជា​មូលដ្ឋាន​រៀនសូត្រ​បាន​។ ខ្ញុំ​បាន​ទៅ​ដល់​ទីនោះ កាលពី​រសៀល ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ តាម​ការ រាយការណ៍​របស់​មន្ទី​រទេស​ចរណ៍​ខេត្ត​កំពត​។ ខ្ញុំ​ឃើញថា ៖

១- លើ​ផ្នែក​បច្ចេកទេស​កសិកម្ម ពួកគាត់​បាន​យកចិត្តទុកដាក់​ដោយ​ហ្មត់ចត់ នៅលើ​បច្ចេកទេស​ដាំ​ដុះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ស្តង់ដារ GI -Geographical Identification ពោល​គី​ចាប់តាំងពី​គុណភាព​ទឹក ស្រោចស្រព ការប្រមូល​ផល ការ​វេច​ខ្ចប់​។​ល​។​

២- លើ​ផ្នែក​គ្រប់គ្រង ទេសចរណ៍​ពួកគាត់ ធ្វើការ​គ្រប់គ្រង​បាន​ល្អ មាន​អ្នកគ្រប់គ្រង ខាង​ផ្នែក​លក់ មាន​បដិសណ្ឋារកិច្ច​ល្អ មាន​មគ្គុទេស្ទក៍ ដែល​ចេះ​ជំនាញ​កសិកម្ម យល់ដឹង​ពី​ដំណាំ​ម្រេច និង​មាន​ជំនាញ​វិជ្ជាជីវៈ​មគ្គុទេស្ទក៏​ច្បាស់លាស់​។ ភ្ញៀវ​ចូល ទស្សនា​ចំការ​ត្រូវបាន​រៀបចំ​ជា​ក្រុម​។​មាន​អ្នកគ្រប់គ្រង​ភ្ញៀវ​ចេញ​-​ចូល កត់ត្រា បាន​ត្រឹមត្រូវ មិនចាំបាច់​លក់​សំបុត្រ​ចូល ដែល​នាំ​រំខាន​ដល់​ភ្ញៀវ​។​ការ​ដាក់​តាំង​លក់​ផលិតផល និង​សេវា​ភេសជ្ជៈ​បានល្អ ប្រកប​ដោយ​វិជ្ជា​ជី​វៈ ​។​

៣-​ការផ្សព្វផ្សាយ​បានល្អ តាមរយះ website ផ្ទាល់​។​

៤- ភ្ញៀវ​ភាគច្រើន​ជា​ភ្ញៀវ​អឺរ៉ុប ៦០% ជា​បារាំង​។​

​នៅ​ខេត្ត​កំពត មាន​រមណីយដ្ឋាន ក​សិ​-​ទេសចរណ៍​ចំការ​ម្រេច មួយទៀត ឈ្មោះ Starling Ridge នៅក្បែរ​គ្នា ក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ដែល​មាន​ការគ្រប់គ្រង​ល្អ​ស្រដៀង​គ្នា​។​

៥- ចំណុច ដែល​នៅ​សេសសល់ របស់​យើង គី​ផ្លូវ​ទៅ​កាន់​ទី​នោះ​មិន​ទាន់​បាន​អភិវឌ្ឍ​ន៏​ល្អ​។​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​នឹង​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ជូន​នៅ​ឆ្នាំ​២០២០​។​រីឯ​ផ្លាក​សញ្ញា​ចង្អុលបង្ហាញ​តាម​ដងផ្លូវ​ក៏​នៅ​ខ្វះខាត​។​

នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល ទេសចរណ៍ គួរ​រៀ​ចំ Farm Trip នៃ​មន្ទីរ​ទេសចរណ៍ ទាំង​២៥ និង​ផ្នែក​ពាក់ព័ន្ធ ទាំង​ផែ្ន​ក​សាធារណៈ និង​ផ្នែក ឯកជន​ទៅ​ស្វែងយល់ និង​សិក្សា​រៀនសូត្រ​នៅ​ទីនោះ​៕​ ដោយ ​៖​ កូឡាប​

spot_img
×