Sunday, September 19, 2021

បុរស​ម្នាក់ ដែល​យក​វ៉ាលិស មាន​លុយ​ដុល្លារ​សែនខ្មោច មក​ទុក​នៅ​មុខ​ទូ​អេ​ធី​អឹម ធនាគារ​ស្ថាបនា ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ហើយ​ឱ្យ​ទៅ​ផ្ទះ​វិញ​

​កំពង់ចាម ៖ នគរបាល​ខេត្ត​កំពង់ចាម បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​បាន​យក​វ៉ាលិស មួយ​ដែល​ផ្ទុក​ទៅដោយ​លុយ​ដុល្លារ​ខ្មែរ​សែនខ្មោច មក​ប្លុង​ចោល​នៅ​មុខ​ទូ អេ​ធី​អឹ​ធី​អឹម​របស់​ធនាគារ​ស្ថាបនា​កាលពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដោយ ផ្អែក​តាម​រូបភាព​កាមេរ៉ា​សុវត្ថិភាព​ជាប់​ក្នុង​ទូ ATM សមត្ថកិច្ច​បាន​យក​មក​បង្ហាញ​ឲ្យ​ជនសង្ស័យ​ពិនិត្យមើល ជនសង្ស័យ​បាន​ឆ្លើយថា ពិត​ជា​រូប​របស់​ខ្លួន​ពិតប្រាកដ​មែន ឱ្យ​ស្ថិត​ក្នុង​ដំណាក់កាល​សាកសួរ​របស់​សមត្ថកិច្ច បានអនុញ្ញាត​ឲ្យ​ជន​នោះ ដែល​ជា​មនុស្ស​មាន​សតិ​មិនល្អ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​ប៉ូលិស​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក កម្លាំង​ប៉ុស្តិ៍​កំពង់ចាម​ល្បាត​ក្នុង​ភូមិសាស្ត្រ បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​០១​នាក់ នៅ​ចំណុច​ផ្លូវភ្លោះ​ម្តុំ​ផ្ទះសំណាក់​ផ្កាឈូក​ទិព្វ ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករណី​ដាក់​វ៉ាលិស​ចាស់ និង លុយ​ដុល្លារ​សែន​ខ្មោច ក្នុង​ទូ​អេ​ធី​អឹម​ធនាគារ​ស្ថាបនា កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤ នៅ​ចំណុច​ក្បែរ​ដើម​ពោធិ ម្តុំ​ផ្សារា​ត្រី ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ហើយ​។​

​ប៉ូលិស​បានឲ្យដឹងថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ធ្វើ​ការសាកសួរ​។​

​ជនសង្ស័យ ឈ្មោះ ឌុល ឌុ​ច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ វាល​ខ្សាច់ ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​មនុស្ស​មាន​សតិ​មិន​ល្អ បាន​ឆ្លើយបំភ្លឺ​ជូន​សមត្ថកិច្ច​យើង​ថា កន្លងមក​ខ្លួន​ធ្លាប់​ដើរ​រើស​អេតចាយ និង​បាន​យក​នាឡិកា​ចាស់ៗ​ ។ ថ្ម​ទូរស័ព្ទ​ចាស់ៗ កូនជ្រូក​ដី មក​ដាក់​ចូល​ក្នុង​ទូ​ATM៣​ទៅ​៤​ដង រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ មិន​ចាំ​ម៉ោង ខ្លួន​បាន​រើស​បាន​វ៉ាលិស​ចាស់​មួយ ក៏​បាន​យក​ស្នោ និង​លុយ​ដុល្លារ​ឆេង​ម៉េង​បិទ​ដាក់​ក្នុង​វ៉ាលិស ដោយ​ខ្លួន ធ្លាប់​បាន​មើល​ក្នុង​រឿង​ភាគ​ហុងកុង ឃើញ​គេ​ដាក់​លុយ​ក្នុង​វ៉ាលិស ក៏​ដាក់​តាម រួច​យក​ទៅ​ទុក​ចោល​ក្នុង​ទូ​ATM​ធនាគារ​ស្ថាបនា ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ពិតប្រាកដ​មែន ហើយ​ចេញ​ទៅ​ផ្ទះ​បាត់​។​

​ជនសង្ស័យ​បន្តថា នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ពេលព្រឹក ខ្លួន​បាន​ដើរ​មក​រើស​អេតចាយ​នៅក្បែរនោះ ក៏​ត្រូវ​ប៉ូលិស​ហៅ​មក​តែម្តង​។​

​ប៉ូលិស​បន្តថា ផ្អែក​តាម​រូបភាព​កាមេរ៉ា​សុវត្ថិភាព​ជាប់​ក្នុង​ទូ ATM សមត្ថកិច្ច​យើង​បាន​យក​មក​បង្ហាញ​ឲ្យ​ជនសង្ស័យ​ពិនិត្យមើល ជនសង្ស័យ​បាន​ឆ្លើយថា ពិត​ជា​រូប​របស់​ខ្លួន​ពិតប្រាកដ​មែន ចំពោះ​ខោ​-​អាវ និង​មួក​ខ្លួន​បាន​បោះចោល​អស់ហើយ​។​

​ប៉ូលិស​បញ្ជាក់ថា ដោយ​មាន​ការឯកភាព​ពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញា បានអនុញ្ញាត​ឲ្យ​ជនខា​ង​លើ​នេះ ជា​មនុស្ស​មាន​សតិ​មិន​ល្អ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕​ ដោយ​ ៖​ កូឡាប​