Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា បន្ត​គាំទ្រ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ចាត់​ទុក​វិស័យ​នេះ ជា​វិស័យ​សក្ដានុពល​មួយ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​

spot_img

(​ហុងកុង​, ចិន​) ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក​ប៉ាន សូរ​ស័ក្តិ បាន​ធ្វើ​ការពន្យល់​អំពី​គោលនយោបាយ​យុទ្ធសាស្ត្រ និង​ជំហរ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​ជួយ​គាំទ្រ​ឧស្សាហកម្ម​វាយ​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់​នៅ​ក្នុងប្រទេស​កម្ពុជា ដោយ​ចាត់ទុក​វិស័យ​នេះ ជា​វិស័យ​សក្ដានុពល​មួយ រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​ការពន្យល់​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នា​ឱកាស ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ធំៗ មានដូចជា H&M, C&A, Adidas Sourcing, Next Sourcing, Vanity Fair Corporation ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហុងកុង តំណាង​ឱ្យ​អ្នក​បញ្ជា​ទិញ ៣០% នៃ​ឧស្សាហកម្ម​វាយភណ្ឌ​របស់​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ៍ ទី​៦-៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដើម្បី​បង្កើន​ទំនុកចិត្ត និង​ការបញ្ជាទិញ​កាន់តែច្រើន ពី​ក្រុមហ៊ុន​ទាំងអស់នោះ​។​

​នៅក្នុង​ឱកាស​នោះ លោក​ប៉ាន សូរ​ស័ក្តិ បាន​លើកឡើង​អំពី​យុទ្ធសាស្ត្រ​ចតុកោណ គោលនយោបាយ​គាំពារ​វិនិយោគ កាលានុវត្តភាព​ធុរកិច្ច និង​កំណែទម្រង់​ថ្មីៗ​ដែល​បាន​ដាក់ចេញ​ដោយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៨ សំដៅ​លើកកម្ពស់​បរិ​យាស​វិនិយោគ ជា​ពិសេស​ជួយ​សម្រួល​ការធ្វើ​ធុរកិច្ច​របស់​វិស័យ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា​។​

​បន្ថែម​លើ​នេះដែរ លោក​រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​តំណាង​ក្រុមហ៊ុន​ទាំងអស់ អំពី​ការចូលរួម​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​ក្នុង​ការលើកស្ទួយ​វិស័យ​វាយ​ន​ភ​ណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម និង​គោលនយោបាយ​ជាតិ ស្តី​ពី​ការអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រមទាំង​ខ្លឹមសារ​សេចក្តីព្រាង​ច្បាប់​វិនិយោគ​ថ្មី ដែល​កំពុង​ត្រូវបាន​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ឡើងវិញ ដើម្បី​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា ឱ្យមាន​ភាព​ស្របគ្នា​ទៅនឹង​បរិការណ៍​តំបន់​។​

​សូមជម្រាបថា បច្ចុប្បន្ន​ឧស្សាហកម្ម​វាយ​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់​កម្ពុជា បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ៨៥​ម៉ឺន​នាក់ នៅក្នុង​នោះ​ចំនួន​រោងចក្រ​សរុប មាន​ប្រមាណ ១,៥៨៥​ទីតាំង គឺ​បាន​កើនឡើង ៤,១% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ទន្ទឹមគ្នានេះ ការនាំចេញ​ផលិតផល​វាយ​ន​ភ​ណ្ឌ សម្លៀក​បំពាក់ និង​ស្បែកជើង ទៅ​កាន់​ទីផ្សារ​អន្តរជាតិ កាលពី​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់​ជាង ១០​ប៊ី​លាន​ដុល្លារ ដែល​កើនឡើង​ប្រមាណ ២៤,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ នេះ​បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ របស់​ធនាគារជាតិ​នៃ​កម្ពុជា​៕​ ដោយ​ ៖​ កូឡាប​

spot_img
×