Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​សាកលវិទ្យាល័យ​សិន​ចិន ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល និង​កាលានុវត្តភាព​ធុរកិច្ច​កម្ពុជា ដល់​វិនិយោគិន​ចិន​

spot_img

(​សិន​ចិន​)៖ ដើម្បី​ទាក់ទាញ​ការបណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត​ពី​ប្រទេស​ចិន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​សាស្ត្រាចារ្យ បុគ្គលិក​សិក្សា និង​និស្សិត​នៃ​សាកលវិទ្យាល័យ​សិន​ចិន ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល និង​កាលានុវត្តភាព​ធុរកិច្ច​កម្ពុជា ដល់​វិនិយោគិន​ចិន នៅក្នុង​ទីក្រុង​សិន​ចិន​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នា​ឱកាស​អញ្ជើញ​ធ្វើ​ប​ឋ​កថា ស្តីពី «​អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​ការចូលរួម​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ពីង​» ជូន​សាស្ត្រាចារ្យ និង​និស្សិត​ចំនួន ១០០​នាក់ នៅក្នុង​សាកលវិទ្យាល័យ​សិន​ចិន ខេត្ត​ក្វាង​ទុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ ការអនុវត្ត​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​នាំមក​នូវ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច វិនិយោគ ហិរញ្ញវត្ថុ និង​វប្បធម៌ ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក ហើយ​ក្នុងនោះ​កម្ពុជា ក៏​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន ពី​គំនិត​ផ្តួចផ្តើម​នេះ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច ដ៏​រឹងមាំ​របស់​កម្ពុជា និង​បាន​ជម្រាប​ជូន​សាស្ត្រាចារ្យ និង​និស្សិត​ទាំងអស់ អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ព្រមទាំង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ដែល​កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​ទឹកប្រាក់ ៧,៤០០​លាន​ដុល្លារ​អាមេរិក នៅក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា ទៅ​ចិន​មាន​ទំហំ​ទឹកប្រាក់ ១,៣៧៧​លាន​ដុល្លារ​អាមេរិក កើនឡើង ៣៧% និង​នាំចូល​មាន​ទំហំ​ទឹកប្រាក់ ៦,០០០​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង ២៦%​។​

​ជា​ការឆ្លើយតប លោក​សាស្ត្រាចារ្យ Li Qingquan សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​សិន​ចិន បាន​សម្តែង​នូវ​អារម្មណ៍​រំភើប និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ព្រមទាំង​គណៈប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ផ្តល់​កិត្តិយស និង​បាន​ចំណាយ​ពេល​ដ៏​មានតម្លៃ អញ្ជើញ​ធ្វើ​ប​ឋ​កថា​ដ៏​សំខាន់ ជូន​និស្សិត និង​បុគ្គលិក​សិក្សា​ទាំងអស់​។​

​លោក​សាកលវិទ្យាធិការ ក៏​បាន​ជូនពរ លោក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ឱ្យ​សម្រេចបាន​ជោគជ័យ នៅក្នុង​ដំណើរ​បេសកកម្ម​មកកាន់​ប្រទេស​ចិន និង​បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ប្រទេស​កម្ពុជា និង​កាលានុវត្តភាព​ធុរកិច្ច ដល់​វិនិយោគិន​ចិន ជាពិសេស​សហគមន៍​ធុរកិច្ច ដែល​មាន​ការិយាល័យ​កណ្តាល​នៅក្នុង​ទីក្រុង​សិន​ចិន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×