Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផាន អុីមុិច រំលោភ​សាលដីការ​រក្សា​ការពារ​របស់​តុលាការ បូម​ខ្សាច់​ចាក់​ដី​ទំនាស់​នៅ​ភូមិ​អូរអណ្តូង​

spot_img

​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​៨​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រយៈពេល​ជាង​១០​ឆ្នាំ នៅ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជាមួយ​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន អ៊ី​ម៉ិច ដ៏​មាន​ឥទ្ធិពល ​បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី​ម្តងទៀត​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា ២០១៩​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ផាន អ៊ី​ម៉ិច​នេះ បានធ្វើ​សកម្មភាព​បូម​ខ្សាច់ ចាក់​បំពេញ​ដី​ដែល​មាន​ទំនាស់ ដែល​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ​រួចហើយនោះ​។​

ប្រជាពលរដ្ឋ​បាន​លើកដៃ​សំពះ​ពី​ចម្ងាយ​ស្នើសុំ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត មេត្តា​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ ដោយ​ជួយ​ផ្តល់​យុត្តិធម៌​ជូន​ពួកគាត់​ដែល​កំពុង​រងគ្រោះ​នូវ​អំពើ​អយុត្តិធម៌​ផង ។​

ពាក់ព័ន្ធ​ករណី​នេះ លោក រៀល ណា​រិទ្ធ តំណាង​ប្រជាពលរដ្ឋ​៨​គ្រួសារ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី 8 ខែ​ឧសភា​ ឆ្នាំ 2019 ​នេះ​ថា ដីធ្លី​នេះ ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ បាន​ទទួល​ពី​ក្រុម​សាមគ្គី សរុប​ទំហំ​៤​ហិច​តា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ប្រហែល ​៤៤៤០​ ម៉ែត្រការ៉េ និង បាន​ធ្វើ​ការកាន់កាប់​ដោយ​សុចរិត ក្នុង​ឆន្ទះ​ជា​ម្ចាស់​ដី​តាំងពី កំឡុង​ឆ្នាំ​១៩៩៥ មកម្ល៉េះ ។​

តំណាង​ប្រជាពលរដ្ឋ បញ្ជាក់ថា ចាប់តាំងពី​បាន​ធ្វើ​ការកាន់កាប់​មក ពួកគាត់​បាន​ធ្វើ​ការបង្ក​បង្កើន​ផល លើ​ដី​ជាក់ស្តែង ប្រកប​អាជីវកម្ម​ចិញ្ចឹម​ទា និង ដាំ​ដំណាំ​ស្វាយ ចេក ជាដើម ។ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០០៥ ស្រាប់តែ​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដំណាំ និង ផ្ទះ​ដែល​ជា​ទ្រព្យសម្បត្តិ​នៅលើ​ដី ដែល​ពួកគាត់​កំពុង​កាន់កាប់ ។ ស្របពេល​ជាមួយគ្នានេះ ពួកគាត់​ពុំ​មាន​លទ្ធភាព​ក្នុងការ​តតាំង​ឡើយ ដោយហេតុ​ថា នៅ​ពេល​ក្រុមហ៊ុន​ចុះ​មក​ធ្វើការ​ឈូសឆាយ​នោះ មាន​ការប្រើប្រាស់​កងកម្លាំងប្រដាប់អាវុ​ធ ឈរ​ការពារ​។​

លោក រៀល ណា​រិទ្ធ បន្តថា ការរំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច បាន​ធ្វើឲ្យ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ ត្រូវ​បាត់បង់​ទ្រព្យសម្បត្តិ​ដែល​ពួកគាត់​បាន​គ្រប់ គ្រង និង កាន់កាប់ ដោយ​សុចរិត ព្រមទាំង​ជា​ទីកន្លែង​ចាំបាច់​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត​ថែមទៀត​ផង ។​

លោក​បន្តថា ក្រោយពី​មាន​ការតវ៉ា​ទៅ​ស្ថាប័ន​ផ្សេងៗ ក៏ដូចជា​ស្ថាប័ន​តុលាការ​រួច​មក ថ្ងៃទី​១៧ ខែ​ធ្នូ​ឆ្នាំ​២០១៨ លោក​ចៅក្រម​រស់ ពិសិដ្ឋ បាន ទទួល​ចាត់កា​រលើ​សំណុំរឿង​រក្សា​ការពារ​លេខ ៦០០ ចុះ​ថ្ងៃ​ទី ១៧​ធ្នូ​ឆ្នាំ ២០១៨ ដែល​មាន​ភាគី​ម្ចាស់បំណុល​ឈ្មោះ​រៀល ណា​រិទ្ធ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ​និង​ឈ្មោះ ហៀ​ម ដា​រ៉ា​ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ​បាន​ដាក់​ពាក្យ​ស្នើសុំ​ដីកា​សម្រេច​រក្សា​ចុះ​ថ្ងៃទី​១៧ ធ្នូ​ ឆ្នាំ​២០១៨​។​

នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ ឆ្នាំ ២០១៨ តុលាការ​បាន​សម្រេច​ដីកា​សម្រេច ចាត់ចែង​បណ្ដោះអាសន្ន​លេខ ៥០១ ត ចុះ​ថ្ងៃ​ទី ២១​ធ្នូ​ឆ្នាំ ២០១៨ ដែល​បាន​សម្រេច​ចាត់ចែង​ជា​បណ្ដោះអាសន្ន​ហាមឃាត់​កូនបំណុល​ឈ្មោះ​ស៊ុយ​សុផាន​ជា​ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច មិន​ឲ្យ​លក់ដូរ បញ្ចាំ​ដាក់​ធានា ធ្វើ​ប្រទានកម្ម ធ្វើ អច្ច័យទាន​​ធ្វើ​អំណោយ មរតក បង្កើត​ហុ​ី​ប៉ូ​តែ​ក ធ្វើលិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិន​ទាន់​ចុះបញ្ជី​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថ កាយ​យក​អាចម៍ដី​និង​ធ្វើ​សកម្មភាព​ផ្សេងៗ ចំពោះ​ដី​ស្រែ​មាន​ទំនាស់​នេះ​។ ប៉ុន្តែ​នៅ​ដើម នៅ​ដើម​ខែ​មេសា ២០១៩ នេះ​ស្រាប់តែ​ក្រុមហ៊ុន ផាន​អ៊ីម៉ិច ​​បានធ្វើ​សកម្មភាព​បូម​ខ្សាច់​ចាក់​បំពេញ​ទៅលើ​ដី​ដែល​មាន​ទំនាស់​ជាថ្មី​ម្តងទៀត ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការតវ៉ា​ជាថ្មី ។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ទៅ​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន មេត្តា​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ផង​។​

ការលើក​ឡើង​និង​ការចោទប្រកាន់​ពី​សំណាក់​តំណាង​ប្រជាពលរដ្ឋ​ខាងលើ​នេះ​សារព័ត៌មាន​យើង មិន​អាច​ទំនាក់ទំនង​ទៅ​លោក​ស្រី​ស៊ុយ សុផាន​ ​ប្រធាន​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច​ផងដែរ​នៅ​ថ្ងៃ​ទី​៩ ឧសភា​នេះ ដើម្បី​បំភ្លឺ​បានទេ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×