Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័ន​អប់រំ​សហរដ្ឋអាមេរិក​បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​សិស្ស និស្សិត​ច្រើន​ជាង ៤០០ នាក់​

spot_img

​ភ្នំពេញ ​៖ ​អ្នក​តំណាង​ស្ថាប័ន​អប់រំ និង​សាកលវិទ្យាល័យ មកពី​សហរដ្ឋអាមេរិក​បាន​ធ្វើដំណើរ ការ​មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ ៨ ឧសភា ឆ្នាំ ២០១៩ នៅ​សាលា ACE សាខា​ទួល​ទំពូង ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៦​ល្ងាច​។ ជា​រៀងរាល់ឆ្នាំ កម្មវិធី​ពិព័រណ៍​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា និង​បើក​អោយ​សាធារណជន​អាច​ចូលរួម​ដោយ​សេរី មិន​តម្រូវ​អោយ​បង់​ប្រាក់​ទេ​។

​កម្មវិធី​នេះ​បាន​ផ្តល់​ជា​ជំនួយ​ដល់​សិស្ស និស្សិត​ដែល​មាន​បំណង​ចង់​ស្វែងយល់​បន្ថែម​ទៅ​នឹង​ឱកាស​ទៅ​បន្ត​ការសិក្សា​នៅសហរដ្ឋអាមេរិក និង​ធ្វើ​យ៉ាងណា ដើម្បី​ធ្វើអោយ​ឱកាស​នោះ​ក្លាយជា​ការពិត​។​

​កម្មវិធី​ពិព័រណ៍​នេះ​បាន​ផ្តល់ឱកាស​អោយ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ បាន​ជួបពិភាក្សា​ផ្ទាល់ ជាមួយ​ស្ថាប័ន​អប់រំ​សហរដ្ឋអាមេរិក ដើម្បី​ស្វែងយល់​ព័ត៌មាន អំពី​ជម្រើស​សិក្សា គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ទទួលបាន​ការពិគ្រោះ និង​ណែនាំ​ទៅលើ​ជម្រើស​សិក្សា កម្មវិធីសិក្សា​ផ្សេងៗ និង​រួម​ទាំង​ឱកាស​ការងារ ក៏​ដូច​ជា​ព័ត៌មាន អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ​។ ពត៌មាន​ទាក់ទង នឹង​កម្មវិធីសិក្សា​ផ្សេងៗ​ទៀត និង​ព័ត៌មាន​ពី​តម្រូវ​ទិដ្ឋាការ​នានា ក៏បាន​ផ្តល់​ជូន​នៅក្នុង​កម្មវិធី​ពិព័រណ៍​ផងដែរ​។

«​ការចូលរួម​កម្មវិធី​ពិព័រណ៍​ដ៏​ច្រើន​កុះករ ពី​សំណាក់​សាធារណជន នៅក្នុង​ឆ្នាំនេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ជា​ទិសដៅ​សិក្សា ដ៏​ពេញនិយម​មួយ​សម្រាប់​សិស្ស និស្សិត​ក្នុង​ទៅ សិក្សា​នៅ​បរទេស​» យោង​ទៅ​តាម​ប្រសាសន៍​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ​IDP ប្រចាំ​ប្រទេស​កម្ពុជា​។​

ដោយឡែក មន្ត្រី​មណ្ឌល​ប្រឡង IELTS ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម ផ្តល់​ប្រឹក្សា​ពី ការចុះ​ឈ្មោះ​ប្រលង និង​ការត្រៀម​ប្រលង IELTS អ្នក​តំណាង​មកពី មជ្ឈមណ្ឌល​អូស្រា្តលី សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ និង​បាន​ផ្តល់​នូវ​ព័ត៌មាន ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀម​ខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​សហរដ្ឋអាមេរិក​។ ស្របគ្នា​នេះដែរ មជ្ឈមណ្ឌល​តេស្ត​IELTS ប្រចាំ​កម្ពុជា បាន​ដាក់ឲ្យ​ប្រើប្រាស់ សាកល្បង​នូវ​ការប្រឡង​តេស្ត IELTS តាមរយៈ​កុំព្យូទ័រ ដែល​ហៅ​កាត់​ថា IELTS CDI សម្រាប់​សាធារណ​ជន ដែល​ចាប់ អារម្មណ៍​ទៅលើ​តេស្ត​នេះ​។​

«​អ្នក​តំណាង​ដែល​មក ចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍ នៅ​សហរដ្ឋ​អា​មរិក បាន​ជួបពិភាក្សា​ជាមួយ​សិស្ស និស្សិត​ជាង ៤០០ នាក់​ដើម្បី​ជជែក និង​ពិគ្រោះ​ដោយផ្ទាល់ និង​បាន​ផ្តល់​នូវ​ចម្លើយ ទៅកាន់​ចម្ងល់​ជាច្រើន​របស់​សិស្ស ដែល​បាន​ចូលរួម​ទៀតផង​។ លើសពីនេះ អ្នកជំនាញ​ប្រឹក្សា​ការសិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP ក៏​មាន​វត្តមាន​ផ្ទាល់​នៅក្នុង​កម្មវិធី ដែល​ជា​គុណសម្បត្តិ​មួយទៀត សម្រាប់​សិស្ស និស្សិត​ដែល​បាន​អញ្ជើញ​មក​ចូលរួម​» លោក ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ប្រចាំ​ស្ថាប័ន​អប់រំ IDP កម្ពុជា​។​

IDP Education គឺជា​ស្ថាប័ន​ធំ​ជាងគេ​បង្អស់ លើ​ពិភពលោក ដែល​បាន​ដើរតួនាទី ក្នុង​ការបញ្ជូន​សិស្ស​និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូវែល​ហ្សេ​ឡង់ កាណាដា អាមេរិក និង អៀរ​ឡង់ ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។ ការប្រឹក្សា និង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ដែល​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ធ្វើឡើង​ដោយ​ឥតគិតថ្លៃ​។​

​នៅ​ប្រទេស​កម្ពុជា សិស្ស និស្សិត​និង អាណាព្យាបាល អាច​ធ្វើ​ការអញ្ជើញ មក​សាកសួរ​ពត៌មាន​បន្ថែម ទាក់ទង​ការសិក្សា​នៅ​បរទេស នៅ​គ្រប់​ការិយាល័យ​សិក្សា នៅ​បរទេស​របស់​ស្ថាប័ន IDP ផ្ទាល់​ដែល​មាន​ទីតាំង​នៅ​គ្រប់​សាខា នៃ​សាលា ACE ភ្នំពេញ និង​សៀមរាប​៕​ ​ដោយ​៖​កូឡាប​

spot_img
×