Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​រថយន្ត​ក្នុង​ខេត្ត​កំពត​ចំនួន ០៤ លើក ត្រូវ​អស់ល័ក្ខ​

spot_img

​ខេត្ត​កំពត ៖ បន្ទាប់​ពី​នគរបាល​ខេត្ត​កំពត ចាប់ខ្លួន ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​ បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ក្នុង​ខេត្ត​កំពត​ចំនួន ០៤ លើក ហើយ​សមត្ថកិច្ច​បានក​សាង និង​បញ្ជូន​សំណុំរឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​៩​ឧសភា​នេះ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​នៅ​ថ្ងៃទី​៩ ​ឧសភា​នេះ​ បានឲ្យដឹងថា ៖ នៅ​ថ្ងៃ​អង្គារ ០៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ​ឧសភា ឆ្នាំ​២០១៩ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឃាត់ខ្លួន​ឈ្មោះ សុខ វិសាល ហៅ ម៉ាប់​ឬ​នាង ភេទ​ប្រុស ៤០ ឆ្នាំ កំណើត​ភូមិ​ត្រពាំង​ត្រ​កៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ មុនពេល​ចាប់ខ្លួន​ស្នាក់នៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ពី​បទ​លួច​រថយន្ត កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី ០១ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។ (​ម្ចាស់​រថយន្ត​ឈ្មោះ អ៊ុយ សារិទ្ធ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​បាត់​រថយន្ត កាមរី​បា​ឡែន ពណ៌​ទឹកមាស ស៊េរី ២០០៣ ស្លាក​លេខ ភ្នំពេញ 2-AK 5791) ក្រោយ​ចាប់ខ្លួន​ជននេះ​បាន​សារភាពថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ក្នុង​ខេត្ត​កំពត​ចំនួន ០៤ លើក គឺ ៖

លើក​ទី​១ ៖ នៅ​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ​២០១៩ លួច​រថយន្ត​ចំនួន ០២ គ្រឿង នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ។​ លើក​ទី​២ ៖ នៅ​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លួច​រថយន្ត​ហាយ​ឡែន​ឌ័​រ នៅ ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។ លើក​ទី​៣ ៖ នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ​២០១៩ លួច​រថយន្ត​បា​ឡែន នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរជ័យ និង​លើក​ទី​៤ ៖ នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០១៩ លួច​រថយន្ត​បា​ឡែន នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ។​

​ដោយឡែក​នៅ​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ​២០១៩ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់ ខេត្តតាកែវ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សុះ តាំ ភេទ​ប្រុស កើត​ឆ្នាំ ១៩៧៥ កំណើត​ភូមិ​បត់​កណ្តោល ឃុំ​បត់​កណ្តោល ស្រុក​បាកាន ខេត្ត​ពោធិសាត់ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ (​ចាប់ខ្លួន​នៅ​កាស៊ីណូ​ភ្នំ​ដិន ស្រុក​គីរីវង់ ខេត្តតាកែវ​) ។ ជននេះ​បាន​ឆ្លើយ​សារភាព​ថា បាន​ចូលរួម​លួច​រថយន្ត​នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក កាលពី​យប់​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ​២០១៩ ។

​សូមបញ្ជាក់​ថា ជនសង្ស័យ​ទាំង​ពីរ​នេះ បាន​លួច​រថយន្ត​តាម​ខេត្ត​ផ្សេង​ទៀត​ជាច្រើន​គ្រឿង ។​

ជនសង្ស័យ​ទាំង​ពីរ​នាក់ សមត្ថកិច្ច​បាន​កសាង និង​បញ្ជូន​សំណុំរឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ​ ៖ ​កូឡាប

spot_img
×