Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នាំ​ចេញ​ចេកអំបូង​លឿង ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន

spot_img

​ភ្នំពេញ ​៖ ប្រទេស​កម្ពុជា បាន​ទទួល​ការអនុញ្ញាត​ជា​ផ្លូវការ នាំចេញ​ចេកអំបូង​លឿង ទៅកាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​ហើយ ដោយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន​០៥ ដែល​គោរព​បាន តាម​លក្ខខណ្ឌ​ច្បាប់ និង​បច្ចេកទេស ហើយ​អាច​ធ្វើ​ការនាំចេញ ចេក​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​លើក​ទី​១ បាន​ចំនួន ជាង​១០០​តោន​នា​ថ្ងៃនេះ​។​

​ពិធី​ប្រកាស​ជា​ផ្លូវការ នាំចេញ​ចេកអំបូង​លឿង ទៅកាន់​ប្រទេស​ចិន នៅថ្ងៃនេះ ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតីភាព​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច ប្រចាំ​ស្ថានទូត សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន ហ៊ុន ទី ស្ថិត​នៅ​ខណ្ឌ​សែន​សុខ មាន​រៀបចំ​ពិធី​សម្ភោ​ធ​ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ក្រោម​អធិបតីភាព​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក លី អាន​ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ មាន​ក្រុមហ៊ុន​ទាំង​០៥ ដែល​ទទួលបាន​គោលការណ៍ អនុញ្ញាត​នាំ​ផ្លែ​ចេក ទៅ​ប្រទេស​ចិន​។​

​លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​រាយការណ៍​អំពី​ផលិតកម្ម​ចេកអំបូង​លឿង ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​នៅ​អន្តរជាតិ ហើយ​កំពុង​ត្រៀម​រៀបចំ ធ្វើ​ការនាំចេញ​ជា​បន្តបន្ទាប់ នា​ចាប់ពីពេលនេះ​តទៅ​។ ក្រៅពីនេះ លោក​ក៏​បាន​បញ្ជាក់​ដោយ​សង្ខេប ពី​ដំណើរការ​នៃ​ការចរចារ​ជា មួយ​ភាគី​ចិន​អំពី​នីតិវិធី បែបបទ ឯកសារ​ចាំបាច់​សំខាន់ៗ​ទាំង​ច្បាប់ និង​បច្ចេកទេស ជាពិសេស​ឯកសារ​អនាម័យ និង​ភូតគាម​អនាម័យ​មុន​ឈាន ទៅ​ចុះហត្ថលេខា​លើ​អនុស្សរណ​:​នៃ​ការ​យោគ យល់​គ្នា​កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៨ ស្តី​ពី​ការនាំ​ចេក​ស្រស់​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​។​

​បន្ទាប់ពី​លោក លី អាន បាន​ថ្លែង​សាទរ និង​វាយតម្លៃ ចំពោះ​ពិធី​សម្ពោធ ការនាំ​ចេញ​ផ្លែ​ចេក​ស្រស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដែល​រៀប ចំ​ដោយ កិច្ចសហការ​រវាង​ក្រសួង ជាមួយ​ស្ថានទូត​ចិន​នាពេលនេះ​។

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ដោយ​អនុវត្ត​តាម​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​២០១៩-២០២៣ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ជាពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ ក្រសួង​ដែល​មាន​អគ្គនាយកដ្ឋាន​កសិកម្ម ជា​សេនាធិការ បាន​ខិតខំ​ពុះពារ​គ្រប់បែបយ៉ាង ក្នុង​ឆន្ទ​:​ច្បាស់លាស់ គឺ​ធ្វើ​យ៉ាងណា​នាំ​កសិផល​កម្ពុជា ឲ្យបាន​ចូលក្នុង​ទីផ្សារ​អន្តរជាតិ ហើយ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយកដ្ឋាន​កសិកម្ម និង​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន ទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ ជាក់ស្តែង​គឺ​ថ្ងៃនេះ​។ ពិត​ណាស់​លទ្ធផល​នេះ មិន​អាច​កាត់ផ្តាច់​បាន ពី​កិច្ចសហប្រតិបត្តិការ យ៉ាង​ល្អប្រសើរ​រវាង​ភាគី​ទាំងពីរ ក្នុង​ការចរចា ការឧបត្ថម្ភ គាំទ្រ​ទាំង​ច្បាប់ និង​បច្ចេកទេស​ពី​ភាគី​ចិន ធ្វើ​យ៉ាងណា​ដើម្បី​នាំ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ចូលទៅ​ក្នុង​ទីផ្សារ​ចិន ហើយ​ទីបំផុត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម​អគ្គរដ្ឋទូត សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឈាន​ដល់​ការចុះ ពិធីសារ​ស្តីពី​ការអនុញ្ញាត ឲ្យ​កម្ពុជា​អាច​នាំ​ចេកអំបូង​លឿន ទៅកាន់​ប្រទេស​ចិន​។ ក្នុងចំណោម​១០ ក្រុមហ៊ុន ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​គោ​ការណ៍ អនុញ្ញាត​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់ មាន​តែ​ក្រុមហ៊ុន​ចំនួន​០៥ មាន​ក្រុមហ៊ុន​សុវណ្ណ​រាជ​សី ឡុង​ស្រេង​ហ៊ុយ​ជៀន ហ្គែ​ន​ឡែ​ន ហ្គ្រី​នអាយ​ឡែន និង​ក្រុមហ៊ុន​ឡង​មេ​ត ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់ និង​បច្ចេកទេស ហើយ​អាច​ធ្វើ​ការនាំចេញ ចេក​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​លើក​ទី​១ បាន​ចំនួន​ជាង​១០០​តោន​នា​ថ្ងៃនេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​រំឭក​ជូន​អង្គពិធី​ជ្រាប​ផងដែរ​ថា ពិធី​នា​ថ្ងៃ​នេះ​ស្របពេល​ដែល​ប្រទេស​ទាំង​ពីរ​ត្រៀម​រៀបចំ​ពិធី​រំលឹក​ខួប​លើ​ទី​៦១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត ដែល​ភាគី​ទាំងពីរ​បាន​កំណត់​ថា “​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​” ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​កម្ពុជា​-​ចិន ដែល​ភាគី​ទាំងពីរ​បាន ចុះហត្ថលេខា​តាំងពី​នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ទីក្រុង​ប៉េកាំង​។ ជា​ការពិត ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​នេះ បាន​ផ្តល់​នូវ​ផល ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា តាមរយ​:​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និង​ការវិនិយោគ​។​ល​។ សមិទ្ធផល​ទាំងអស់នេះ​បាន និង​កំពុង​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិឲ្យមាន​និរន្តរភា​ព​។

​លោក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ឲ្យមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា ទូលំទូលាយ និង​ស៊ីជម្រៅ ដោយ​យក​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដើម្បី​អនាគត​ដ៏​ភ្លឺស្វាង​របស់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​៕​ ដោយ ​៖​ កូឡាប​

spot_img
×