Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ មិន​ចោទប្រកាន់ លោក​សុខ ទូច​

spot_img

​ភ្នំពេញ ​៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មិនទាន់​ចោទប្រកាន់ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា នោះទេ បន្ទាប់ពី​លោក​បាន​ចូល​បំភ្លឺ​រឿងក្តី ពាក់ព័ន្ធ​នឹង​បណ្ដឹង​គណបក្ស​ខ្មែរ​ក្រោក​ទាក់ទង​បញ្ហា​កោះត្រល់ ខណៈ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ក្រោក បាន​សម្តែង​នូវ​ការ​អស់សង្ឃឹម​ចំពោះ​ការអត្ថាធិប្បាយ​របស់​លោក​បណ្ឌិត​សុខ​ទូច ដែល​ធ្វើឲ្យ​មហាជន​យល់ច្រលំ មកលើ​យុទ្ធនាការ​របស់​គណបក្ស​ខ្មែរ​ក្រោក​។​

បន្ទាប់​ពី​បញ្ចប់​ការសាកសួរ​របស់​តុលាការ លោក​លោក​សុខ​ទូច​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ខាង​ក្រៅ​របង​តុលាការក្រុង​ភ្នំពេញ​ថា លោក​សម្រេច​មិន​ប្តឹង​បក​ទៅកាន់ គណបក្ស​ខ្មែរ​ក្រោក​នោះទេ ប៉ុន្តែ​បើ​បក្ស​នេះ​ប្តឹង​បន្ត​ទៀត​លោក​ស្វាគមន៍​ជានិច្ច​។​

​លោក សុខ ទូច បាន​ចាត់ទុកថា ការប្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​មក​លើ​រូប​លោក​នោះ មិន​ត្រឹមត្រូវ​ទេ ដោយសារ​លោក​ក៏​ជា​មន្ត្រី​រាជរដ្ឋាភិបាល ដែល​ផ្តល់​ធាតុ​ចូលទៅ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​អ្វី​ដែល​លោក​មាន​ទស្សនៈ​ជំទាស់​ទៅ​នឹង​ការប្រកាស​ដើរ​ប្រមូល​ស្នាម​មេដៃ​ទាមទារ​យក​កោះត្រល់ របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដោយសារ​តែ​សកម្មភាព​នេះ មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ខុស​នឹង​ច្បាប់​អន្តរជាតិ​។​

​លោក សុខ ទូច អះអាងថា លោក​មិន​ប្តឹង​បក​ទៅ​គណបក្ស​ខ្មែរ​ក្រោក​វិញ​ឡើយ ដោយសារតែ​លោក​មិន​ចូល​ចិត្ត​នូវ​ការ​ប្តឹងផ្តល់​នេះ​។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ទាំង​ទិដ្ឋភាព​ច្បាប់ នយោបាយ សង្គម និង​សច្ចធម៌ ទាំង​៤​នេះ​គឺ (​គណបក្ស​ខ្មែរ​ក្រោក​ប្តឹង​) មិន​ត្រូវ​ទាំងអស់ ខ្ញុំ​មិន​ប្តឹង​ត​ទេ តែ​បើសិនជា​គណបក្ស​ខ្មែរ​ក្រោក​បន្ត​ប្តឹង​ខ្ញុំ​នឹង​ស្វាគមន៍​»​។​

​ទោះបីជា​យ៉ាងណា​ពាក់ព័ន្ធ​ករណី​នេះ លោក​អនុប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក ម៉ាក ធី​បុត្រ បាន​ឆ្លើយតប​ទៅ​នឹង​លោក បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិតសភា ៖ សុំ​កុំ​ធ្វើការ​បន្លប់​អង្គហេតុ ចំពោះ​យុទ្ធនាការ​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់ គណបក្ស​ខ្មែរ​ក្រោក​ធ្វើ​ការផ្ដួចផ្ដើម​តាម​ការចង់បាន​របស់​មហាជន ដោយយោង និង​ពិនិត្យ​លើ រដ្ឋធម្មនុញ្ញ​មាត្រា​៩២ ដែល​ប្រមូល​ស្នាម​មេដៃ​ដាក់​ញត្តិ​អោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សារ​ឡើងវិញ​។

​សុំ​មេត្តា​កុំ​បន្លប់​អង្គច្បាប់ ចំពោះ​ការប្ដឹង​លើ​លោក​បណ្ឌិត​សុខ​ទូច គឺ​គណបក្ស​ប្ដឹង​ពី​បទ ញុះញង់​ឲ្យមាន​ការរើសអើង និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​នៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ យោង​លើ​ពាក្យបណ្ដឹង​ផ្លូវការ​លេខ ០៦៨/១៨ គ​ខក តែ​គណបក្ស​បាន​ឃើញ​តុលាកា​ចេញ​ដីកា​កោះ​អញ្ជើញ​លោក​បណ្ឌិត សុខ ទូច អោយ​បំភ្លឺ​ពី​បទ​កុបកម្ម​ទៅវិញ​។

​លោក​អនុប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​បន្ថែមថា ខ្ញុំបាទ​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​របស់​គណបក្ស​ខ្មែរ​ក្រោក​អស់សង្ឃឹម​ចំពោះ​តុលាការ​ដែល​ធ្វើការ​ធ្វេសប្រហែស​នាំ​អោយ​មហាជន​យល់ច្រឡំ​ចំពោះ​បណ្ដឹង​នេះ និង​អស់សង្ឃឹម​ចំពោះ​ការអត្ថាធិប្បាយ​របស់​លោក​បណ្ឌិត​សុខ​ទូច​ដែល​ធ្វើឲ្យ​មហាជន​យល់ច្រលំ​មកលើ​យុទ្ធនាកា​ររបស់​គណបក្ស​ខ្មែរ​ក្រោក ៕ ដោយ ៖ កូឡាប​

spot_img
×