Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជូន​យុវជន​បន្សាប​គ្រឿងញៀន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បានរៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​យុវជន​មួយចំនួន ដែល​កំពុង​ទទួល​ការអប់រំ​បន្សាប​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន នា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ​។​

​ទាក់ទិន​បញ្ហា​នេះ លោក​វរសេនីយ៍ទោ ហ៊​ត សីហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន របស់លោក មាន​យុវជន​រងគ្រោះ ដោយ​គ្រឿងញៀន​កំពុង​ទទួល​ការអប់រំ និង​បន្សាប​មាន​ចំនួន ៩៧​នាក់​។

​លោក​ថា យុវជន​ទាំងអស់គ្នា​នោះ​ក្រោម​ការជួយ​ទំនុកបំរុង​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មូលដ្ឋាន​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ​។​

​លោក ហ៊​ត សីហា បន្តថា ចំពោះ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ខាងលើនេះ បានរៀបចំ​ដោយ​វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន សហការ​ជាមួយ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន ដែល​រងគ្រោះ​ពី​គ្រឿងញៀន ឲ្យ​ពួកគេ​មាន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ សម្រាប់​ប្រក​បរបរ​ចិញ្ចឹមជីវិត ក្រោយពេល​ពួកគេ ធ្វើ​សមាហរណកម្ម​វិលត្រឡប់​ទៅ​រួមរស់​ជាមួយ​ក្រុមគ្រួសារ​វិញ​។​

​ចំណែក លោក ប៊ូ សំអាត ប្រធាន​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា -​ចិន បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​មានដូចជា​៖ ជំនាញ​ត​បណ្តាញអគ្គីសនី​, ជួសជុល​រថយន្ត​, ជួសជុល​កំ​ព្យួ​ទ័​រ​, ផ្សារ​ដែក និង​ជួសជុល​ម៉ាស៊ីនត្រជាក់​ជាដើម​។ វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​៤​ខែ ដោយ​ចាប់​សិក្សា​រៀនសូត្រ ចាប់ពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​នេះ​តទៅ​។​

​លោក ហ៊​ត សីហា មេបញ្ជាការ​កងេជ​អាវុធហត្ថ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា យុវជន​បន្សាប​គ្រឿងញៀន ដែលជា​សិក្ខាកាម ហើយ​ត្រូវ​មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​លើក​នេះ​មាន​ចំនួន ៤៥​នាក់ ដោយ​ជ្រើសរើស​ពី​ក្នុងចំណោម​យុវជន​បន្សាប​គ្រឿងញៀន ទាំង​៩៧​នាក់ ដែល​កំពុង​អប់រំ​បន្សាប​គ្រឿងញៀន នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ​។ ហើយ​ថា ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ ក៏មាន​វត្តមាន​អាណាព្យាបាល​យុវជន​ទាំងអស់នោះ​បានមក​ចូលរួម​ផងដែរ​៕ ដែន សីមា​

spot_img
×