Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គយ​ចល័ត និង​សាខាគយ​ខេត្ត​ព្រះសីហនុ ចាប់​រថយន្ត​ស៊េរី​ទំនើប​នាំចូល​អត់​បង់ពន្ធ​ជិត ​៥០​ គ្រឿង​មក​ផាកពិន័យ​!

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​គយ​ចល័ត​តំបន់​៣ ផ្លូវជាតិ​លេខ​៤ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ជាមួយ​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ព្រមទាំង​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ចាប់​រថយន្ត​ស៊េរី​ទំនើប​ចង្កូត​ឆ្វេង ១​គ្រឿង​ទៀត ដែល​នាំចូល​អត់​បង់ពន្ធ ហើយ​ធ្វើ​ចរាចរណ៍​តាមផ្លូវ នា​ក្រុងព្រះសីហនុ​។​

​មន្ត្រី​គយ​ឲ្យ​ដឹងថា ​រថយន្ត​ស៊េរី​ទំនើប​ចង្កូត​ឆ្វេង ១​គ្រឿង​នេះ ម៉ាក ALPHARD ផលិត​ឆ្នាំ​២០១៥ និង​ពាក់​ស្លាក​លេខ​បន្លំ (​ខេមរភូមិន្ទ 02-4866) ដែល​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងការពារជាតិ​នោះទេ​។​

​ប​ច្ច​ប្បន្ន​រថយន្ត​អត់​បង់ពន្ធ​ខាងលើនេះ ត្រូវ​សមត្ថកិច្ច​គយ នាំទៅ​រក្សាទុក​នៅ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​គយ​។​

​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា សកម្មភាព របស់​មន្ត្រី​គយ​ចល័ត និង​មន្ត្រី​សាខាគយ​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ឃាត់​ចាប់​រថយន្ត​នាំចូល​មិន​បង់ពន្ធ​ជា​បន្តបន្ទាប់​មកនេះ គឺធ្វើឡើង​តាម​ការណែនាំពី​ថ្នាក់ដឹកនាំ​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា និង​អនុវត្តតាម​ការចង្អុល​បង្ហាញ របស់​គណៈបញ្ជាការ​ឯកភាព នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​លោក ទុំ ណូ បញ្ជាក់ថា ចំពោះ​សកម្មភាព របស់​មន្ត្រី​គយ និង​រដ្ឋាករ​ខាងលើនេះ គឺ​មួយផ្នែក​ដើម្បី​ប្រមូលប្រាក់​ពន្ធ​រក​ចំណូល​ចូល​រដ្ឋ និង​មួយផ្នែក​ទៀត គឺជា​យុទ្ធនាការ ឈានទៅ​ជម្រុញ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ងាក​ចូលរួម​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​

​កាលពី​ថ្ងៃទី​៩ ខែឧសភា​ម្សិលមិញ​នេះ មន្ត្រី​គយ ចល័ត និង​សាខាគយ ខេត្ត​ព្រះសីហនុ ក៏បាន​ចុះ​ចាប់​រថយន្ត​សេរី​ទំនើប​ចង្កូត​ស្តាំ ១​គ្រឿង​ដែរ ម៉ាក ALPHARD ផលិត​ឆ្នាំ​២០១៦ ពាក់​ផ្លាកលេខ​បន្លំ (​ខេមរភូមិន្ទ 02- 2.9879) ដែល​គ្មាន​ការទទួលស្គាល់ ពី​ក្រសួងការពារជាតិ​។​

មន្ត្រី​គយ​ឲ្យ​ដឹងថា ចំពោះ រថយន្ដ​ល្មើស​ខាងលើ ត្រូវបាន​គយ​ចល័ត​តំបន់​៣ ផ្លូវជាតិ​លេខ​៤ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ចុះ​ចាប់​នៅមុខ​ផ្ទះសំណាក់ ស​ឌី​នី មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ទល់មុខ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​គយ​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រថយន្ត​សេរី​ទំនើប​ថ្មីៗ ប្រភេទ​ចង្កូត​ស្តាំ គឺ​ច្បាប់​កម្ពុជា បាន​ហាមឃាត់​មិន​ឲ្យ​មានការ​នាំចូល​ទៀត​ទេ​។ ហើយ​ថា ករណីនេះ សមត្ថកិច្ច​បាន​រឹបអូស​យក​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​គួររំលឹកថា នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ចុងឆ្នាំ​២០១៨ រហូតមក​ត្រឹម​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​នេះ មន្ត្រី​គយ និង​រដ្ឋាករ បាន​ចាប់​រថយន្ត​សេរី​ទំនើបៗ ទាំង​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ​ជិត ៥០​គ្រឿង ដើម្បី​កម​មក​ផាកពិន័យ ព្រោះ មិនបាន​បង់ពន្ធ​គយ​នាំចូល​ទេ​។​

​ត្រង់ចំណុច​នេះ លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ចំពោះ​រថយន្ដ​អត់​បង់ពន្ធ​នាំចូល​ខាងលើនេះ ត្រូវ​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​មន្ត្រី​គយ​ច​ល័យ​តំបន់​៣ ផ្លូវជាតិ​លេខ​៤ និង​សហការ​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ដទៃទៀត ចុះ​ឃាត់​ចាប់​ជា​បន្តបន្ទាប់ នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។​

​លោក ទុំ ណូ បន្តថា ការចាប់​ឃាត់​រថយន្ត​អត់​បង់ពន្ធ​ខាងលើនេះ ចំពោះ​ប្រភេទ​រថយន្ត​ចង្កូត​ឆ្វេង គឺ​បានអនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ទាំងនោះ ចូលខ្លួន​មក​បំពេញបែបបទ ដើម្បី​បង់ប្រាក់​ផាកពិន័យ​ផង និង​បង់ពន្ធ​នាំចូល​ឲ្យ​ស្របតាម​ច្បាប់​គយ​ផង មុននឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​នាំយក​រថយន្ដ​ទាំងនោះ​ត្រឡប់​ទៅវិញ​។ ប៉ុន្តែ​ដោយឡែក ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​គឺ​ត្រូវ​រឹបអូស​មក​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ​៕ ដែន សីមា​

spot_img
×