Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្មែរ នៅលើ​ទឹកដី​ចិន ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​

spot_img

(​សាន​ទុង​, ចិន​) ៖ លោក​ប៉ាន សូរ​ស័ក្តិ បាន​ស្នើ​លោក​ស្រី ចាង យ៉ាម៉ី ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា ធ្វើការ​ដាក់តាំង​បង្ហាញ​ផលិតផល​ខ្មែរ ឱ្យបាន​អតិបរមា ដើម្បី​ទាក់ទាញ​ការបញ្ជា​ទិញ​ពី​ទីផ្សារ​ប្រទេស​ចិន និង​ជំរុញ​ការនាំ​ចេញ​ផលិតផល​ជាតិ​ ។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​ទីក្រុង​យាន​ថា​យ ខេត្ត​សាន​ទុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​មាន​ការចូលរួម​ពី​គណៈប្រតិភូ​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ ប្រមាណ​ជាង ២០​រូប​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ គឺជា​ច្រក​ទ្វារ​មួយ​សម្រាប់​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​វិនិយោគិន​ចិន នៅក្នុង​ខេត្ត​សាន​ទុង និង​ខេត្ត​ដទៃទៀត នៃ​ប្រទេស​ចិន ដែល​មាន​បំណង​ទស្សនា ឬ ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។​

​បន្ទាប់មក លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​អញ្ជើញ​ការងារ​ជាមួយ លោក ចាង តៃលីង អភិបាលរង​ក្រុង​យាន​ថា​យ នៅ​សណ្ឋាគារ Golden Gulf នា​ទីក្រុង​យាន​ថា​យ ដើម្បី​ស្វែងរក​យន្តការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ទីក្រុង​យាន​ថា​យ ប្រទេស​ចិន​។ លោក​អភិបាលរង​ក្រុង បាន​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ទីក្រុង​យាន​ថា​យ ក្នុង​រយៈពេល ៧​ឆ្នាំ​ចុងក្រោយ (២០១១-២០១៨) ដែល​មាន​កំណើន ៥០០​ដង​។

​លោក​ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ លោក ចាង តៃលីង ដែល​បាន​គាំទ្រ​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​ទីក្រុង​យាន​ថា​យ និង​បាន​ជម្រាបជូន​លោក​អភិបាលរងក្រុង អំពី​សក្តានុពល​ប្រទេស​កម្ពុជា ព្រមទាំង​កាលានុវត្តភាព​ធុរកិច្ច និង​គោលនយោបាយ​គាំពារ​វិនិយោគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមព​រលោក​អភិបាលរងក្រុង ជួយ​ជំរុញ​វិនិយោគិន​ចិន ចូល​ទៅ​បណ្តាក់ទុន​ថែម​ទៀត​នៅ​កម្ពុជា​។

​នៅ​រសៀល​ថ្ងៃ​ដដែល លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បន្ត​ដំណើរ​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី រិន អាយ​រ៉ុង អភិបាលរង​ខេត្ត​សាន​ទុង នៅ​សណ្ឋាគារ​សាន​ទុង ក្នុង​ទីក្រុង​ជី​ណាន​។ នៅក្នុង​ជំនួប លោកស្រី​អភិបាលរង​ខេត្ត បាន​ស្វាគមន៍​គណៈប្រតិភូ​កម្ពុជា និង​បាន​ជម្រាបជូន​អំពី​ប្រវត្តិ​ខេត្ត​សាន​ទុង និង​ចំនួន​ក្រុមហ៊ុន​នៃ​ខេត្ត​សាន​ទុង ដែល​បាន​កំពុង​ធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​ស្រីរិន អាយ​រ៉ុង ក៏​បាន​ស្នើ​សុំ​លោក​រដ្ឋមន្ត្រី ជួយ​គាំទ្រ​គម្រោង​របស់​វិនិយោគ​របស់​ខេត្ត​សាន​ទុង លើ​ការបង្កើត​សួន​ឧស្សាហកម្ម និង​គ្រឿង​ម៉ាស៊ីន នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការគាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ និង​បាន​ថ្លែងអំណរគុណ លោកស្រី រិន អាយ​រ៉ុង ដែល​កន្លងមក​បាន​ខិតខំ​ជំរុញ​វិនិយោគិន​ខេត្ត​សាន​ទុង ឱ្យ​ចូល​ទៅ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា រហូតដល់ ១១២​ក្រុមហ៊ុន​។ លោក​រដ្ឋមន្ត្រី បាន​សន្យា​ជួយ​សម្របសម្រួល​ធុរកិច្ច ដល់​វិនិយោគិន​ខេត្ត​សាន​ទុង​ទាំងអស់ និង​បាន​សំណូមពរ លោកជំទាវ​អភិបាលរង​ខេត្ត ជួយ​ជំរុញ​ពាណិជ្ជករ​ចិន ធ្វើ​ការទិញ​កសិផល​ពី​កម្ពុជា​ឱ្យបាន​អតិបរិមា ដូចជា អង្ករ ស្វាយ ដំឡូង​មី មៀន ចេក និង​ផលិតផល​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×